ឈ្មោះ ណុប ឌី ជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ល្បីល្បាញ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​

បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ខេត្តកំពង់ស្ពឺ នៅតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ​រាល់​យប់ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ចាត់វិធានការ​លើ​ឈ្មួញ​នោះទេ គឺ​ចាំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ទៅវិញ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់ភ្នំ​ឱ​រ៉ា​ល់​ខ្លាំងក្លា​ជាងគេ មានឈ្មោះ ណុប ឌី រស់នៅ​ភូមិ​ដំបង​វិញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់​។ ឈ្មួញ​រូបនេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ច្រើន​ស្ថាន​ប័ន​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម ហេតុនេះហើយ​ទើប​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈ្មោះ ណុប ឌី តែងតែ​ប្រមូល​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​បេង​និង​ធ្នង់ ចេញពី​ភូមិ​ដំបង​វិញ ឆ្ពោះទៅ​ខេត្តកំពង់ស្ពឺ និង​តំបន់​ផ្សេងៗ​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់​។ សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​របស់​ឈ្មោះ ណុប ឌី នោះទេ​គឺ​បានត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ ព្រោះ​អី​មេៗ​មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ ណុប ឌី ជា​ប្រព័ន្ធ​រួចទៅហើយ​។ ឈើ​ដែល​ឈ្មួញ​ឈ្មោះ ណុប ឌី ដឹក​ចេញពី​តំបន់ភ្នំ​ឱ​រ៉ា​ល់​នោះ គឺ​យកទៅលក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្តកំពត​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា នៅពេលដែល​ពួកគាត់​ដឹកអុស​ដឹក​ធ្យូង​ឬ​ដឹកឈើ​បន្តិចបន្តួច ត្រូវ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ដោយ​ពុំមាន​ការយោគយល់​ទេ ហើយ​ជំរិត​យកលុយ​រាប់សែន​រៀល​ក្នុង​គោយន្ត​មួយគ្រឿង​។ ចំណែក​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ណុប ឌី មិនដែល​ឃើញ​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ ទុក​ឲ្យ​ឈ្មួញ​រូបនេះ​បន្ត​ប្រព្រឹត្ត​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ណុប ឌី ជាប្រចាំ​ទើប​បណ្តោយ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​បន្តសកម្មភាព​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​៕

chang-Kimsunលោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើ 20151106_125025-copy