GMAC៖ ច្បាប់ស្តីពីសហជីព មិនអាចដោះស្រាយ បញ្ហាវិស័យឯកជន ឲ្យមានប្រសិទ្ធភាពឡើយ

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើ  ច្បាប់ស្តីពីសហជីព ដែលគណៈរដ្ឋមន្រ្តី បានអនុម័តនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ GMAC អះអាងថា  សេចក្តីព្រាងច្បាប់នេះ នឹងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ ដែលវិស័យ ឯកជនកំពុងជួបប្រទះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ GMAC នៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ  មិនបានពិចារណាដាក់បញ្ចូលនូវក្តីបារម្ភ របស់និយោជកឡើយក្រៅតែពីចំណុចទាំងឡាយ ដែលបានលើកឡើង  ដោយអង្គការអន្តរជាតិខាងការងារ និងសហជីព។

GMAC បានគូសបញ្ជាក់ថា ការកំណត់ចំនួនអប្បបរមាតម្រូវសម្រាប់សហជីព ត្រឹម ១០នាក់នៅក្នុងច្បាប់នេះ នឹង បង្កឲ្យមានសហជីពច្រើនលើសលុបក្នុងគ្រឹះស្ថានសហគ្រាសមួយ។

GMAC បានរំពឹងទុកថា ច្បាប់ស្តីពីសហជីព នឹងមានការពិនិត្យ និងពិចារណាឲ្យបានល្អិតល្អន់ មុននឹងបញ្ជូនទៅ ដៃសភា។ GMAC ក៏បានស្នើឲ្យមេដឹកនាំសហជីពមានកម្រិតអប់រំអប្បរមាត្រឹមបឋមភូមិឡើងទៅ ដើម្បីបង្កលទ្ធ ភាពឲ្យមានការពិភាក្សាចរចាប្រកបដោយប្រសិទ្ធភាព លើបញ្ហាសំខាន់ៗ ដែលប៉ះពាល់ដល់កម្មករ និយោជិត និង ឧស្សាហកម្ម។

ច្បាប់ស្តីពីសហជីពត្រូវបានរាជរដ្ឋាភិបាលអនុម័តរួចរាល់ហើយនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ នៅក្នុងកិច្ចប្រជុំគ ណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ច្បាប់ស្តីពីសហជីពនេះ មានគោលបំណង ផ្ត ល់សិទ្ធិ និងសេរីភាព ដល់គ្រឹះស្ថានទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការ  តាមផ្លូវអាកាស និងផ្លូវសមុទ្រ។ កំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត  និងនិយោជកនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពី ការ  ងារ និងបុគ្គលិក ធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ។ ធានានូវសិទ្ធិសេរីភាពក្នុងការ ចរចាជាសមូហភាព រវាង កម្មករ និយោជិត និងនិយោជក។ ជំរុញឲ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ នឹងរួមចំណែកក្នុងការអភិវឌ្ឍ ការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ។

ច្បាប់នេះ មាន១៧ជំពូក និង ៩១មាត្រា ហើយបានស្ថិតនៅក្នុងការមិនពេញចិត្ត ពីសំណាក់សហជីពជាច្រើនផង ដែរ៕

GMAC៖ ច្បាប់ស្តីពីសហជីព មិនអាចដោះស្រាយ បញ្ហាវិស័យឯកជន ឲ្យមានប្រសិទ្ធភាពឡើយ