វិចារណកថាៈ មេដឹកនាំគណបក្ស ប្រឆាំងបំផ្លាញ វប្បធម៌សន្ទនា និងមិនគិត ពីស្ថិរភាពនយោបាយ

អ្នកតាមដានស្ថាន ភាពនយោបាយ នៅកម្ពុជាបាន កត់សម្គាល់ថា សំដីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ និងជាប្រធានក្រុម តំណាងរាស្រ្ត សំឡេងភាគតិច នៅក្នុងរដ្ឋសភា នាពេលថ្មីៗកន្លងទៅនេះ គឹជាការ បំផ្លាញ វប្បធម៌សន្ទនា និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយផងដែរ ។ ជាក់ស្តែងលោក សម រង្ស៊ី បានប្រាប់ក្រុមអ្នកសារ ព័ត៌មាននៅប្រទេស ជប៉ុនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា រដ្ឋាភិបាលទីក្រុង ភ្នំពេញ នឹងប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ ដើម្បីរារាំងមិនឲ្យមានការបោះឆ្នោតនៅឆ្នាំ២០១៨ ដោយសារ តែព្រួយបារម្ភពីការចាញ់ឆ្នោត ។ លោក សម រង្ស៊ី បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងប្រទេសជប៉ុនទៀតថា “យុទ្ធសាស្រ្តរបស់លោក ហ៊ុន សែន ដើម្បីរក្សា អំណាចបានតទៅទៀតនោះ គឺបង្កើតឲ្យមានឧបសគ្គ ដើម្បីរារាំង ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ ហើយដើម្បីអាច បង្កឧបសគ្គមិនឲ្យមានការបោះឆ្នោត រដ្ឋាភិបាលព្យាយាម បង្កើតអំពើហិង្សា ដើម្បីអាចឈានទៅដល់ការធ្វើរដ្ឋប្រហារ ឬក៏ការប្រកាសអាសន្នថ្នាក់ជាតិណាមួយ...” ។

សំដីរបស់លោក សម រង្ស៊ី ដូចខាងលើនេះត្រូវបានក្រុមអ្នកតាមដានស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា វាយតម្លៃថា ជាការបំផ្លាញវប្បធម៌សន្ទនា ដែលកើតចេញពីកិច្ចព្រមព្រៀង បញ្ចប់ភាពជាប់គាំង ផ្នែកនយោបាយ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។ ជាងនេះទៅទៀតលោក សម រង្ស៊ី កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថិរ ភាព នយោបាយ និងសន្តិសុខសង្គមក្នុងប្រទេសកម្ពុជាដោយខ្វះការពិចារណា ដើម្បីតែផលប្រយោជន៍ នយោបាយសម្រាប់គណបក្សខ្លួន ប៉ុណ្ណោះ ។ ជាក់ស្តែងលោក សម រង្ស៊ី បានប្រៀបធៀបលទ្ធផល នៃការបោះឆ្នោតក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) មក ប្រៀបធៀបជាមួយការបោះឆ្នោត នៅកម្ពុជាក្នុងឆ្នាំ២០១៨ ខាងមុខ បើទោះបីការបោះឆ្នោតនោះមិនទាន់ឈានចូលមក ដល់យ៉ាងណាក៏ដោយ ។ ដូច្នេះលោក សម រង្ស៊ី គួរតែគិតគូរឡើងវិញចំពោះពាក្យសំដីរបស់ខ្លួននាពេលថ្មីៗកន្លងទៅ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់រាជ រដ្ឋាភិបាលកម្ពុជា គ្រប់គ្រងដោយគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមរយៈវីដេអូផ្សាយបន្តផ្ទាល់តាមប្រព័ន្ធហ្វេកប៊ុក សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ពាក្យអសុរោះរបស់អ្នកនយោបាយដែលលេចឡើងនៅពេលនេះគឺផ្តើមចេញពីលោក សម រង្ស៊ី ដែលហៅសម្តេចផ្ទាល់ជាមួយមេដាយដឹកនាំគណបក្សប្រជាជនកម្ពុជាថាជា “ចោរលួចជាតិ” ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា សម្តេច និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា គ្មានប្រវត្តិ ក្បត់ជាតិដូចលោក សម សារី ឪពុករបស់លោក សម រង្ស៊ី នោះឡើយ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា លោក សម រង្ស៊ី ទៅវិញទេ ដែលបានប្រើពាក្យពេចន៍អសុរោះ ជាច្រើនដល់មេដឹកនាំទាំង ៣របស់ គណបក្សប្រជាជនកម្ពុជាដូចជាហៅសម្តេច សម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន ថាជា “ចោរលួចជាតិ ហើយអាកណ្តាលនោះខូចជាងគេ” ។ ជាងនេះទៅទៀត ការដែលសម្តេចហៅលោក សម រង្ស៊ី ជា “កូន អាក្បត់ជាតិ” គឺគ្រាន់តែហៅតាមអតីតព្រះមហាក្សត្រព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប៉ុណ្ណោះ ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសបិទបញ្ចប់ និងឈប់ទទួលការសុំទោសពីលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ហើយ ក៏មិនសុំឲ្យមាន ការលើកលែងទោសជូនប្រធានបក្សប្រឆាំងរូបនេះតទៅទៀតដែរ ។ ប្រសិនបើមានវិធានការ ផ្លូវច្បាប់ណាមួយនោះ ។ ការដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់ទទួលការសុំទោស បានធ្វើឡើង ក្នុង សារនយោបាយពិសេសមួយឆ្លើយ តមទៅនឹងលោក សម រង្ស៊ី តាមរយៈការផ្សាយផ្ទាល់លើ ទំព័រហ្វេសប៊ុក របស់សម្តេចកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ សារនយោបាយដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំ គណបក្សប្រឆាំងបានបន្តហៅរាជរដ្ឋាភិបាល កម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ថាជារដ្ឋាភិបាលផ្តាច់ការក្នុងឱកាស ជួបជាមួយពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

 មជ្ឈដ្ឋាននានាបានកត់សម្គាល់ទៅលើជំហររបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ថា “អ្វីដែលឯកឧត្ត មបានធ្វើ បានសុំទោសខ្ញុំជាញឹកញាប់ ប៉ុន្តែឯកឧត្តមកុំស្រមៃបន្តទៅទៀតនូវការសុំទោសសម្រាប់ខ្ញុំ” ។ សម្តេច តេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ឲ្យឈប់ថ្លែងការណ៍ បំពានលើ គណបក្សកាន់អំ ណាច ក៏ដូចជារាជរដ្ឋាភិបាលប្រសិនបើមិនដូច្នោះទេ វិធានការផ្លូវច្បាប់នឹង ត្រូវចាត់ការ លើលោក សម រង្ស៊ី ហើយក៏ គ្មានការសុំលើកលែងទោសជូនលោក សម រង្ស៊ី ពីសម្តេចដូចគ្នាមុនទៀតដែរ ។ ស្របនឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បែបនេះក្រុមអ្នកវិភាគនយោបាយបានលើកឡើងថា មុននឹងនិយាយស្តីលោក សម រង្ស៊ី គួរគិតទៅដល់ សារៈសំខាន់នៃវប្បធម៌សន្ទនា និងស្ថិរភាពនយោបាយ ដោយមិនត្រូវគិតតែផលប្រយោជន៍នយោបាយសម្រាប់គណបក្សខ្លួនហួសហេតុនោះទេ ។ ការដែលលោក សម រង្ស៊ី គិតគូរតែផលចំណេញនយោបាយដល់គណបក្សខ្លួនហួសហេតុ ទើបធ្វើឲ្យកម្តៅ នយោបាយកើន ឡើងនៅពេលនេះ និងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីស្ថិរភាពនយោបាយ ក៏ដូច ជាបញ្ហាផ្សេងៗជាច្រើនទៀត ដែលកើតចេញពីកម្តៅនយោបាយ ៕