យុវជន​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​កង្វះ​ឱកាស​ការងារ​គ្រប់គ្រាន់

រាជធានី​ភ្នំពេញ ៖ យុវជន​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុ​ន្តែ​ដោយសារ​បញ្ហា​មួយ​ចំនួន​ធ្វើ​ឱ្យ​យុវជន​មិន​បាន​ទទួល​ឱកាស​ការងារ​ធ្វើ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ចជាតិ ។

កញ្ញា យូ សុធា​រី សមាជិក​ក្រុមការងារ​សេចក្តី​ប្រកាស​យុវជន​ទីក្រុង​អា​ម៉ា​ន់ និង​ជា​យុវជន​សកម្ម ដែល​បាន​ធ្វើការ​ជាមួយ​យុវជន​ដទៃ​ទៀត និយាយ​ថា ៖ «​តាម​ការ​សង្កេត​ជាក់ស្តែង យុវជន​ភាគច្រើន​ដែល​រៀន​ចប់​មហាវិទ្យាល័យ គឺ​គ្មាន​ការងារ​ធ្វើ​ទេ ។ តាម​គោលនយោបាយ​របស់​ប្រទេស​ដទៃ​ទៀត ក៏​ដូច​ជា​កម្ពុជា​ដែរ គឺ​មិន​ទាន់​មាន​គោលនយោបាយ​ណា​គាំទ្រ​ការ​បង្កើត​អាជីវកម្ម​សម្រាប់​យុវជន និង​ផ្តល់​ថវិកា​ដល់​យុវជន​ក្នុង​ការ​បង្កើត​ការងារ​ទេ​» ។

នៅ​ក្នុង​សេចក្តី​ប្រកាស​យុវជន​នៅ​ទីក្រុង​អា​ម៉ា​ន់ ដែល​បាន​ធ្វើ​ឡើង​ដោយ​យុវជន​ចំនួន​ជាង​១​ម៉ឺន​នាក់​មក​ពី​ទូ​ទាំង​ពិភពលោក រួម​ទាំង​យុវជន​កម្ពុជា​ផង​ដែរ​ទទួលស្គាល់​ថា យុវជន​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ក្នុង​កម្រិត​ខុស​ៗ​គ្នា​ពី​ការ​រឹត​ឱកាស​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ។ សេចក្តី​ប្រកាស​នេះ​លើក​ថា ឱកាស​ការងារ​មាន​តិចតួច ឬ​មិន​គ្រប់គ្រាន់ និង​កង្វះ​ការ​លើក​ស្ទួយ​ការ​អប់រំ​អាច​ជា​កត្តា​រួមចំណែក​ដល់​ភាព​ឯកោ​ផ្នែក​សេដ្ឋកិច្ច ភាព​ស្រងាកចិត្ត​លើ​នយោបាយ និង​ចលាចល​ក្នុង​សង្គម ។

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ ដែល​ធ្វើ​នៅ​ខែឧសភា ដល់​ខែកញ្ញា ឆ្នាំ​២០១៥ បង្ហាញ​ថា មាន​យុវជន​៤៩%​បាន​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន​ថា ពួក​គេ​កំពុង​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ ។

អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ លោកស្រី ម៉ី សម្ផស្ស បាន​មាន​ប្រសាសន៍​ថា ៖ «​ភាព​អត់​ការងារ​ធ្វើ​នេះ គឺ​បណ្ដាល​មក​ពី​គុណភាព​នៃ​ការ​អប់រំ​របស់​កម្ពុជា​នៅ​មាន​កម្រិត ប្រាក់ខែ​ទាប កង្វះ​ជំនាញ​ស្រប​តាម​តម្រូវការ​ទីផ្សារ និង​បញ្ហា​បក្ខពួក​និយម ជាដើម​» ។

លោកស្រី​បន្ត​ថា ៖ «​យោង​តាម​ការ​ធ្វើការ​ជាមួយ​ក្រុម​យុវជន លោកស្រី​បាន​សង្កេត​ជា​ទូទៅ​ថា ចំនួន​នៃ​ភាព​អត់​ការងារ​ធ្វើ​នេះ គឺ​ចេះ​តែ​មានការ​កើន ដោយសារ​ទីផ្សារ​ការងារ​ដែល​មាន​ប្រាក់​ចំណូល​សមរម្យ​នៅ​កម្រិត​ទាប​នៅឡើយ ។ ម្យ៉ាងវិញទៀត ការងារ​ដែល​យុវជន​មួយ​ចំនួន​កំពុង​ធ្វើ​កំពុង​តែ​មាន​ហានិភ័យ ដូច​ជា ការងារ​សំណង់ ជាដើម ។​ល​។ មាន​យុវជន​ខ្លះ​ទៀត​ធ្វើការ​ខុស​ជំនាញ នាំ​ឱ្យ​ការងារ​របស់​ពួក​គេ​គ្មាន​ភាព​ជាប់លាប់ ដែល​ជួន​មាន​ធ្វើ ជួន​ក៏​អត់​ធ្វើ ។ កត្តា​នេះ​ជំរុញ​ឱ្យ​ពួក​គេ​ធ្លាក់ខ្លួន​ប្រឡូក​ក្នុង​ការ​ប្រើប្រាស់​គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង​យ៉ាង​ជោគ​ជាំ​» ។

ក្នុង​របាយការណ៍​ស្រាវជ្រាវ​ខាងលើ ក៏​បាន​ឆ្លុះ​បញ្ចាំង​ផង​ដែរ​ថា យុវជន​នៅ​ទីប្រជុំជន​បាន​ចាត់​ទុក​ថា បញ្ហា​គ្មាន​ការងារ​ធ្វើ ប្រាក់ខែ​ទាប ខ្វះ​ជំនាញ​ដែល​ស្រប​តាម​តម្រូវការ​ទីផ្សារ គឺជា​បញ្ហា​សំខាន់ ។ ចំណែក​យុវជន​នៅ​តាម​តំបន់​ជនបទ​មាន​ទស្សនៈ​ខុស​ប្លែក​គ្នា​បន្តិច​ថា គុណភាព​នៃ​ការ​អប់រំ​នៅ​មាន​កម្រិត​ទាប ការ​ប្រើប្រាស់​គ្រឿងញៀន និង​ចំណាកស្រុក គឺជា​បញ្ហា​គន្លឹះ​ដែល​ជះ​ឥទ្ធិពល​ដល់​ជីវិត​យុវជន​នៅ​តំបន់​ជនបទ ។

តាម​ការ​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា នៅ​មាន​បញ្ហា​មួយទៀត គឺ​ខ្វះ​ឱកាស​ការងារ​សម​ស្រប​ដល់​យុវជន បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ពី​មធ្យមសិក្សា ឬ​មហាវិទ្យាល័យ ។
របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​បង្ហាញ​ដែរ​ថា សព្វ​ថ្ងៃនេះ ក្នុង​ចំណោម​យុវជន​ដែល​មាន​បរិញ្ញាបត្រ មាន​និស្សិត​ប្រមាណ​ជាង​៣០%​ប៉ុណ្ណោះ ដែល​ទទួល​បានការ​ងារ​ធ្វើ ហើយ​ក្នុង​ចំណោម​អ្នក​ទាំងនោះ ភាគច្រើន​ធ្វើ​ការងារ​ខុស​ជំនាញ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរ​ថា ៖ «​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ក៏​មាន​បញ្ហា​ដែរ ជា​ពិសេស ក្រុមហ៊ុន​អាកាស​ទេសចរណ៍ គឺ​អត់​ដែល​រៀន​ត្រូវ​ជំនាញ​ទេ ជួនកាល​ពួក​គាត់​រៀន​ផ្នែក​ព័ត៌មានវិទ្យា ឬ​ខាង​គណនេយ្យ និង​ជំនាញ​ផ្សេង​ៗ​។ រីឯ​វិស័យ​ផ្សេង​ៗ​វិញ ក៏​មិន​ទាន់​មាន​សាលា​ណា​បង្រៀន​សម្រាប់​ការងារ​ដែល​ខាង​ឯកជន​ត្រូវការ​នៅឡើយ​ទេ ។ បច្ចុប្បន្ន យុវជន​ដែល​រៀន​ចំ​ជំនាញ​មាន​មិន​ដល់​៣០​ភាគរយ​ទេ ដែល​ទទួល​បានការ​ងារ​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន​» ។

លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ មាន​ប្រសាសន៍​ថា ៖ «​បញ្ហា​ប្រឈម​សម្រាប់​យុវជន​ក្នុង​សេដ្ឋកិច្ច​នោះ គឺ​គ្មាន​ការងារ​ធ្វើ​គ្រប់គ្រាន់ និង​គ្មាន​ជំនាញ​ឱ្យ​ត្រូវ​នឹង​ការងារ​ដែល​គេ​ត្រូវការ  ។ យុវជន​ភាគច្រើន​គ្មាន​ជំនាញ​ស៊ី​នឹង​ការងារ​ទេ ហើយ​ការងារ​ដែល​មាន​ហើយ ពួក​គេ​មិន​ចង់​ធ្វើ ដោយសារ​តែ​មិន​ចូល​ចិត្ត​បរិយាកាស​ការងារ និង​ប្រាក់បៀវត្ស​ទ្រទ្រង់​ជីវភាព​មិន​បាន​» ។

មន្ត្រី​នាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ មាន​ប្រសាសន៍​ថា ៖ «​អត្រា​អត់​ការងារ​ធ្វើ​របស់​យុវជន​មាន​អាយុ​ពី​១៥​ឆ្នាំ ដល់​៣៥​ឆ្នាំ នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​០,៧​ភាគរយ មាន​ន័យ​ថា យុវជន​៩៩,៣​ភាគរយ​ទៀត​មានការ​ងារ​ធ្វើ​។ ដោយឡែក សម្រាប់​យុវជន​ដែល​កំពុង​រៀន​នៅ​មហាវិទ្យាល័យ រួច​ពេល​រៀន​ចប់​ហើយ​មិន​ទាន់​ទទួល​បានការ​ងារ​ធ្វើ​មាន​ប្រមាណ​១៧​ភាគរយ​។ ការ​តាំងពិព័រណ៍​ការងារ​ប្រចាំឆ្នាំ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​យុវជន​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​» ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ពី​ក្រសួង​លើ​ការងារ​របស់​យុវជន​នេះ លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ មាន​ប្រសាសន៍​ថា ៖ «​គ្មាន​សេដ្ឋកិច្ច​ណាមួយ​មាន​ការងារ​សម្រាប់​ឱ្យ​យុវជន​ធ្វើ​ពេញ​៩៩​ភាគរយ​ទេ វា​ពិបាក​នឹង​ទុកចិត្ត​ណាស់​លេខ​នេះ គឺ​អាស្រ័យ​ទៅ​លើ​ការ​ឱ្យ​និយម​ន័យ​ទៅ​ពាក្យ​ការងារ​» ។

ជា​ទូទៅ មិន​អាច​មាន​ដល់​៩៩​ភាគរយ​ទេ ទោះបីជា​ប្រទេស​ជឿនលឿន​យ៉ាងណា ក៏​សម្រាប់​យុវជន ឬ​កម្លាំង​ពលកម្ម​ទូទៅ មិន​ងាយ​ធ្វើ​បាន​៩៩​ភាគរយ​ទេ ។ ជាក់ស្តែង នៅ​កម្ពុជា យើង តើ​ឱកាស​ការងារ​អាច​ផ្តល់​ឱ្យ​យុវជន​បាន​៩៩​ភាគរយ​ទេ ប្រសិនជា​មើលទៅ វា​ប្រហែល​មិន​អាច​ទេ ដោយសារ​មនុស្ស​មួយ​ចំនួន​ធំ​បាន​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ៕