​ជម្លោះ​ក្នុង​គ្រួសារ ប្រពន្ធ​ចាក់​ប្តី​មួយ​កាំបិត របួស​យ៉ាង​ធ្ងន់​

​កណ្តាល: ជម្លោះ​ពាក្យសំដី​ក្នុង​គ្រួសារ បង្ក​ជា​ហិង្សា ប្រពន្ធ​ចាក់​ប្តី​១​កាំបិត ចិតបន្លែ រងរបួស​ក្បែរ​គល់​.​ក យ៉ាង​ធ្ងន់​។ ករណី​ផ្ទុះ​ហិង្សា ក្នុង​គ្រួសារ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨ និង​៣០ នាទី​យប់ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ម្លូ​ម៉ឺន ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ។​

​អធិការនគរបាល ស្រុក​ពញាឮ លោក​វរសេនីយ៍ទោ ដួង តេង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជា​ប្តី​មានឈ្មោះ ថូ សឿន អាយុ​៣៣​ឆ្នាំ មុខរបរ កសិករ ។ ចំណែកឯ​ជនដៃដល់ ជា​ប្រពន្ធ​ឈ្មោះ យ៉ា​ត ស្រី អាយុ​៤៨​ឆ្នាំ  មុខរបរ ជា​កម្មករ​។ ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ រស់នៅ​ផ្ទះ​ជាមួយគ្នា ក្នុងភូមិ​ម្លូ​ម៉ឺន ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ។​

​លោក​វរ​សេនី​នី​យ៍​ទោ ដួង តេង បាន​បន្តថា ប្តី​-​ប្រពន្ធ​ខាងលើនេះ ឧស្សាហ៍​ឈ្លោះប្រកែក​គ្នា​ខ្លាំងណាស់ រហូត​ក្លាយទៅជា​ទម្លាប់​ទៅហើយ ។ នៅ​មុនពេល​កើតហេតុ អ្នកជិតខាង បានឮ​សម្លេង​ប្តី​-​ប្រពន្ធ ខាងលើនេះ ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង តែ​មិនមាន​ប្រជាពលរដ្ឋ​ណា ដើរមក​មើល​នោះទេ ។ ក្រោយពី​សម្លេង​ឈ្លោះប្រកែក​គ្នា បាន​ស្ងប់ស្ងាត់​មួយសន្ទុះ ប្រជាពលរដ្ឋ​ជិតខាង បាន​ដើរទៅ​អើតមើល នៅលើផ្ទះ ២​នាក់​ប្តី​-​ប្រពន្ធ​ខាងលើនេះ ។ គ្រានោះ ក៏បាន​ប្រទះឃើញ ជនរងគ្រោះ​ដេក​ដួល ក្នុង​ថ្លុកឈាម លើ​កន្ទេល​លើផ្ទះ ក៏​ស្រែក​ឆោឡោឡើង ហៅ​ក្រុមគ្រួសារ​សាច់ញាតិ ដឹក​ជនរងគ្រោះ បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ ក្នុង​រាជធានី​ភ្នំពេញ ។​

​លោក​អធិការ បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រុមគ្រួសារ​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង នៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សា​ដែក ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ ចាត់ការ​តាមច្បាប់ ។ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ចុះទៅ​ទីតាំង ផ្ទះកើតហេតុ ឃាត់ខ្លួន​ជនដៃដល់ រួមជាមួយ​វត្ថុតាង កាំបិត​ចិតបន្លែ បញ្ជូន​ទៅកាន់​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​ជនសង្ស័យ បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា ខ្លួន​មិនមាន​បំណង ចាក់​ប្រហារ​ទៅលើ​បុរស ជា​ប្តី​នោះទេ ដោយសារតែ​បុរស​ជា​ប្តី ចូលមក​ដណ្តើម​កាំបិត ពេលយប់​ង​ងងឹត ទើប​បណ្តាល​ឲ្យ​ជ្រុលដៃ ចាក់​ត្រូវ​មួយ​កាំបិត​តែម្តង ។

​សូប​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ សមត្ថកិច្ច​នគរបាល​យុត្តិធម៌ ស្រុក​ពញាឮ បានរៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕V​/S

​ជម្លោះ​ក្នុង​គ្រួសារ ប្រពន្ធ​ចាក់​ប្តី​មួយ​កាំបិត របួស​យ៉ាង​ធ្ងន់​
​ជម្លោះ​ក្នុង​គ្រួសារ ប្រពន្ធ​ចាក់​ប្តី​មួយ​កាំបិត របួស​យ៉ាង​ធ្ងន់​