អាជ្ញាធរខេត្ត​ត្បូងឃ្មុំ បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ចិន​បំពាន​លើដី​ធ្លី​ប្រជាពលរដ្ឋ​ខ្មែរ​តាម​អំពើ​ចិត្ត​

ករណី​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ហា​មី​នី​វ៉េ​ន អ៊ិន​វ៉េ​ស​មេន ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​លើកឡើងថា អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត បាន​លំអៀង​ទៅខាង​ក្រុមហ៊ុន​ចិន ហើយ​ទុក​ឲ្យ​ពួកគាត់​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នាពេល​កន្លងមក​នោះទេ​។

​ការដែល​ប្រជាពលរដ្ឋ​ចោទប្រកាន់ថា​អាជ្ញា​ធរមាន​ភាពលំអៀង គឺ​ដោយសារ​កន្លងមក​អាជ្ញាធរ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​ម្តង​ជា​ពីរដង​មិន​ឲ្យ​ចូលទៅ​ធ្វើ​សកម្មភាព​ណាមួយ​នៅលើ​ដី​មាន​ជម្លោះ​រវាង​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ចិន ប៉ុន្តែ​ទន្ទឹមនឹងនេះ​អាជ្ញាធរ​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ចិន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​លើដី​មាន​ជម្លោះ​យ៉ាង​គឃ្លើន​។ ហេតុនេះហើយ​ទើប​កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ភូមិ​បុស្ស​ស្នោ ប្រមាណ​១០០​នាក់​បាននាំគ្នា​ទៅ​ហាមឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន មិន​ឲ្យ​ឈូសឆាយ​លើដី​ដែល​កំពុងមាន​ជម្លោះ​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​និង​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស ជាពិសេស​លោក នាថ រ៉ាវុធ អភិបាលស្រុក​តំបែរ មិនគួរ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​យ៉ាង​ទទឹងទិស​នោះទេ​។

​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​សំណុំរឿង​ជម្លោះដីធ្លី​ខាងលើ​បាន​ឲ្យ​ដឹងថា​កាលពី​ខែតុលា និង​នៅ​ដើមខែ​វិច្ឆិកា អាជ្ញាធរ​ស្រុក​និង​អាជ្ញាធរខេត្ត បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​និង​តំណាង​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ​នៅលើ​ដី​មាន​ជម្លោះ​ឡើយ​។ ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​ចិន បាន​យក​គ្រឿងចក្រ​ចំនួន​៤​គ្រឿង​ទៅ​ឈូសឆាយ​លើដី​មាន​ជម្លោះ ហើយ​មន្ត្រី​អាជ្ញាធរ​ស្រុក​និង​អាជ្ញាធរខេត្ត មិន​ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​ដែល​ប្រព្រឹត្ត​បំពាន​ច្បាប់​នោះឡើយ​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ គំរាម​ប្រើ​អំពើហិង្សា​ប្រសិនបើ​ក្រុមហ៊ុន​ចិន​នៅតែ​បន្ត​ឈូសឆាយ​លើដី​មាន​ជម្លោះ​តទៅទៀត​។ នៅពេល​អំពើហិង្សា​កើតឡើង​គឺ​អភិបាលស្រុក​តំបែរ លោក នាថ រ៉ាវុធ និង​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ព្រោះ​មន្ត្រី​ទាំង​២​នាក់​នេះ មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ​នោះទេ​៕

546050_431097250354998_2086062594_nលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ image