​លោក ស៊ុំ ផន ប្រធាន​សហគមន៍​នេសាទ ឃុំ​បា​ស្រែ ស្រុក​អង្គរបុរី លក់​តំបន់​នេសាទ​ឥ​ឲ្យ​ជនជាតិ​យួន​

បើទោះជា​លោក ស៊ុំ ផន ប្រធាន​សហគមន៍​នេសាទ ឃុំ​បា​ស្រែ ក្នុងស្រុក​អង្គរបុរី បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ក៏ដោយ ក៏​ប្រភពពី​សមត្ថកិច្ច​មួយចំនួន​បាន​បញ្ជាក់ថា លោក ស៊ុំ ផន ប្រធាន​សហគមន៍​នេសាទ ឃុំ​បា​ស្រែ ពិតជា​បាន​លក់​តំបន់​នេសាទ​យ៉ាងតិច​ចំនួន​៧​កន្លែង​នៅក្នុង​ស្រុក​អង្គរបុរី​ឲ្យ​ជនជាតិ​យួន​ធ្វើការ​នេសាទ​យ៉ាង​គឃ្លើន​។

មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អង្គរបុរី លោក សុខ ឡេះ បាន​បញ្ជាក់ថា ប្រធាន​សហគមន៍​នេសាទ​ឃុំ​បា​ស្រែ​គឺ​លោក ស៊ុំ ផន ពិតជា​បាន​លក់​កន្លែង​ដាក់​ដាយ​ត្រី និង​បង្កង​ចំនួន​៧​កន្លែង ទៅ​ឲ្យ​ជនជាតិ​យួន គ្រប់គ្រង​ប្រាកដ​មែន ព្រោះ​កម្លាំង​របស់លោក​បាន​ចុះ​ទៅដល់​ចំណុច​ខាងលើ​ផ្ទាល់ តែ​លោក​មិនបាន​ដឹងថា លោក ស៊ុំ ផន លក់​ទីតាំង​ដាយ​ត្រី​បង្កង​មួយកន្លែង តម្លៃ​ប៉ុន្មាន​ពាន់​ដុល្លារ​នោះទេ​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​មិន​សប្បាយចិត្ត​។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី ខេត្តតាកែវ បាន​បញ្ជាក់ថា ជនជាតិ​យួន​បាន​ទិញ​កន្លែង​ដាក់​ដាយ​ត្រី​បង្កង ពី​លោក ស៊ុំ ផន ប្រធាន​សហគមន៍ នេសាទ​ឃុំ​បា​ស្រែ ដោយ​ដាយ​ត្រី​បង្កង​១​កន្លែង​មានតម្លៃ ៣០០០​ដុល្លារ ហើយ​កន្លែង​ដាក់​ដាយ​ត្រី​បង្កង​នៅក្នុង​សហគមន៍​នេះ មាន​ចំនួន​៧​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សព្វថ្ងៃ​មាន​ជនជាតិ​យួន​កាន់តែ​ច្រើនឡើងៗ​បាន​ចូលមក​ដាក់​ដាយ​ត្រី​បង្កង នៅ​ចំណុច​សហគមន៍​នេសាទ​ឃុំ​បា​ស្រែ ក្នុងស្រុក​អង្គរបុរី​។​

ចំពោះមុខ​បញ្ហា​នេះ អភិបាលស្រុក​អង្គរបុរី លោក ឌឹ​ម គឹម​សាន កាលពីពេល​ថ្មីៗ​នេះ បានស្នើ​សុំ​ដល់​អ្នកសារព័ត៌មាន​ឲ្យ​ជួយផ្ដល់​យោបល់ ក្នុងការ​បង្ក្រាប​ជនជាតិ​យួន​ដែល​ចូលមក​គ្រប់គ្រង​តំបន់​នេសាទ​មួយចំនួន ក្នុងស្រុក​នេះ តាមរយៈ​អំពើពុករលួយ​របស់​អ្នកគ្រប់គ្រង​សហគមន៍​នេសាទ​។ ចំណែក​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ស្រុក​អង្គរបុរី លោក អ៊ឹម ផាត បាន​ឆ្លើយ​យករួចខ្លួន ថា ពិត​ជាមាន​ជនជាតិ​យួន មក​គ្រប់គ្រង​សហគមន៍​នេសាទ ឃុំ​បា​ស្រែ​ពិតមែន តែ​លោក​មិនមាន​សិទ្ធ​អ្វី​នោះទេ ព្រោះ​ជា​រឿង​របស់​សហគមន៍​នេសាទ​នៅ​មូលដ្ឋាន​ផ្ទាល់​៕

SAM_0247 SAM_0243