ជំងឺ​ទឹក​នោម​ផ្អែម​ ងាយ​​ធ្វើ​ឱ្យ​មនុស្ស​កើត​ដោយ​មិន​ដឹង​​ខ្លួន

ជំងឺ​ទឹក​នោម​ផ្អែម​ ងាយ​​ធ្វើ​ឱ្យ​មនុស្ស​កើត​ដោយ​មិន​ដឹង​​ខ្លួន

 

ជំងឺ​ទឹក​នោម​ផ្អែម​ មិន​មែន​ជា​ជំងឺ​ឆ្លង​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ងាយ​នឹង​កើត។

 

​លោក​វេជ្ជបណ្ឌិត​ គុយ​ វ៉ាន់​នី​ ប្រធាន​សមាគម​គ្រូពេទ្យ​ទឹក​នោម​ផ្អែម​និង​ក្រពេញ​ កម្ពុជា​បាន​ប្រាប់​ Sabay ឱ្យ​ដឹង​ថា​ តាម​របាយការណ៍​អង្គការ​​អន្តរជាតិ​ឆ្នាំ​ ២០១១ មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​ រៀង​រាល់​ ៦ វិនាទី​ម្ដង​ដែល​នេះ​ជា​បញ្ហា​មួយ​គួរ​ឱ្យ​បារម្ភ​។

 

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា​ ជំងឺ​ទឹក​នោម​ផ្អែម​កើន​ឡើង​លឿន​ណាស់ ប្រៀប​ដូច​ជា​ជំងឺ​ឆ្លង​ដែរ​ទោះ​បី​វា​មិន​មែន​ជា​ជំងឺ​ឆ្លង​ក៏​ដោយ។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​ ការ​វាយ​តម្លៃ​មួយ​នៅ​ក្នុង​ឆ្នាំ ២០១៤ មាន​ប្រជាជន​ប្រហែល ២៥ ម៉ឺន​នាក់​​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

 

ជំងឺ​ទឹក​នោម​ផ្អែម​ ងាយ​​ធ្វើ​ឱ្យ​មនុស្ស​កើត​ដោយ​មិន​ដឹង​​ខ្លួន

 

ដើម្បី​កាត់​បន្ថយ​​នូវ​ជំងឺ​ទឹក​នោម​ផ្អែម​ ត្រូវ​ចាប់​ផ្ដើម​ពី​ការ​ហូប​ចុក​អាហារ​ពេល​ព្រឹក​ឡើង​ទៅ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Healthy Breakfast។ បើ​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​​ មនុស្ស​គ្រប់​គ្នា​ត្រូវ​ពិនិត្យ​មើល​តុល្យភាព​នៃ​អាហារ​ពេល​ព្រឹក​ក្នុង​ចាន​ មិន​ត្រូវ​ជា​អាហារ​ដែល​ប្រៃ​ពេក​ ផ្អែម​ពេក​ ឬ​មាន​កាឡូរី​ខ្ពស់​ពេក​។ នេះ​មិន​មែន​មាន​ន័យ​ថា​ គ្រប់​គ្នា​ត្រូវ​ទទួល​ទាន​តែ​បន្តិច​នោះ​ទេ គឺ​ត្រូវ​ទទួល​ទាន​ឱ្យ​បាន​គ្រប់​គ្រាន់​​​ ចំណែក​ថ្ងៃ​ត្រង់​ទទួល​ទាន​ល្មម លុះ​ដល់​អាហារ​ពេល​ល្ងាច​គួរ​ទទួល​ទាន​តិច​ជាង​គេ​ ហើយ​ជា​បន្លែ​ ព្រោះ​នៅ​ពេល​យប់​ ជាតិ​ស្ករ​ ឬ កាឡូរី​នឹង​ត្រូវ​ផលិត​ឡើង​ខ្ពស់​បើ​សិន​ជា​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ច្រើន​ពេក។

 

លោក​វេជ្ជបណ្ឌិត​ក៏​សំណូម​ពរ​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ស្វែង​យល់​អំពី​ជំងឺ​ទឹក​នោម​ផ្អែម​ ដើម្បី​ជា​ប្រយោជន៍​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​សារ​បរិយាកាស​នៃ​អាហារ​​សព្វ​ថ្ងៃ​មាន​លក្ខណៈ​សម្បូរ​បែប​ពេក និង​មិន​មាន​តុល្យភាព ដែល​ការ​ធ្វើ​បែប​នេះ​អាច​កាត់​បន្ថយ​បាន​ ៣០ ទៅ ៥០​ភាគ​រយ។

 

 

ជំងឺ​ទឹក​នោម​ផ្អែម​ ងាយ​​ធ្វើ​ឱ្យ​មនុស្ស​កើត​ដោយ​មិន​ដឹង​​ខ្លួន

 

ងាក​មក​លោក​ស្រី​ មិញ​ នាយិកា​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​មិញ​ថា ដើម្បី​ផ្សព្វផ្សាយ​នូវ​ការ​យល់​ដឹង​អំពី​ជំងឺ​នេះ ក្រុម​ហ៊ុន​​អ្នក​ស្រី និង សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ ក្នុង​ឱកាស​ទិវា​ជំងឺ​ទឹក​នោម​ផ្អែម​ពិភពលោក​ឆ្នាំ ២០១៥ នៅ​ថ្ងៃ ១៤ វិច្ឆិកា​ស្អែក​នេះ​នៅ​ទី​​សាធារណៈ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ៕​​

 

អត្ថបទ៖ ណេង​ ណេង