លោក​សមរង្ស៊ី ប្រកាស​ចេញមុខ​ការពា​រ​កូន​សម្តេច​ហ៊ុនសែន បើសិនជា ថ្ងៃ​ណាមួយ សម្តេច​ហ៊ុនសែន ត្រូវគេ​ចោទប្រកាន់​រឿង​អ្វីមួយ​

ភ្នំពេញ: ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា​នេះ លោក​សមរង្ស៊ី បាន​លើកឡើងថា "​បើ​ថ្ងៃ​ណាមួយ លោក ហ៊ុន សែន ត្រូវគេ​ចោទប្រកាន់​ពី​រឿង​អ្វីមួយ នៅ​ចំពោះមុខ​តុលាការ​ណាមួយ ខ្ញុំ​នឹង​ចេញមុខ​មុនគេ ការពារ​កូន​របស់លោក បើ​កូន​ទាំងនោះ​ទទួល​នូវ​ការស្តីបន្ទោស​ណាមួយ ពីព្រោះ​កូន​មិនមែនជា​អ្នកទទួលខុសត្រូវ ហើយក៏​មិន​ពាក់ព័ន្ធ​អ្វី​ទៅនឹង​រឿង​ដែល​គេ​ចោទប្រកាន់​ឪពុក​នោះទេ​"​។​

​ជាមួយគ្នា​នោះ លោក​សមរង្ស៊ី ក៏បាន​បន្តថា "​ខ្ញុំ​ប្រើ​សិទ្ធិសេរីភាព​របស់ខ្ញុំ ក្នុងការ​សំដែង​មតិ​របស់ខ្ញុំ​៖ តាម​យោបល់​របស់ខ្ញុំ អំពើ​ហឹ​ង្សា​ថ្មីៗ​នេះ មកលើ​តំណាងរាស្ត្រ​ពីររូប​នៃ​គណបក្សប្រឆាំង ព្រមទាំង​ការដកដំណែង​លោក កឹម សុខា ដោយ​ខុសច្បាប់ បាន​បង្កើត​នូវ​បរិយាកាស​នយោបាយ ដ៏​អាក្រក់​មួយ ដែលជា​ឧបសគ្គ ចំពោះ​ការបោះឆ្នោត ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។ ទង្វើ​ទាំងអស់នេះ អាចជា​ផ្នែក​នៃ​គម្រោង​មួយ ដែល​គេ​រៀបចំឡើង ដើម្បី​បង្អាក់ដំណើរ​ការបោះឆ្នោត ទាំងមូល​តែម្តង​។ នេះ​គ្រាន់តែ​ជា​យោបល់​របស់ខ្ញុំ​"​។​

​លោក​សមរង្ស៊ី ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ជប៉ុន ហើយនឹង​បន្តដំណើរ​ទៅ​ប្រទេស​កូរ៉េ​ជាមួយនឹង​លោក​កឹម​សុខា នាពេលនេះ ក៏បាន​លើកឡើងថា "​ខ្ញុំ​នឹង​សុំ​អភ័យទោស ចំពោះ​នរណា​ក៏ដោយ ពេលណា​ក៏ដោយ បើ​ខ្ញុំ​បានធ្វើ​ឲ្យ​គេ​ឈឺចាប់ ក្នុង​ប្រការ​ណាមួយ ដោយ​អ​ចេតនា​។ ក្នុងការ​បំពេញ​តួនាទី​របស់​យើង ជា​អ្នកនយោបាយ ក៏​យើង​ត្រូវមាន​សុជីវធម៌​ដែរ​"​។​

​យ៉ាងណាក៏ដោយ សារ​នយោបាយ​ខ្លី​របស់លោក​សមរង្ស៊ី ខាងលើនេះ បណ្តា​ឲ្យ​សម្តេច​ហ៊ុនសែន បញ្ចេញ​ប្រតិកម្ម​ខ្លាំងក្លា​។ ក្រៅពី​បង្ហោះ​សារ​ជា​លាយលក្ខណ៍អក្សរ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ហៅ​លោក​សមរង្ស៊ី ថា​ជា "​កូន​អា​ក្បត់ជាតិ​" កាលពី​ថ្ងៃទី​១២​វិច្ឆិកា សម្តេច​ហ៊ុនសែន ក៏បាន​ថ្លែងការណ៍​ផ្ទាល់មាត់​តាម​វិ​ដេ​អូ ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច រយៈពេល​ជាង ៤០ នាទី​។ សម្តេច​ហ៊ុនសែន បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​លោក​សមរង្ស៊ី ចំពោះ​អត្ថាធិប្បាយ​ដែល​គ្មាន​ការពិត ដែលថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹងមិន​រៀបចំ​ការបោះឆ្នោត នាពេលខាងមុខ ព្រោះតែ​ខ្លាច​ចាញ់ឆ្នោត ជាដើម​។​

​ជាមួយគ្នា​នោះ សម្តេច​ហ៊ុនសែន ក៏បាន​គូសបញ្ជាក់ថា ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តទៅ​ជាធម្មតា តាម​កាលកំណត់​៕​