​ក្រសួង​សេដ្ឋកិច្ច ប្រកាស​អនុវត្តន៍​នីតិវិធី​ថវិកា​កម្មវិធី សម្រាប់​ក្រសួង​ស្ថាប័ន ១៥​ថ្មី

ភ្នំពេញ: ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការអនុវត្ត​ថវិកា កម្មវិធី​សម្រាប់​ក្រសួង​ស្ថាប័ន ១៥​ថ្មី កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានអោយដឹងថា ការអនុវត្តន៍​នីតិវិធី ថវិកា​កម្មវិធី ដើម្បីឱ្យ​ស្ថាប័ន​ទាំងនោះ កត់ត្រា​ការ​ចំណូល ចំណាយ​លើ​សកម្មភាព ការងារ​នេះ នឹង​ជួយ​កាត់បន្ថយ​នីតិវិធី​ចំណាយ និង​លើកកម្ពស់​ការទទួលខុសត្រូវ ក្នុងការ​ចាយវាយ​ថវិកា ដើម្បី​ទទួលបាន លទ្ធផល​ល្អប្រសើរ ហើយ​ការងា​កមក អនុវត្តន៍​នីតិវីធី​ថ្មី​នេះ ជាការ​បោះជំហាន ទៅមុខ​មួយទៀត ក្នុង​ការផ្ទេរ​សិទ្ធិអំណាច និង​ធនធាន​ដល់ អង្គភាព​ថវិកា ដែលជា​អង្គភាព​ជំនាញ ទទួលខុសត្រូវ​ផ្ទាល់ ក្នុង​ក្រសួង ស្ថាប័ន​នីមួយៗ​។​

​យោងតាម​គោលការណ៍ ស្តីពី​នីតិវិធី​អនុវត្តន៍​ថវិកា​កម្មវិធី បានឱ្យដឹងថា នីតិវិធី​នេះ ធ្វើឡើង ក្នុង​គោលបំណង​រៀបចំ ជា​ក្របខ័ណ្ឌគតិយុត្តិ គ្រប់​ជ្រុងជ្រោយ សម្រាប់​ក្រសួង ស្ថាប័ន និង​មន្ទីរជំនាញ រាជធានី ខេត្ត អនុវត្តន៍​ថវិកា​កម្មវិធី ដោយ​បរិបទ​ចំណាយ ចាប់ពី​ដំណាក់កាល វិភាជន៍​ឥណ ទាន​ថវិកា រហូតដល់​ដំណាក់កាល​ទូទាត់ ជាពិសេស​សំដៅ​ធានាថា ថវិកា​វិភាជន៍ ត្រូវបាន​ចំណាយ ដោយ​អនុលោម តាម​នីតិ​ហិរញ្ញវត្ថុ ដែលមាន​ជា​ធរមាន និង​កត់ត្រា​ត្រឹមត្រូវ តាម​មាតិកា​ថវិកា និង​ស្របតាម​កម្មវិធី អនុ​កម្មវិធី និង​សកម្មភាព​តាម ការគ្រោងទុក​។​

​គួរ​រំលឹក​ផងដែរ​ថា ថវិកា​កម្មវិធី ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដាក់ឱ្យ​អនុវត្តន៍​សាកល្បង ចាប់ពី​ឆ្នាំ ២០០៧ មក ហើយ​រហូត​ឆ្នាំ​២០១៥​នេះ រាជរដ្ឋាភិបាល បាន​ឈាន​មួយ​ដំណាក់កាល​ទៀត គឺ​ការសាកល្បង ការអនុវត្ត​ថវិកា​កម្មវិធី ពេញលេញ​៕V​/S