កម្មករ​រោងចក្រ​៣៩​នាក់​របួស​​ដោយសារ​ក្រឡាប់​ឡាន​នៅ​កំពង់ឆ្នាំង

កម្មការិនី​រោងចក្រ​កាត់​ដេរ ៣៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ក្រោយ​ហេតុការណ៍​ក្រឡាប់​ឡាន​ប្រភេទ​កូរ៉េ​ផ្ទុក​កម្មករ​ជាង ៥០​នាក់ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។ សមត្ថកិច្ច​នគរបាល​បញ្ជាក់​ថា ក្នុង​ចំណោម​កម្មករ កម្មការិនី​ជាង ៥០​នាក់ ដែល​ធ្វើ​ដំណើរ​រួម​គ្នា​របួស​ស្រាល និង​ឈ្លក់​ទឹក​នៅ​ពេល​ឡាន​ពើប​នឹង​ម៉ូតូ​មួយ​គ្រឿង ហើយ​ជ្រុល​ចង្កូត​ក្រឡាប់​ចូល​ទឹក។

អធិការ​ស្រុក​កំពង់ត្រឡាច ស្ដីទី​លោក មាស សុភិន ឲ្យ​ដឹង​កាល​ពី​ម៉ោង ៨​កន្លះ​យប់ ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ថា កម្មការិនី​ទាំង ៣៩​នាក់ កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​ពេទ្យ​រោងចក្រ​មួយ​នៅ​ស្រុក​កំពង់ត្រឡាច។

លោក​ថា ដោយ​របួស​ស្រាល​មាន​កម្មការិនី​ខ្លះ​ចង់​សុំ​ពេទ្យ​ចេញ​ទៅ​ផ្ទះ​វិញ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​រក​វិធី​អូស​ឡាន​ដែល​ក្រឡាប់​ចូល​ក្នុង​ទឹក​នោះ​ឡើង​គោក​វិញ៖ «យើង​បាន​យក​អ្នក​រង​គ្រោះ​ទៅ​ពេទ្យ​ទាំង​អស់​ហើយ! ឥឡូវ​យើង​កំពុង​ចាត់​ចែង​រក​ឡាន​អូស​ឡាន​ហ្នឹង​ឡើង​គោក​ទៅ​ដាក់​កន្លែង។ អ្នក​ខ្លះ​របួស​ល្មមៗ​អត់​ចូល​ពេទ្យ​ទេ មាន​បងប្អូន ឬ​ម៉ែឪ​ដឹក​យក​ទៅ​ផ្ទះ​អស់​នៅ​ណា អីចឹង​ខ្ញុំ​ស្មាន​មើល​មិន​ក្រោម ៥០​នាក់ ក្នុង​មួយ​ឡាន​ហ្នឹង»

អធិការ​ស្រុក​ស្ដីទី​ដដែល​បញ្ជាក់​ថា ឡាន​កូរ៉េ​ចំណុះ ៥​តោន បើក​ដឹក​កម្មករ​ពី​រោង​ចក្រ​ផ្សេងៗ​គ្នា​នៅ​ស្រុក​សាមគ្គីមានជ័យ និង​ស្រុក​កំពង់ត្រឡាច ឆ្ពោះ​ទៅ​ផ្ទះ​ក្នុង​ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ប៉ុន្តែ​មក​ដល់​កន្លែង​កើត​ហេតុ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ឋិត​នៅ​ឃុំ​ពានី ស្រុក​កំពង់ត្រឡាច ស្រាប់​តែ​ឡាន​ពើប​នឹង​ម៉ូតូ​បើក​ឆ្លង​ផ្លូវ​មួយ​គ្រឿង​ទើប​តៃកុង​បើក​គេច រួច​ក៏​រេ​ចង្កូត​ក្រឡាប់​ចូល​ទឹក​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។