បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្តកំពត ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​បើក​ប្រតិបត្តិការ​រ​ហូ​ង​ឈានដល់​ការបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​រឹបអូស​វត្ថុតាង​ជាច្រើន​។ បញ្ហា​នេះ​មានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាពលរដ្ឋ ព្រោះ​កន្លងមក​បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងស្រុក​ទឹកឈូ ក៏ដូចជា​នៅ​ក្រុង​កំពត និង​បណ្តា​ស្រុក​មួយចំនួនទៀត​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅក្នុង​ខេត្តកំពត សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត និង​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត ហើយ​រឹបអូស​វត្ថុតាង​គ្រឿងញៀន​១​កញ្ចប់​ធំ គ្រាប់កាំភ្លើង​២២​គ្រាប់ ទូរស័ព្ទ​៧​គ្រឿង អាយ​ផេ​ត​១​គ្រឿង ម៉ូតូ​៥​គ្រឿង រថយន្ត​១​គ្រឿង ក្រដាស់​អាលុយមីញ៉ូម​២​ដុំ​ធំ និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។ ជនសង្ស័យ​ទាំង​៥​នាក់​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាមច្បាប់​។

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា​ក្រោយពេល​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ឡើងកាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្តកំពត​រួចមក បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ផ្សេងៗ​ជាច្រើន​ករណី ប៉ុន្តែ​ជាក់ស្តែង​បទល្មើស​ហាក់ដូចជា ពុំមាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បទល្មើស​គ្រឿងញៀន​នៅ​ក្រុង​កំពត ស្រុក​ទឹកឈូ និង​ស្រុក​មួយចំនួនទៀត កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ហើយ​ល្បែងស៊ីសង​និង​អំពើចោរកម្ម​នៅតែ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​។ បញ្ហា​នេះ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ត្រូវ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ជាប្រចាំ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​៕

CH-00244 CH-00248 CH-00245