កម្មករ​វៀតណាម​ជា​ច្រើន​អត់​ការងារ​ធ្វើ ទោះជា​មាន​ទីផ្សារ​ការងារ​ច្រើន​ក៏​ដោយ

ប្រទេស​វៀតណាម ៖ យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ឱ្យ​ដឹង​ថា ផលិតភាព​របស់​វៀតណាម​ក្នុង​ឆ្នាំ​២០១៣ គឺ​ស្ថិត​ក្នុង​ចំណោម​កម្រិត​ខ្សោយ​ជាងគេ​បំផុត​នៃ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។ អត្រា​ផលិតភាព​វៀតណាម​នៅ​មាន​កម្រិត​ទាប​ជាង​សិង្ហ​បុរី​១៥​ដង ជប៉ុន​១១​ដង កូរ៉េ​ខាងត្បូង​១០​ដង និង​ម៉ា​ឡេ​ស៊ី​៥​ដង ។

តាម​របាយការណ៍​របស់​អង្គការ​ផលិតភាព​អាស៊ី (APO) បង្ហាញ​ថា ផលិតភាព​របស់​វៀតណាម​មាន​កម្រិត​ទាប​ជាង​កម្រិត​ជា​មធ្យម​របស់​អាស៊ាន​២​ដង ។

វៀតណាម​ជា​ប្រទេស​មាន​កម្លាំង​ពលកម្ម​ខ្លាំងក្លា ។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៣ វៀតណាម​មាន​ពលរដ្ឋ​សរុប​៦៩,៣​លាន​នាក់ ដែល​មាន​វ័យ​១៥​ឆ្នាំ​ខ្ពស់​ជាង​មុន ក្នុង​នោះ​កម្លាំង​ពលកម្ម​មាន​ចំនួន​៥៣,៧​លាន​នាក់ ឬ​៧៧,៥% ។

ផ្អែក​តាម​របាយការណ៍​ឲ្យ​ដឹង​ថា ៨០% នៃ​កម្មករ​វៀតណាម គឺ​ពុំ​បាន​ទទួល​ការ​ហ្វឹកហ្វឺន​ឡើយ ព្រោះតែ​សមត្ថភាព​របស់​ពួក​គេ​មាន​កំណត់​ក្នុង​ការ​ទទួលយក​ចំណេះដឹង និង​ទទួលយក​នូវ​បច្ចេកទេស​ថ្មី​ៗ ។

ជាង​នេះ​ទៀត កម្មករ​រាប់​លាន​នាក់​ដែល​មាន​កម្រិតសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​ធ្លាប់​ទទួល​ការ​ហ្វឹកហ្វឺន គឺ​អត់​មានការ​ងារ​ធ្វើ ស្រប​ពេល​ដែល​សាកលវិទ្យាល័យ វិទ្យាល័យ និង​សាលា​វិជ្ជាជីវៈ​កំពុង​តែ​កើនឡើង​លឿន​បំផុត ។

ប្រភព​បន្ត​ថា ចំពោះ​ហេតុផល​ថា ហេតុ​អ្វី​បានជា​មានការ​បង្កើត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ច្រើន ប៉ុន្តែ​សមាមាត្រ​នៃ​កម្លាំង​ពលកម្ម​ដែល​ទទួល​បានការ​បំពាក់បំប៉ន​នេះ​នៅ​តែ​មាន​កម្រិត​ទាប​ដដែល ។

លើស​ពី​នេះ​ទៀត បច្ចុប្បន្ន គឺជា​ពេលវេលា​ដ៏​ស័ក្តិសម​សម្រាប់​បង្កើត​ការ​ហ្វឹកហ្វឺន​កម្មវិធី ដោយ​អាច​ផលិត​កម្លាំង​ពលកម្ម​ដែល​បណ្តា​សហគ្រាស​នានា​ត្រូវការ ។
ម្យ៉ាងទៀត កម្មករ​ទាំងនោះ​មិន​ត្រូវ​បាន​គេ​ទទួលយក​ឡើយ​បន្ទាប់​ពី​ហ្វឹកហ្វឺន​រួច ព្រោះ​អ្នកជំនួញ​មិនសូវ​ត្រូវការ​កម្មករ​ច្រើន ។ នេះ​ជា​ហេតុផល​ដែល​ផលិតភាព​របស់​វៀតណាម​នៅ​មាន​កម្រិត​ខ្សោយ ។

ខណៈ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​បាន​លោត​ផ្លោះ​យ៉ាង​លឿន​សម្រាប់​បង្កើន​ផលិតភាព​របស់​ពួក​គេ វៀតណាម​ក៏​កំពុង​តែ​ដើរ​យ៉ាង​សន្សឹម​ៗ​ផង​ដែរ ។ ផលិតភាព​របស់​ឡាវ​មាន​កម្រិត​ទាប​ជាង​វៀតណាម​កាលពី​អតីតកាល ប៉ុន្តែ​ឡាវ​បាន​តាម​ទាន់​វៀតណាម​ក្នុង​អំឡុង​ឆ្នាំ​២០១៣ ថែម​ទាំង​បាន​វ៉ា​ដាច់​វៀតណាម​ទៀត​ផង ។
ប្រសិនបើ​វៀតណាម​រក្សា​បាន​កំណើន​ផលិតភាព​ក្នុង​កម្រិត​៣,៦% ទៅ​៣,៩%​ក្នុង​មួយ​ឆ្នាំ​នោះ នឹង​អាច​តាម​ទាន់​ថៃ​ក្នុង​រយៈពេល​៥០​ឆ្នាំ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ការងារ​នេះ​ដែរ វិទ្យាស្ថាន​ការងារ និង​វិទ្យាសាស្ត្រ​សង្គម កាលពី​ខែកក្កដា បាន​បញ្ចេញ​របាយការណ៍​ការងារ​ត្រីមាស​ទី​១ ថា អត្រា​អត់​ការងារ​ធ្វើ​របស់​វៀតណាម មាន​កម្រិត​ខ្ពស់​ជាងគេ​បំផុត ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ក្រុម​ពលករ​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ និង​សាលា​វិជ្ជាជីវៈ​ចំនួន​៧,២% និង​៦,៩% ។ លើស​ពី​នេះ​ទៀត មាន​ត្រឹមតែ​១,៩៧%​ប៉ុណ្ណោះ ជា​ពលករ​គ្មាន​ជំនាញ​ហើយ​អត់​ការងារ​ធ្វើ ឬ​មិន​ត្រូវ​បាន​គេ​ជួល ។

អត្រា​អត់​ការងារ​ធ្វើ​ក្នុង​ត្រីមាស​ទី​១ បាន​ចុះបញ្ជី​ក្នុង​កម្រិត​២,៤៣% កើនឡើង​០,២២% បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។
យោង​តាម​ការិយាល័យ​ស្ថិតិ (GSO) ក្នុង​អំឡុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៥ ឱ្យ​ដឹង​ថា  មាន​អ្នក​បញ្ចប់​ការ​សិក្សា​ថ្នាក់​សាកលវិទ្យាល័យ វិទ្យាល័យ​លើស​ពី​៤​នាក់ ក្នុង​ចំណោម​១០០​នាក់​ដែល​គ្មាន​ការងារ​ធ្វើ ៕