គម្រោង​រក្សាទុក និង​ថែរក្សា​ឯកសារ​ ​សម័យ​ខ្មែរក្រហម និង​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សម្ពោធ​ជា​ផ្លូវការ​

ភ្នំពេញ: ​គម្រោង​សន្តិសុខ​ទិន្នន័យ ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​ម​ជ្ឈ​មណ្ឌល​ឯកសារ​​កម្ពុជា (DC-CAM) ក្រុមហ៊ុន អី​ហ្សី​ខម (EZECOM) និង​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ត្រូវ​​បាន​សម្ពោធ​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។​
 
កិច្ច​ផ្តួចផ្តើម​រួមគ្នា​នេះ នឹងចូលរួម​ចំណែក​ថែរក្សា និង​ប្រមូលផ្តុំ​ឯកសារ​សម័យ​ខ្មែរក្រហម ជាមួយនឹង​ប្រព័ន្ធ​​មាន​សុវត្ថិភាព​ថ្មី​មួយ ដែល​នឹង​អនុញ្ញាតអោយ​សាធារណៈជន​កាន់តែច្រើន ចូល​មើល​ឯកសារ​ទាំងនេះ​បាន​។​
 
លោក អេង កុក​ថៃ អគ្គនាយករង​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ន​បណ្តុំ​ឯកសារ​អំពី​របប​ខ្មែរក្រហម រួមមាន រូបភាព និង​រូបថត​ជាង ១​ម៉ឺន​១​ពាន់​សន្លឹក ព្រមទាំង​ឯកសារ​ជាង ៨៩ ម៉ឺន​ទំព័រ​។ បន្ថែម​ពីនេះ នៅមាន​ឯកសារ​ផ្សេងទៀត​ជាច្រើន ដែល​កំពុង​រៀបចំ​​បញ្ចូល​ទៅក្នុង​បណ្តុំ​ឯកសារ​។ កាលពីមុន​ពុំមាន​វិធីសាស្ត្រ ដែលមាន​សុវត្ថិភាព​ភាព​ខ្ពស់​ក្នុង​ការរក្សា​ទិន្នន័យ និង​ឯកសារ​ទាំង​អស់នេះ​ទេ​។ ដូ​ច្នះ​បើ​មាន​ហានិភ័យ​​កើតឡើង យើង​អាច​បាត់បង់​ទិន្នន័យ​​ទាំងអស់​ក៏​ថា​បាន​។ តែ​ឥឡូវ​ជាមួយ​នឹង​គម្រោង​នេះ ឯកសារ​ទាំងអស់​នឹង​ត្រូវបាន​រក្សាទុក​យ៉ាង​មាន​សុវត្ថិ​​ភាព​។​

​លោក​បាន​បន្តថា ក្រោយ​ការ​ស្រាវ​​ជ្រាវ​ប៉ុន្មាន​ទសរ​ត្ស​រ៍​មកនេះ ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា  បាន​ប្រមូលផ្តុំ​ឯកសារ​រូបភាព និង​ចម្លើយ​កសិណ​ ​សាក្សី​សរុប​រាប់ពាន់​ក្បាល​ពី​សម័យ​​​ខ្មែរ​ក​ហរ​ហម និង​ពី​ជនរងគ្រោះ​ ដែល​​រួច​រស់​ជីវិត​ពីរ​បប​ខ្មែរក្រហម​។ ជាមួយនឹង​គម្រោង​នេះ ប្រព័ន្ធ​រក្សា​​ទុក​ឯកសារ​ជា​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​​មួយ នឹងត្រូវ​បង្កើតឡើង​ដោយ​ត​ភ្ជាប់​​ទៅកាន់​ម៉ាស៊ីន​មេ (Server) ច្រើន​​នៅ​ទីតាំង​មាន​សុវត្ថិភាព​ផ្សេងៗ​គ្នា​ដើម្បី​ធានាថា រាល់​ទិន្នន័យ និង​ឯកសារ​ត្រូវបាន​រក្សាទុក​ដោយ​សុវត្ថិភាព​
​គ្រប់ពេលវេលា​ទាំងអស់​។​

លោកស្រី Rebecca Black ប្រធាន​បេ​ក​កម្ម​ទីភ្នាក់ងារ USAID ប្រចាំ​កម្ពុជា បានមានប្រសាសន៍ថា​ ​ជាមួយនឹង​បទពិសោធន៍​ទូទាំង​ពិភព​​លោក ក្នុងករណី​សោកនាដកម្ម និង​អំពើ​ឃោរឃៅ​ដូចជា អំពើ​ប្រល័យពូជសាសន៍​ជាដើម ការយល់ដឹង​ និង​ចូលរួម​ពី​សាធារណជន គឺជា​មធ្យោបាយ​តែមួយគត់​ដែល​អាច​ធានាបាន​នូវ​សន្តិភាព ការផ្សះផ្សា ការសម្រួល​​ចិត្ត​ពី​រឿងរ៉ាវ​ជូរចត់​ក្នុង​ប្រវត្តិសាស្ត្រ​
​បែបនេះ​។​

លោក Paul Blanche-Horgan អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម បច្ចេកវិទ្យា​ស្នូល​នៃ​ប្រព័ន្ធ​រក្សាទុក​ទិន្នន័យ​នេះ គឺ​ការប្រើប្រាស់​បច្ចេកវិទ្យា colocation និង​ការបង្កើត​ការតភ្ជាប់ domestic VPN ទៅកាន់​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម ។
​សម្រាប់​ការងារ​ជួសជុល​ថែទាំ​ប្រព័ន្ធ និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស គឺ​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម ជា​អ្នកទទួលខុសត្រូវ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ ដោយ​អាច​បន្ត​បន្ថែមទៀត អាស្រ័យ​តាម​ការចរចា​នាពេល​អនាគត ។​

​លោក​Paul Blanche-Horgan បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ “​យើង​ជឿថា​បច្ចេកវិទ្យា​គប្បី​អភិវឌ្ឍ ស្របតាម​កា​វិ​វ​ឌ្ឍ​របស់​សង្គម ជួយ​ជំរុញ​ការអភិវឌ្ឍ​ប្រទេស និង​ការលើកទឹកចិត្ត​ឲ្យ​មានការ​ច្នៃប្រឌិត​ថ្មីៗ ។ ការប្តេជ្ញាចិត្ត​ចំពោះ​ការប្រើប្រាស់​បច្ចេកវិទ្យា ក្នុង​គោលបំណង​ជួយ​ធ្វើ​ឲ្យ​សង្គម​រីកចំរើន គឺជា​ផ្នែក​នៃ​រាល់​កិច្ចការងារ​របស់​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម​។ ហេតុនេះហើយ ទើប​យើង​រីករាយ​ក្នុងការ​ចូលរួម​សហកា​រ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ដៃគូ​ផ្សេងទៀត​ក្នុង​គម្រោង​នេះ ។​”

​ថវិកា​ចំណាយ​ក្នុង​គម្រោង​នេះ​សរុប​ជិត ៥​ម៉ឺន ដុល្លារ​អាមេរិក ដោយមាន​ការចូលរួម​ចំណែក​ធនធាន ពី ភាគី​ទាំងបី គឺ​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខម មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​គម្រោង Development Innovations ដែល​ទទួល​ថវិកា​ឧបត្ថម្ភ​ពី USAID សម្រាប់​គម្រោង​នេះ​។​

​លោក ថេ​ង វិបុល ប្រធាន​កម្មវិធី​ភាពជា​ដៃគូ​របស់​គម្រោង Development Innovations បាន​និយាយថា​៖ “​ជាមួយនឹង​គម្រោង​នេះ​ទីភ្នាក់ងារ USAID ចង់​ជួយ​អភិរក្ស​ឯកសារ​ដ៏​មានតម្លៃ ពី​សម័យ​ខ្មែរក្រហម សំដៅ​ជំរុញ​ការផ្សះផ្សា ក៏ដូចជា​រួមចំណែក​ប​ង្កើ​ន​លទ្ធភាព​ទទួលបាន​ព័ត៌មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ យើង​សង្ឃឹមថា​តាមរយៈ​ការបន្ត​ផ្សព្វផ្សាយ និង​អប់រំ​ដល់​សាធារណជន​អំពី​សម័យ​ខ្មែរក្រហម យើង​បាន​រួមចំណែក​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​កុំ​ឲ្យ​កើតឡើង​ម្តងទៀត​នៅ​ថ្ងៃ​អនាគត​”៕​

គម្រោង​រក្សាទុក និង​ថែរក្សា​ឯកសារ​ ​សម័យ​ខ្មែរក្រហម និង​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សម្ពោធ​ជា​ផ្លូវការ​