លោក ថោ​ង ខុន ជំរុញ​អាជ្ញាធរ​គ្រប់​ថ្នាក់​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​​ពលរដ្ឋ

ខេត្តកំពង់ធំ ​៖ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ធំ ​លោក ថោ​ង ខុន ជា​ថ្មី​ម្តងទៀត​បាន​ជំរុញ​​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់​បន្ត​ចុះ​មូលដ្ឋាន​ឲ្យ​បាន​កាន់តែ​សកម្ម​ថែម​ទៀត ដើម្បី​ក្តាប់​ឲ្យ​បាន​រាល់​បញ្ហា​ប្រឈម​ និង​តម្រូវការ​ចាំបាច់​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​សំដៅ​ជួយ​សម្រួល និង​ដោះស្រាយ​ជូន​ពួក​គាត់ ។

លោក ថោ​ង ខុន ​បាន​​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំខែ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តកំពង់ធំកាលពី​ថ្ងៃ​ទី១១ ​វិច្ឆិកា ​​២០១៥ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាល​​ខេត្ត និង​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ទាំងអស់​ប្រមាណ​ជាង​១០០​នាក់​ ។

កិច្ចប្រជុំ​នោះ​បាន​ផ្តោត​លើ​របៀបវារៈ​សំខាន់​ៗ ​មាន​ដូច​ជា វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ស​ជ​ណលេខ១០០៣ ចុះ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៥ របាយការណ៍​លទ្ធផល​សិក្ខាសាលា​ស្តី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ព្រៃឈើ និង​ការ​ចូលរួម​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ក្នុង​ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ ការ​ជំរុញ​​ចលនា​ប្រឡង​ប្រណាំង សេវា​សាធារណៈ​ល្អ និង​សេចក្តីរាយការណ៍​ពី​លទ្ធផលការងារ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​ស្រុក​ទាំង​​៨​នៃ​ខេត្តកំពង់ធំ​ ។

លោក ថោ​ង ខុន ​ក៏​បាន​​ក្រើនរឭក​ជា​ថ្មី​ម្តងទៀត​ដល់​អាជ្ញាធរ​ខេត្ត ស្រុក ឃុំ និង​ក្រុមការងារ​ថ្នាក់​ជាតិ​ទាំងអស់ ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ចុះ​ជាប់​នៅ​មូលដ្ឋាន ដើម្បី​ក្តាប់​ជាប់​សភាពការណ៍ពិនិត្យ និង​ដោះស្រាយ​​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​បាន​ទាន់​ពេលវេលា ពិសេស​ទាក់ទង​នឹង​ការ​បង្ក​បង្កើន​ផល ការ​ដោះស្រាយ និង​បូមទឹក​បញ្ចូល​ស្រែ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក ។ ការ​បន្ត​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ការ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​មូលដ្ឋាន​ប្រកបដោយ​តម្លាភាព​ ។

ទន្ទឹម​នឹង​​នោះ លោក ថោ​ង ខុន និង​លោក អ៊ុត សំ​អន អភិបាលខេត្ត​ បាន​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​បូមទឹកមួយ​កន្លែង​នៅ​ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ និង​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ព្រមទាំង​បាន​ជួយ​ឧបត្ថម្ភ​ជា​ប្រេងឥន្ធនៈ​សម្រាប់​បូមទឹក​បញ្ចូល​ស្រែ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ​៕