កសិករ​កាប់​ដើម​កៅស៊ូ​ចោល​ដាំ​ម្រេច ស្រប​ពេល​ផលិត​-ផល​នេះ​កំពុង​មាន​ទីផ្សារ

ខេត្ត​មណ្ឌល​គី​រី ៖ ក្រៅពី​ម្រេច​កំពត ដែល​ជា​ផលិតផល​របស់​ខ្មែរ​មួយ​ប្រភេទ​មានការ​ទទួលស្គាល់​ពី​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​នោះ ដំណាំ​ម្រេច​មណ្ឌល​គី​រី ក៏​កំពុង​មាន​ទីផ្សារ​ល្អ​ផង​ដែរ​សម្រាប់​ឈ្មួញ​ក្នុងស្រុក ។ តម្លៃ​ម្រេច​មណ្ឌល​គី​រី​បាន​ចាប់ផ្ដើម​ឡើង​បន្តិច​ម្ដង​ៗ ដែល​ជំរុញ​ឱ្យ​ប្រជា​កសិករ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ម្រេច​បន្ថែម​ទៀត​។ ម្យ៉ាងទៀត ស្រប​ពេល​តម្លៃ​កៅស៊ូ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នោះ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​កាប់​ដើម​កៅស៊ូ​ចោល ហើយ​ងាក​មក​ដាំ​ដំណាំ​ម្រេច​វិញ ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក សុង ឃាង បាន​មាន​ប្រសាសន៍​ថា ៖ «​ប្រជាពលរដ្ឋ​បាន​ចាប់អារម្មណ៍​លើ​ការ​ដាំ​ដំណាំ​ម្រេច​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ក៏​ប៉ុន្តែ​ពុំ​សូវ​មាន​សកម្មភាព​ផុសផុល​ដូច​សព្វ​ថ្ងៃនេះ​ទេ ។ ពួក​គេ​ចាប់ផ្ដើម​សម្រុក​ដាំ​ខ្លាំង​នៅ​ចុងឆ្នាំ​២០១៣ ដើមឆ្នាំ​២០១៤ និង​រហូត​ដល់​ចុងឆ្នាំ​២០១៥ ដោយសារ​បរិមាណ​ផ្ទៃដី​ដាំ​ដំណាំ​ម្រេច​កើនឡើង​ដល់​៤៦៨​ហិ​កតា​» ។

លោក​បន្ត​ថា ៖ «​ការ​កើនឡើង​នូវ​ចំនួន​ផ្ទៃដី​ដាំ​ដំណាំ​ម្រេច​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា សេដ្ឋកិច្ច​ក្នុង​តំបន់​កំពុង​តែ​មាន​ហក់​ឡើង​ខ្ពស់ ហើយ​ក៏​ធ្វើ​ឱ្យ​ជីវភាព​អ្នកស្រុក​ល្អ​ប្រសើរ​ឡើង​ជាង​មុន​ច្រើន​ដែរ​» ។

តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ម្រេចស​ម្រេច​បាន​ចំនួន​៤៦៨​ហិ​កតា​ហើយ ខណៈ​ឆ្នាំ​២០១៤ មាន​ផ្ទៃដី​តែ​២៣៥​ហិ​កតា​ប៉ុណ្ណោះ ។

បើ​តាម​ការ​វាយតម្លៃ​របស់​អ្នក​វិនិយោគ​លើ​ដំណាំ​ម្រេច​ឱ្យ​ដឹង​ថា ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​១២.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ហិ​កតា ហើយ​អាច​ផ្ដល់​ផល​មក​វិញ​ក្នុង​ចន្លោះ​ពី​៣៥.០០០​ដុល្លារ ទៅ​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ហិ​កតា​សម្រាប់​រយៈពេល​មួយ​ឆ្នាំ ។ សព្វ​ថ្ងៃនេះ ម្រេច​មាន​តម្លៃ​ចាប់ពី​៨​ដុល្លារ ដល់​១២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូ​ក្រាម។

គួរ​បញ្ជាក់​ថា ស្រប​ពេល​តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ការ​ផ្លាស់​ប្តូរ​ពី​ដំណាំ​កៅស៊ូ​មក​ដាំ​ម្រេច​មិនមែន​មាន​តែ​ខេត្ត​មណ្ឌល​គី​រី​មួយ​ទេ ខេត្ត​ផ្សេង​ៗ​ទៀត​ដូច​ជា ខេត្តកំពង់ចាម ដែល​ល្បីឈ្មោះ​ខាង​ដំណាំ​កៅស៊ូ​នោះ ក៏​បាន​កាប់​កៅស៊ូ​ចោល​ហើយ​ងាក​មក​ដាំ​ដំណាំ​ម្រេច​ដែរ លើកលែងតែ​ក្រុមហ៊ុន​ធំ​ៗ​ដែល​មាន​ទុន​ច្រើន គឺ​នៅ​រក្សា​គម្រោង​ពង្រីក​ដំណាំ​កៅស៊ូ​ដដែល  ។

ប្រធាន​សមាគម​កៅស៊ូ​កម្ពុជា លោក ម៉ក់ គឹ​ម​ហុង មាន​ប្រសាសន៍​ថា ៖ «​សព្វ​ថ្ងៃនេះ អ្នក​ដែល​មាន​ចម្ការ​កៅស៊ូ​តិចតួច​បាន​កាប់​ដើម​កៅស៊ូ​ចោល ហើយ​ងាក​មក​ដាំ​ម្រេច​វិញ ព្រោះថា ម្រេច​ឆាប់​ទទួលផល​ជាង​កៅស៊ូ ជា​ពិសេស​ទីផ្សារ និង​តម្លៃ​ម្រេច​នៅ​ពេល​នេះ​បាន​ងើបឡើង​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។ បើ​យើង​គិត​ឱ្យ​មែនទែន​ទៅ ដំណាំ​កៅស៊ូ​ងាយស្រួល​ដាំ និង​ថែទាំ​ជាង​ម្រេច ខណៈ​ដំណាំ​ម្រេច​នៅ​រដូវប្រាំង​ក៏​មិនល្អ ហើយ​ភ្លៀង​ពេក​ក៏​មិនល្អ​» ៕