ជួសជុល​ម៉ូ​ទ័​រ​ខុស​បច្ចេកទេស​ឆក់​ខ្លួនឯង​ស្លាប់​នៅ​ស្រុក​ក្រគរ

ខេត្តពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ដោយសារ​​តែ​ជួស​ជុល​ម៉ូ​ទ័រ​ខុស​បច្ចេកទេស​ហើយ​យក​ទៅ​​កាត់​ការ៉ូ​បណ្ដាល​ឱ្យ​​ឆ្លង​ចរន្ត​អគ្គិ​ស​នី​​កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១២ ​វិច្ឆិកា​ ​២០១៥ ​នៅ​ភូមិ​ដូង ​ឃុំ​ក្បាល​ត្រាច ​ស្រុក​ក្រគរ ។​

ជន​រង​គ្រោះ​ដែល​ត្រូវ​​ខ្សែភ្លើង​ឆក់​ស្លាប់​​នេះ ត្រូវបាន​​ប៉ូ​លិស​ប្រាប់​ឱ្យដឹង​ថា ​ឈ្មោះ​ ភឿន ទ្រី ​ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ ​មាន​ប្រពន្ធ​និង​កូនប្រុស​ស្រី​២​នាក់ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​​​ជន​រង​គ្រោះ​បាន​ទៅ​លេង​វត្ត​ក្រឡាញ់​ក្នុង​ឃុំ​ក្បាល​ត្រាច​ ​ពេល​ក្រឡេក​ឃើញ​ម៉ូ​ទ័រ​គ្រប​តង់​ក្រោម​កុដិ​​ក៏​សុំ​ខ្ចី​ព្រះសង្ឃ​យក​មក​កាត់​ការ៉ូ​មួយ​ភ្លែត ​តែ​ព្រះសង្ឃ​ប្រាប់​ថា​ ម៉ូ​ទ័រ​​នេះ​​ខូច​ហើយ ​ប្រើ​មិនកើត​ទេ​ ពេល​នោះ​ជន​រង​គ្រោះ​បាន​សុំ​យក​ទៅ​ជួស​ជុល ​ប៉ុន្តែ​​ជន​រង​គ្រោះ​មិន​បាន​យក​​ទៅឱ្យ​​ជាង​ជួស​ជុល​ទេ​ គឺ​​ធ្វើ​ការ​ជួស​ជុល​ដោយ​ខ្លួនឯង​ ​ពេល​ជួស​ជុល​រួច​​ក៏​​យក​ខ្សែ​ម៉ូ​ទ័រ​ទៅ​ដោត​ព្រី​ភ្លើង​ក្រោមផ្ទះ​ រួច​ហើយ​លូកដៃ​កាន់​ច្របាច់​កុងតាក់​ម៉ូ​ទ័រ​កាត់​ការ៉ូ​ ​​ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គិ​ស​នី​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ករណី​នេះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​​ពិនិត្យ ​និង​បាន​​សន្និដ្ឋាន​ថា​ បណ្ដាល​មក​ពី​ជួស​ជុល​ម៉ូ​ទ័រ​ខុស​បច្ចេកទេស​ ទើប​បណ្ដាលឱ្យ​​ឆ្លង​ចរន្ត​អគ្គិ​ស​នី​ឆក់​ខ្លួនឯង​ស្លាប់​បែប​នេះ​. ៕