បក្ស​ប្រឆាំង​សាទរ​ចំណាត់ការ​រដ្ឋាភិបាល​រឿង​បញ្ឈប់​ជួល​ដី​តាម​ព្រំដែន​ឲ្យ​ប្រទេស​ជិត​ខាង

បក្ស​ប្រឆាំង និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​​សាទរ​ចំពោះ​ចំណាត់​ការ​រដ្ឋាភិបាល ដែល​បញ្ជា​ឲ្យ​ពលរដ្ឋ​តាម​ព្រំដែន​បញ្ឈប់​ជួល​ដី​ឲ្យ​ប្រទេស​ជិត​ខាង។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង យល់​ថា ចំណាត់​ការ​នេះ​ល្អ​ដែរ តែ​ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​គួរ​មាន​ចំណត់​ការ លើ​រឿង​ពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ដីធ្លី។ លោក អេង ឆៃអ៊ាង បន្ត​ថា រដ្ឋាភិបាល​ខ្លួន​ឯង គួរ​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​បរទេស។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន កុំ​ឲ្យ​ជួល​ដី​ឲ្យ​បរទេស​ទៀត ដែល​មាន​ដូចជា​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​ឡាវ។

ចំណាត់​ការ​របស់ លោក ហ៊ុន សែន បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃទី១៣ ខែវិច្ឆិកា។

ស្រដៀង​គ្នា​នេះ​ដែល អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ក៏​ស្វាគមន៍​វិធានការ​របស់​រដ្ឋាភិបាល​ពេលនេះ ត្បិត​តែ​លោក កែម ឡី យល់​ថា​យឺត​ពេល​បន្តិច​ក្តី។ ជាង​នេះ​ទៅ​ទៀត អ្នកស្រាវជ្រាវ​ដដែល​យល់ថា ដើម្បី​ឲ្យ​ការ​អនុវត្ត សារាចរ​នេះ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង រឿង​ពលរដ្ឋ​ខ្មែរ​ជួល​ដី​ឲ្យ​ជនបរទេស ហើយ​រដ្ឋាភិបាល​ត្រូវ​មាន​កញ្ចប់​ថវិកា សង​លុយ​ថ្លៃ​ជួល​ដី​ជំនួស​ពលរដ្ឋ។

ជាង​ទៅ​ទៀត លោក កែម ឡី ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន ដើម្បី​ឲ្យ​ពលរដ្ឋ​រស់នៅ​ទីនោះ​វិញ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។