លោក រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូររាំង​-​កែវ​សីមា ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា បាន​រិះគន់ថា លោក រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូររាំង​-​កែវ​សីមា មិនដែល​យកចិត្តទុកដាក់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ផ្ទុយទៅវិញ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ប្រណីត​ដឹកជញ្ជូន​ចេញពី​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​។

​សេចក្តីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ដូចជា​ធ្នង់ បេង នាងនួន នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​ជីវចម្រុះ​កែវ​សីមា និង​ព្រៃ​ការពារ​ក្នុងស្រុក​អូររាំង កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹកជញ្ជូន​នៅលើ​ផ្លូវជាតិ​លេខ​៧៦ ហើយ​បាន​ឆ្លង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា និង​ស្នាក់​ការអភិរក្ស​ជីវចម្រុះ​កែវ​សីមា ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​។ ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​គ្រាន់តែ​ហុច​លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អភិរក្ស​ជីវចម្រុះ​កែវ​សីមា គឺ​គេ​អាច​ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​ពួកគាត់​មិនអាច​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បានទេ​។ ដោយហេតុថា​លោក រឿង សុផាត ដែលជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូររាំង​-​កែវ​សីមា គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស ហើយ​លោក មាគ វុ​ឌ្ឍី ប្រធាន​គម្រោង​តំបន់​ព្រៃ​ការពារ​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ក៏​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែរ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ​ដូចជា លោក រឿង សុផាត និង​លោក មាគ វុ​ឌ្ឍី ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​យ៉ាង​ក្រអឺតក្រទម​ទៀត​៕

mdkwood 10-11-15-003 mdkwood 10-11-15-004