មេសហជីពកម្ពុជា ស្វាគមន៏ និងសាទរ សេចក្តីព្រាងច្បាប់ សហជីព ក្រោយរាជ រដ្ឋាភិបាលអនុម័ត មុនបញ្ជូនទៅរដ្ឋសភា

ភ្នំពេញ : ក្រោយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេច អនុម័តលើ សេចក្តីព្រាងច្បាប់ ស្តីពីសហជីព នៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានសាទរ និងលើកឡើងថា សេចក្តីព្រាងច្បាប់នេះ នឹងធ្វើឲ្យមានភាព សុខដុមរមនា និងសន្តិភាព លើវិស័យកាត់ដេរ នៅកម្ពុជា ។

លោក សោម អូន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានបញ្ជាក់ថា ចុងក្រោយសេចក្តីព្រាងច្បាប់ សហជីពត្រូវបាន កែសម្រួលនូវកង្វល់ធំៗដូចជា:

ទី១-ការបង្កើតសហជីព

នៅក្នុងសេចក្តីព្រាងដំបូង អាចបង្កើតសហជីព នៅក្រុមហ៊ុនមួយបាន លុះត្រាមានកម្មករចូលរួម ចំនួន២០ភាគរយសិន ទើបអាចបង្កើតបាន ដែលនេះជាចំនុចក្តៅរបស់សហជីព ពីព្រោះបើមិនទាន់ មានសហជីពជាមុនទេ គឺមិនអាចរកកម្មករ ២០ភាគរយបានទេ ។ តែសេចក្តីព្រាងច្បាប់ចុងក្រោយ គឺកំណត់តែចំនួនកម្មករ១០នាក់ប៉ុណ្ណោះ ក្នុងមួយរោងចក្រគឺអាចបង្កើតសហជីពបាន ។

ទី២-ការកំណត់អាយុថ្នាក់ដឹិកនាំសហជីព

នៅក្នុងច្បាប់ស្តីពីការងារដែលកំពុងអនុវត្តសព្វថ្ងៃគឺកម្មករដែលមានអាយុចាប់ពី២៥ឡើងទើបអាចធ្វើជាថា្នក់ដឹកនាំសហជីពបាន តែសេចក្តីព្រាងច្បាប់ចុងក្រោយ គឹកំណត់អាយុតែត្រឹម១៩ឆ្នាំប៉ុណ្ណោះមានសិទ្ឋិធ្វើជាថ្នាក់ដឹកនាំសហជីពបានហើយ ។

ទី៣-ការធ្វើលិខិតថ្កោលទោស

ការអនុវត្តបច្ចុប្បន្នថ្នាក់ដឹកនាំសហជីព៣រូបត្រូវធ្វើលិខិតថ្កោលទោសនៅក្រសួងយុត្តធម៏ទើបអាចមានសិទ្ឋិចុះបញ្ជិកាសហជីពនៅក្រសួងការងារបាន ។ ការធ្វើលិខិតថ្កោលទោសនេះត្រូវការឯកសារស្មុគ្រស្មាញ ចំណាយពេលយូរ និង ចំណាយថវិកាច្រើន ។ តែសេចក្តព្រាងច្បាប់ចុងក្រោយ មិនតម្រូវអោយធ្វើលិខិតថ្កោលទោសពីក្រសួងយុត្តុធម៌ទេ គឺតម្រូវអោយសមីុខ្លួនគ្រាន់តែធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនប៉ុណ្ណោះ ។

ទី៤-សិទ្ឋិស្នើសុំភាពជាតំនាងបំផុត

នៅក្នុងច្បាប់សី្តពីការងារ និង សេចក្តីប្រកាសលេខ៣០៥ សហជីពដែលមានសិទ្ឋិស្នើសុំភាពជាតំនាងបំផុត(MRS) បានលុះត្រាតែមានសមាជិក៥០%+១ឡើង តែនៅក្នុងសេចក្តីព្រាងច្បាប់ថ្មីគឺតម្រូវ អោយសហជីព មានសមាជិកត្រឹមតែ៣០%+១ ប៉ុណ្ណោះគឺមានសិទ្ឋិស្នើសុំភាពជាតំណាងបំផុតបានហើយ ។

ទី៥-អំពីទោសទណ្ឌ

នៅក្នុងសេចក្តីព្រាងច្បាប់ដំបូងគឺសហជីពដែលអនុវត្តខុសច្បាប់គឺត្រូវមានទោស តែចំនុចនេះត្រូវបានលុបចោលទាំងស្រុងហើយ ៕

មេសហជីពកម្ពុជា ស្វាគមន៏ និងសាទរ សេចក្តីព្រាងច្បាប់ សហជីព ក្រោយរាជ រដ្ឋាភិបាលអនុម័ត មុនបញ្ជូនទៅរដ្ឋសភា