ករណី​បាញ់សម្លាប់​នគរបាល​និង​មេព្រៃ​នៅ​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់

ខេត្តព្រះវិហារ​៖​ជុំវិញ​ករណី​បាញ់សម្លាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​នគរបាល​នៅ​ស្រុក​ជាំ​ក្សាន្ត រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុងនោះ​មាន​ម្នាក់​ជា​ទាហាន​។ 

​    ​ជនសង្ស័យ ទាំង​៣​រួមមាន​៖ ទី​១​ឈ្មោះ​.​ចាន់ លឿង ហៅ លិ​ង អាយុ​៥៣​ឆ្នាំ ជា​ទាហាន​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៩ ឈរជើង​នៅ​ស្រុក​ជាំ​ក្សាន្ត ។ ជននេះ​ឃាត់ខ្លួន​កាលពី​ថ្ងៃ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ទី​២.​ឈ្មោះ តាក់ អង អាយុ​៣៥​ឆ្នាំ និង​ទី​៣​មានឈ្មោះ សៀង វ​ណ្ណី ហៅ ប្រុស អាយុ​៣៣​ឆ្នាំ​។ ជន​ទាំង​២​រស់នៅ​ភូមិ​រុងរឿង​៣ ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ 

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ី គិរី ស្នងការ​នគរបាល​ខេត្ត បាន​និយាយ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែ វិច្ឆិកា​នេះ​ជន សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​៣ នៅ​ស្នងការ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​។ លោក​អះអាងថា ជន​ទាំង​៣​គឺជា​ជនសង្ស័យ​បំផុត ដែល​ជាប់​ពាក់ ព​ន្ធ័​ទៅនឹង​ការបាញ់រះ​ដោយ​អាវុធ​សម្លាប់​មកលើ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ , នគរបាល និង​ទាហាន កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ នៅ​ចំណុច​ភូមិ​របុញ ឃុំ មរតក ស្រុក​ជាំ​ក្សាន្ត​។ 

​    ​ចំណែក ជនរងគ្រោះ​នៃ​អំពើ​បាញ់ប្រហារ​នោះ​បណ្តាល​ឲ្យ​ស្លាប់​នោះ​គឺមាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​ឈ្មោះ សៀង ណា​រ៉ុង អាយុ​៤៥​ឆ្នាំ ទី​២.​ឈ្មោះ​សាប់ យស់ អាយុ​៣២​ឆ្នាំ ជា​មន្ត្រីនគរបាល​ស្រុក​ឆែប (​ស្លាប់​), ទី​៣. ភេទ សុ​ភ័​ណ្ឌ អាយុ​៣០​ឆ្នាំ ជា​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​១០៥ (​របួស​) និង​ទី​៤.​ឃឹម ចិន្តា អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា​វរ​សេនា​តូច​៣៩៥ (​រត់​រួច​)៕

ករណី​បាញ់សម្លាប់​នគរបាល​និង​មេព្រៃ​នៅ​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់