អត្រា​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ធ្លាក់​ចុះ​3,1% ក្នុង​ខែតុលា

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ឱ្យ​ដឹង​ថា អត្រា​អត់​ការងារ​ធ្វើ​របស់​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់​ចុះ​៣,១%​ក្នុង​ខែតុលា ស្រប​ពេល​ដែល​ពលរដ្ឋ​កាន់តែ​ច្រើន​បាន​ចូល​បម្រើ​ការងារ​ក្នុង​ផ្នែក​ផលិតកម្ម ឧ​ស្សហកម្ម និង​ពាណិជ្ជកម្ម ដែល​គាំទ្រ​ដល់​វិស័យ​សេវាកម្ម ការ​គ្រប់គ្រង និង​ឥណទាន​ជាដើម ។

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​កូរ៉េ​បង្ហាញ​ថា អត្រា​អត់​ការងារ​ធ្វើ​នេះ​ស្ថិត​ក្នុង​កម្រិត​៣,១%​កាលពី​ខែតុលា និង​ថយ​ចុះ​ពី​អត្រា​៣,២%​ក្នុង​ខែកញ្ញា ។ បើ​គិត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អត្រា​អត់​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​០,១​ពិន្ទុ នេះ​ជា​លទ្ធផល​លើក​ដំបូង បើ​គិត​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ដែល​បរិមាណ​បាន​ធ្លាក់​ចុះ​ធៀប​នឹង​ឆ្នាំ​មុន ។ ចំណែក​អត្រា​អត់​ការងារ​ធ្វើ​តាម​រដូវ​កាល​សម្រាប់​ខែតុលា គឺ​មាន​កម្រិត​៣,៤% និង​ថយ​ចុះ​ពី​៣,៥% ក្នុង​ខែកញ្ញា ។

ប្រធាន​ទីភ្នាក់ងារ​ផ្នែក​សិ្ថ​តិ​ការងារ លោក Sim Won-bo បាន​មាន​ប្រសាសន៍​ថា ៖ «​វិស័យ​ផលិតកម្ម ឧស្សាហកម្ម ការ​គ្រប់គ្រង​ឥណទាន និង​ពាណិជ្ជកម្ម​គាំទ្រ
សេវាកម្ម ក៏​ដូច​ជា​ព័ត៌មានវិទ្យា​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​បាន​ជំរុញ​នូវ​កំណើន​ការងារ​កាលពី​ខែ​មុន ដោយ​បាន​ទូទាត់​នឹង​ការ​បាត់បង់​ក្នុង​ផ្នែក​កសិឧស្សាហកម្ម​ការ​លក់រាយ និង​លក់​បោះ​ដុំ​» ។

បរិមាណ​ការងារ​ដែល​បង្កើត​ឡើង​ថ្មី​នេះ បាន​កើនឡើង​ចំនួន​៣៤៨.០០០​នាក់​ក្នុង​ខែតុលា ដែល​ចាត់ទុកជា​កម្រិត​ខ្ពស់​បំផុត​មួយ បើ​គិត​ពី​បរិមាណ​សរុប​៣៧៩.០០០​នាក់​កាលពី​ខែឧសភា ដោយ​ចំនួន​ការងារ​ថ្មី​កើនឡើង​៣៤៧.០០០ ក្នុង​ខែកញ្ញា ។

ចំណែក​វិស័យ​ផលិតកម្ម​ឧស្សាហកម្ម​វិញ អាច​រក​ការងារ​បន្ថែមចំនួន​៩១.០០០​នាក់ ខណៈ​ការ​គ្រប់់គ្រង​ឥណទាន និង​ពាណិជ្ជកម្ម​គាំទ្រសេវាកម្ម​បន្ថែម​ការងារ​ចំនួន​១០៤.០០០​នាក់ ។

រីឯ​វិស័យ​ព័ត៌មានវិទ្យា (IT) ដែល​រាប់​បញ្ចូល​សេវាកម្ម​សុខភាព និង​ការ​ផ្សព្វផ្សាយ បាន​ផ្តល់​ការងារ​បន្ថែមចំនួន​៧៩.០០០​នាក់ និង​៦២.០០០​នាក់​ក្នុង​ខែតុលា ធៀប​នឹង​ឆ្នាំទៅ ។

ផ្ទុយ​ទៅ​វិញ ចំពោះ​វិស័យ​កសិឧស្សាហកម្ម​បាន​បាត់បង់​ការងារ​ចំនួន​១២៤.០០០​នាក់ ខណៈ​អាជីវកម្ម​លក់​បោះ​ដុំ និង​រាយ​បាត់បង់​៩២.០០០​នាក់​ក្នុងឆ្នាំនេះ ។
អត្រា​អត់​ការងារ​ធ្វើ​ក្នុង​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ទៅ​២៩​ឆ្នាំ មាន​កម្រិត​៧,៤%​ក្នុង​ខែតុលា ថយ​ចុះ​ពី​បរិមាណ​៧,៩%​ក្នុង​ខែកញ្ញា ហើយ​ក៏​ជា​កម្រិត​ទាប​ជាងគេ​បំផុត​ដែរ បើ​គិត​ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៣ ពេល​ដែល​អត្រា​អត់​ការងារ​ធ្វើ​ស្ថិត​ក្នុង​កម្រិត​៧,៤% ។

លោក Sim Won-bo បន្ត​ថា ៖ «​អត្រា​អ្នកមាន​ការងារ​ធ្វើ​មានការ​កើនឡើង​ប្រមាណ​ជា​៩៥.០០០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​អាយុ​មាន​២០​ឆ្នាំ ដែល​កាត់​បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ​សម្រាប់​យុវជន​វ័យក្មេង​» ។

រីឯ​អត្រា​អត់​ការ​ធ្វើ​ក្នុង​ចំណោម​យុវជន​ជំទង់ ក៏​មាន​កម្រិត​ខ្ពស់​ជាង​អត្រា​ថ្នាក់​ជាតិ​ជា​មធ្យម​ដែរ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​អាច​ទទួលយក​បាន​ក្នុង​ទសវត្សរ៍​មុន​ក្នុង​រង្វង់​៦% ទៅ​៧% ។​ចំពោះ​អ្នកមាន​ការងារ​ធ្វើ​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ទៅ​៦៤​ឆ្នាំ មាន​ចំនួន​៦៦,២%​ក្នុង​ខែតុលា កើនឡើង​ពី​៦៦,១%​ក្នុង​ខែកញ្ញា បើ​ទោះជា​មាន​កម្រិត​ទាប​ជាង​តួលេខ​៦៦,៣%​ក្នុង​ខែកក្កដា ក៏​ដោយ ។

តាម​តួលេខ​នៃ​អត្រា​ការងារ​ដែល​ត្រូវ​យក​ជា​គ្រឿង​វាស់​ស្ទង់​បាន​ធ្លាក់​ចុះ​១០,៥% ក្នុង​ខែតុលា ធៀប​នឹង​អត្រា​១០,៨% នៃ​ខែកញ្ញា ។

គួរ​បញ្ជាក់​ថា គ្រឿង​វាស់​ស្ទង់​ការងារ​នេះ​ផ្អែក​លើ​គោលការណ៍​ណែនាំ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​ឆ្លុះ​បញ្ចាំង​បរិមាណ​អ្នក​ដែល​សកម្ម​ក្នុង​ការងារ​ដែល​ទទួល​បាន​ប្រាក់បៀវត្ស​អប្បបរមា និង​អ្នកធ្វើការ​ក្រៅ​ម៉ោង​បច្ចុប្បន្ន ប៉ុន្តែ​ចង់បាន​ការងារ​ពេញ​ម៉ោង​។ ម្យ៉ាងទៀត គេ​បាន​រាប់​ទាំង​អ្នក​បោះបង់​ការ​ស្វែងរក​ការងារ​មិន​តាម​ជម្រើស ដោយសារ​កាលៈទេសៈ​ផ្សេង​ៗ៕