ប្រជាពលរដ្ឋ​រង់ចាំ​មើល​ការគ្រប់គ្រង​ចំណូល​ពី​តំបន់​ទេសចរណ៍វប្បធម៌​ប្រាសាទអង្គរវត្ត​

ពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ចំណាត់ការ​របស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ប្រមូល​ចំណូល​ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​តំបន់​ប្រាសាទអង្គរវត្ត ដែលជា​កេរតំណែល​ដូនតា​ខ្មែរ​។ ការរង់ចាំ​តាមដាន​របស់​ប្រជាពលរដ្ឋ​បានកើត​ឡើង​ក្រោយពេល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា​នៅពេលនេះ​រដ្ឋាភិបាល​កំពុង​រៀបចំ​នីតិវិធី​គ្រប់គ្រង​ចំណូល​លក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​តំបន់​អង្គរ​ឲ្យ​បាន​ហ្មត់ចត់​។ ជាមួយគ្នានេះ​មជ្ឈដ្ឋាន​នានា​សង្ឃឹមថា ការគ្រប់គ្រង​ចំណូល​ពី​ប្រាសាទអង្គរវត្ត​អាច​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព​ជាមិនខាន​។

​ទាក់ទង​នឹង​បញ្ហា​នេះ​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ បាន​លើកឡើងថា​ការដែល​ក្រសួង​រៀបចំ​ឲ្យ​មានការ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​បែបនេះ នឹងធ្វើ​ឲ្យ​ចំណូល​ចូល​រដ្ឋ​ដោយ​មិនបាច់​ឆ្លងកាត់​តាមរយៈ​ក្រុមហ៊ុន​របស់លោក សុខ គង់ ដូច​កាលពីមុន​ទៀតឡើយ​។ លោក សុន ឆ័យ បាន​រំលឹកថា ចំណូល​បាន​ពី​ការលក់​សំបុត្រ​កន្លងមក​មិនបាន​ដាក់​ប​ញ្ជូ​ល​ទៅក្នុង​ថវិកាជាតិ​ទេ ដែលជា​ការបែងចែក​គ្មាន​ទិសដៅ​ត្រឹមត្រូវ​។ ជាងនេះទៅទៀត​លោក សុន ឆ័យ បាន​ឲ្យ​ដឹងថា ទំនាក់ទំនង​រវាងរ​ដ្ឋា​ភិ​បាល​និង​ក្រុមហ៊ុន​របស់លោក សុខ គង់ ក្នុង​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​តំបន់​អង្គរ គឺមាន​ភាពអាថ៌កំបាំង​ច្រើន​ព្រោះ​ចំណូល​-​ចំណាយ មិនត្រូវ​បានប្រកាស​ជា​សាធារណៈ ហើយ​ការ​បង្វិល​លុយ​នោះ​ទៀតសោត​មានការ​លាក់លៀម​ច្រើន​។

នៅក្រោយ​ពេលដែល​ក្រុមហ៊ុន​សុខាអូតែល របស់​មេ​ឈ្មួញ​យួន សុខ គង់ ប្រគល់​សិទ្ធិ​ប្រមូល​ចំណូល​ពី​ប្រាសាទអង្គរវត្ត​ទៅ​ឲ្យ​រដ្ឋ​ភិ​បាល​វិញ ត្រូវបាន​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​សង្ឃឹមថា​អ្វីៗ​នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព​។ ជាពិសេស​ចំណូល​ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​តំបន់​អង្គរ មិន​ត្រូវបាន​បាត់បង់​ដោយសារ​អំពើពុករលួយ​ដែល​មន្ត្រី​ខិលខូច និង​ក្រុមហ៊ុន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​ស្រេច​តែ​អំពើ​ចិត្ត​នោះទេ​។ កន្លងមក​លោក សុន ឆ័យ ធ្លាប់បាន​លើកឡើងថា រដ្ឋាភិបាល​បាត់បង់​ថវិកា​ប្រមាណ​៦០​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ពេលដែល​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សុខាអូតែល របស់​មេ​ឈ្មួញ សុខ គង់ ដូច្នេះ​នៅពេលដែល​មានការ​គ្រប់គ្រង​ប្រកបដោយ​ភាពច្បាស់លាស់​ត្រឹមត្រូវ គឺ​ចំណូល​ពី​ប្រាសាទអង្គរវត្ត​នឹងមាន​ការកើនឡើង​យ៉ាងច្រើន​ជាមិនខាន​៕

280px-Angkor_Watsr_kny_150420-2015-04-20