រាជរដ្ឋាភិបាលកម្ពុជា នឹងចេញសារាចរ ឱ្យប្រជាពលរដ្ឋទូទាំង ប្រទេស បញ្ឈប់ការជួលដី នៅជាប់ព្រំដែន ឱ្យទៅជនជាតិជិតខាង

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងចេញសារាចរណែនាំឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បញ្ឈប់ការជួលដីទៅឱ្យជនជាតិជិតខាងប្រទេស ដូចជា វៀតណាម ថៃ និងឡាវ ជាដើម។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅលើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃសុក្រនេះថា «នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនដំណឹងសំខាន់មួយ ទៀតសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា នឹងចេញសារាចរមិនឲ្យ ប្រជាពលរដ្ឋរស់នៅតាមព្រំដែន កុំឲ្យជួលដីឲ្យបរទេស (ដីស្រែ ចំការ) ឲ្យទៅជនជនជាតិ វៀតណាម រួមទាំងថៃ និង លាវជាដើម ដើម្បីចៀសវាងបញ្ហា (ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម។

រាជរដ្ឋាភិបាលនឹងពិនិត្យមើលស្ថានភាពជាក់ស្តែង នៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការអភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋាន សម្រាប់កងទ័ពនៅតាមបណ្តាព្រំដែនដើម្បីការពារទឹកដីកម្ពុជា។ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលកម្ពុជានឹងផ្ញើលិខិតទៅ នាយករដ្ឋមន្រ្តីនៃប្រទេស ដែលមានព្រំប្រទល់ ជាមួយកម្ពុជា ដើម្បីសហការ និងហាមឃាត់មិនឲ្យពលរដ្ឋនៃប្រទេសទាំងនោះ មកជួលដីនៅតាមព្រំដែនកម្ពុជា។ ប៉ុន្តែប្រទេសជាប់ព្រំដែនទាំងអស់នឹង សហការគ្នាពង្រឹងសេដ្ឋកិច្ចដើម្បីជួយលើកស្ទួយជីវភាព ពលរដ្ឋនៅតាមព្រំដែនអោយកាន់តែប្រសើរឡើង»៕

រាជរដ្ឋាភិបាលកម្ពុជា នឹងចេញសារាចរ ឱ្យប្រជាពលរដ្ឋទូទាំង ប្រទេស បញ្ឈប់ការជួលដី នៅជាប់ព្រំដែន ឱ្យទៅជនជាតិជិតខាង