សម្តេច​ហ៊ុនសែន ប្រកាស​ឲ្យ​សើរើ​សំណុំរឿង​បាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់ដេរ កាលពីដើមឆ្នាំ​២០១៤

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា​នេះ បានប្រកាស​ឲ្យ​សមត្ថកិច្ច សើរើ​សំណុំរឿង​បាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់ដេរ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៣ និង​ដើមខែ​មករា ឆ្នាំ​២០១៤​។ សំណុំរឿង​បាតុកម្ម​នោះ ត្រូវបាន​សម្តេច​ហ៊ុនសែន លើកឡើងថា ជាប់​ពាក់ព័ន្ធ​នឹង​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ដែល​បានប្រកាស​ឲ្យ​កម្មករ ចេញមក​ធ្វើបាតុកម្ម ទាមទារ​ឡើង​ប្រាក់ខែ នាំ​ឲ្យ​មានការ​វាយកម្ទេច​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ​មួយចំនួន​។​

​សេចក្តីប្រកាស​របស់​ស​ម្តេច​ហ៊ុនសែន ខាងលើនេះ បានធ្វើ​ឡើង បន្ទាប់ពី​សម្តេច កាលពី​រសៀល​ថ្ងៃទី​១២​វិច្ឆិកា បានលើកឡើង​ក្នុង​វិ​ដេ​អូ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា លោក​សមរង្ស៊ី និង​លោក​កឹម​សុខា រួមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត មកដល់ពេលនេះ នៅជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់ដេរ នៅឡើយ​ទេ​៕