មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រៀម​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​បក្ស​កាន់​អំណាច ត្រៀម​ខ្លួន​ក្នុង​ការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី ជា​ជាង​ការ​ប្រកាស​សង្គ្រាម។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា អះអាង​ថា បក្ស​ប្រឆាំង​គ្មាន​លទ្ធភាព​យក​ឈ្នះ​គូ​ប្រកួត​របស់​ខ្លួន​នោះ​ឡើយ។

អនុ​ប្រធាន​គណៈកម្មការ​នាយក និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ជំរុញ​ឲ្យ​មេដឹកនាំ​ខ្មែរ​ទាំង​អស់​ត្រូវ​ដាក់​ចិត្ត​ដាក់​កាយ​ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្ដូរ​អំណាច​ដោយ​សន្តិវិធី​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី៖ «ខ្ញុំ​ចង់​និយាយ​ថា អ្នក​ដឹក​នាំ​ខ្មែរ​គួរ​តែ​ត្រៀមខ្លួន​សម្រាប់​ការ​ផ្លាស់ប្ដូរ ហើយ​យើង​អត់​ត្រូវ​មាន​មោទនភាព​ថា អត់​មាន​ការ​ផ្លាស់ប្ដូរ​នោះ​ទេ មេដឹកនាំ។ យើង​មើល​ការ​ផ្លាស់ប្ដូរ​មិនមែន​នៅ​ភូមា​ទេ តែ​វា​មាន​នៅ​ឥណ្ឌា រួច​មក​ហើយ។ ដូច្នេះ​អ្នក​នយោបាយ​ដែល​កំពុង​កាន់​អំណាច​ហ្នឹង ត្រូវ​ត្រៀមខ្លួន​ដើម្បី​ឲ្យ​ការ​ផ្លាស់ប្ដូរ​ហ្នឹង​វា​វិជ្ជមាន»

ការ​ថ្លែង​របស់​លោក អេង ឆៃអ៊ាង ធ្វើ​ឡើង​នៅ​បន្ទាប់ពី​មាន​ការ​បោះ​ឆ្នោត​ផ្លាស់ប្ដូរ​មេដឹកនាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា។ អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំ​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ពុធ ទី​១១ ខែ​វិច្ឆិកា អះអាង​ថា ប្រធានាធិបតី​ប្រទេស​មីយ៉ាន់ម៉ា សន្យា​ថា នឹង​ផ្ទេរ​អំណាច​ទៅ​គណបក្ស​ប្រឆាំង​ដោយ​សន្តិវិធី។

ក្នុង​លិខិត​ដែល​ផ្ញើ​ទៅ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដឹកនាំ​ដោយ​អ្នកស្រី អ៊ុង សាន ស៊ូជី ប្រធានាធិបតី ថេន សេន (Thein Sein) បញ្ជាក់​ថា រដ្ឋាភិបាល​ស្វាគមន៍​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​លទ្ធផល​នាំ​មុខ​ក្នុង​ការ​បោះឆ្នោត ហើយ​ថា រដ្ឋាភិបាល​នឹង​ផ្ទេរ​អំណាច​តាម​ច្បាប់​កំណត់។

​លោក អេង ឆៃអ៊ាង បន្ត​ថា ពលរដ្ឋ​ទូទៅ​តែង​ចង់​បាន​ការ​ផ្លាស់ប្ដូរ បើ​ទោះ​បី​មេដឹកនាំ​នោះ​ជា​មេដឹកនាំ​ល្អ​មិន​ដែល​ធ្វើ​អាក្រក់​ក៏ដោយ។ លោក​បន្ត​ថា ពាក្យ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី​ជា​ពាក្យ​ដ៏​ស៊ីវិល័យ​បំផុត​សម្រាប់​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ជុំវិញ​ការ​អំពាវ​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា កម្ពុជា​លំបាក​ធ្វើការ​ផ្ទេរ​អំណាច​ដោយសារ​មិន​ទាន់​មាន​បក្ស​ណា​អាច​យក​ឈ្នះ​បក្ស​កាន់​អំណាច​នៅ​ឡើយ។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ​អះអាង​ថា លក្ខណៈ​សម្បត្តិ​របស់​លោក សម រង្ស៊ី គឺ​ខុស​គ្នា​ឆ្ងាយ​ពី​អ្នកស្រី អ៊ុង សាន ស៊ូជី នៅ​ភូមា៖ «ខ្ញុំ​មិន​យល់​ថា គាត់​ឲ្យ​ផ្លាស់ប្ដូរ​យ៉ាងម៉េច គាត់​ឃើញ អ៊ុង សាន ស៊ូជី ឈ្នះ​ហ្នឹង នឹក​ថា សម រង្ស៊ី នឹង​ឈ្នះ​ដែរ​យ៉ាង​ម៉េច? ខ្ញុំ​សូម​ជម្រាប​ថា គាត់​អត់​មាន​សំណាង​អ្វី​ដូច អ៊ុង សាន ស៊ូជី ទេ។ ចំណុច​ដែល​លោកស្រី អ៊ុង សាន ស៊ូជី ឈ្នះ​ឆ្នោត​ហ្នឹង​គឺ​វា​មាន​ចំណុច​ខ្លាំង​របស់​គាត់ ប៉ុន្តែ​បើ​ប្រៀបធៀប​មក​បក្ស​ប្រឆាំង​នៅ​កម្ពុជា វា​អត់​មាន​ចំណុច​ខ្លាំង​អី​សោះ។ អ៊ីចឹង​ទេ គឺ​ថា​លទ្ធភាព​នៃ​ការ​ឈ្នះ​ឆ្នោត​គឺ​អត់​មាន។ បើ​អត់​មាន​ទេ គឺ​វា​អត់​មាន​លក្ខណៈ​ដែល​ផ្ទេរ​អំណាច​ទេ»

លោក សុខ ឥសាន និយាយ​បន្ទរ​តាម​មេ​របស់​លោក​ថា លោក សម រង្ស៊ី កើត​ចេញ​ពី​ត្រកូល​ក្បត់​ជាតិ ដែល​ផ្ទុយ​ពី​អ្នកស្រី អ៊ុង សាន ស៊ូជី មាន​ឪពុក​ជា​អ្នក​ស្នេហា​ជាតិ។

ទោះ​ជា​យ៉ាង​ណា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ពុធ ទី​១១ ខែ​វិច្ឆិកា បាន​ផ្ញើ​សារ​នយោបាយ​ចុង​ក្រោយ​របស់​លោក ទៅ​កាន់​មេ​បក្ស​ជំទាស់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​ហៅ​លោក សម រង្ស៊ី ថា ជា​កូន "អា​ក្បត់​ជាតិ"៖ «ខ្ញុំ​គ្រាន់តែ​និយាយ​តាម​សម្ដេច​ព្រះ នរោត្តម សីហនុ អំពី សម សារី ក្បត់​ជាតិ។ តែ​ឪ​ក្បត់​ជាតិ​វា​ត្រូវ​កូន​មាន​ឈ្មោះ​ថា កូន​អា​ក្បត់​ជាតិ​ហើយ។ គេ​មិន​ដែល​ហៅ​ឯកឧត្ដម​ក្បត់​ជាតិ​ទេ គេ​ហៅ អា​ក្បត់​ជាតិ»

ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​សម្ដី​ធ្ងន់ៗ​របស់​លោក ហ៊ុន សែន នេះ វិទ្យុ​អាស៊ីសេរី បាន​ទទួល​សារ​អ៊ីមែល​របស់​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សរសេរ​ថា៖ «បើ​ថ្ងៃ​ណា​មួយ​លោក ហ៊ុន សែន ត្រូវ​គេ​ចោទ​ប្រកាន់​ពី​រឿង​អ្វី​មួយ​នៅ​ចំពោះ​មុខ​តុលាការ​ណា​មួយ ខ្ញុំ​នឹង​ចេញ​មុខ​មុន​គេ​ការពារ​កូន​របស់​លោក បើ​កូន​ទាំង​នោះ​ទទួល​នូវ​ការ​ស្ដី​បន្ទោស​ណា​មួយ ពីព្រោះ​កូន​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ ហើយ​ក៏​មិន​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង​រឿង​ដែល​គេ​ចោទ​ប្រកាន់​ឪពុក​នោះ​ដែរ»

ងាក​មក​បញ្ហា​នៃ​ការ​ចង់​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ដូច​នៅ​ប្រទេស​ភូមា វិញ លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាង​ថា លោក ហ៊ុន សែន គួរ​រៀន​សូត្រ​តាម​ប្រទេស​ភូមា។

លោក​ថា ទោះ​បី​រដ្ឋាភិបាល​ប្រទេស​នេះ​ជា​រដ្ឋាភិបាល​ដែល​តែង​គាប​សង្កត់​សិទ្ធិ​របស់​ពលរដ្ឋ​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​នេះ​ដឹង​ខ្លួន​ថា មាន​តែ​លទ្ធិប្រជាធិបតេយ្យ​ទេ​ដែល​ជា​អនាគត​របស់​ប្រទេស​ពិត​ប្រាកដ៖ «មេដឹកនាំ ឬ​គណបក្ស​នយោបាយ​ភាគ​ច្រើន​ដែល​កាន់​អំណាច​យូរ គឺ​មិន​ចង់​ចុះ​ចេញ​ពី​អំណាច​នោះ​ឡើយ។ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ថា ទោះ​បី​ពួក​គេ​ជា​រដ្ឋាភិបាល​ដ៏​ល្អ​ជាង​បំផុត​ក្នុង​លោក​នេះ​ក៏ដោយ តែ​វា​ជា​ធម្មជាតិ​របស់​មនុស្ស​ទេ ដែល​ធុញ​ទ្រាន់​នឹង​ការ​ដឹកនាំ​ដដែលៗ។ មេដឹកនាំ​ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ​អស់​អំណាច​មិន​មែន​ដោយសារ​ការ​ដឹកនាំ​របស់​គេ​មិន​ល្អ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​ជិន​ណាយ​មិន​ចង់​ឃើញ​មុខ​មេដឹកនាំ​ដដែលៗ​តាម​កញ្ចក់​ទូរទស្សន៍ ហើយ​ស្ដាប់​សំឡេង​របស់​គេ​តាម​វិទ្យុ​រាល់​ថ្ងៃ​នោះ»

លោក ប្រ៊ែត អាដាម បន្ត​ថា ពលរដ្ឋ​កម្ពុជា ក៏​ដូច្នោះ​ដែរ គឺ​ពួកគេ​ជិនណាយ​ពេល​ស្ដាប់​សម្ដី​របស់​លោក ហ៊ុន សែន ដែល​តែងតែ​ស្រែក​គំរាម​នេះ គំរាម​នោះ ចង់​បង្ក​អស្ថិរភាព​ក្នុង​សង្គម និង​បង្ក​ជម្លោះ​ជាមួយ​គូ​ប្រជែង​របស់​ខ្លួន​មិន​ចេះ​ចប់។

អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ រូប​នេះ​អះអាង​ទៀត​ថា គ្មាន​នរណា​ម្នាក់​ដែល​កើត​មក​មាន​សិទ្ធិ​ពី​កំណើត​ក្នុង​ការ​គ្រប់​គ្រង់​ប្រទេស​អស់​មួយ​ជីវិត​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ដែល​កើត​មក​មាន​សិទ្ធិ​កាន់​អំណាច​នោះ​ដែរ បើ​ទោះ​បី​អ្នក​នោះ​ស្ថិត​ក្នុង​វង្ស​ត្រកូល​រាជវង្ស ឬ​កូន​ប្រធានាធិបតី​កម្រិត​ណា​ក៏ដោយ។ ហេតុ​ដូច្នេះ​លោក ហ៊ុន សែន ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​ជ្រើសរើស​នូវ​សេចក្ដី​ថ្លៃថ្នូរ​មួយ​ក្នុង​ការ​បង្ហាញ សាធារណជន​នូវ​ការ​គោរព​របស់​ខ្លួន ប្រសិនបើ​ខ្លួន​ចាញ់​ឆ្នោត ហើយ​ចាក​ចេញ​ពី​អគារ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។