សាលាក្រុង​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​សមាជ​ប្រជាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​២​ថ្ងៃ​ឡើយ

សាលារាជធានី​ភ្នំពេញ​មិន​បាន​អនុញ្ញាត ដល់​បណ្ដាញ​ពហុវិស័យ និង​អង្គការ​សង្គម​ស៊ីវិល ដែល​គ្រោង​រៀបចំ​សមាជ​ប្រជាជន​លើក​ទី​៥ ចំនួន​២​ថ្ងៃ នៅ​ទីលាន​ប្រជាធិបតេយ្យ ​​ដូច​សំណើ​នោះ​ឡើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកស្ម័គ្រចិត្ត​ក្រុម​ជំនួយ​បច្ចេកទេស​បណ្ដាញ​ពហុវិស័យ។

អ្នកស្ម័គ្រចិត្ត​ក្រុម​ជំនួយ​បច្ចេកទេស​បណ្ដាញ​ពហុវិស័យ លោក ហេង សុជាតិ ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ថា សាលារាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ធ្វើ​តែ​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៦ វិច្ឆិកា។ លោក​បន្ត​ថា កម្មវិធី​ថ្ងៃ​ទី​១៥ វិច្ឆិកា នឹង​មិន​លុប​ចោល​ទេ ទោះបីជា​មិន​ទាន់​ដឹង​ថា នឹង​ធ្វើ​​នៅ​ទីតាំង​ណា​នៅ​ឡើយ។

លោក ហេង សុជាតិ បន្ត​ថា មាន​សហគមន៍​មូលដ្ឋាន​ជា​ច្រើន​កំពុង​ជួប​បញ្ហា ដែល​ពុំ​មាន​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​វិបត្តិ​​ដីធ្លីជា​បញ្ហា​រ៉ាំរ៉ៃ​ក្នុង​សង្គម​ទៅ​ហើយ៖ «ចង់​ឲ្យ​មាន​កិច្ច​ពិភាក្សា​រវាង​រាស្ត្រ និង​រដ្ឋ កន្លង​មក​បក្ស​នយោបាយ​ព្យាយាម​ពង្រីក​វប្បធម៌​សន្ទនា​គ្នា ប៉ុន្តែ​រដ្ឋាភិបាល​មិន​លើក​កម្ពស់ ធ្វើ​ទំនាក់ទំនង​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ទេ និង​ចង់​ឲ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ពលរដ្ឋ​ជា​ដៃគូ​នៃ​ដំណោះស្រាយ ត្បិត​រដ្ឋាភិបាល​តែង​ចោទ​ថា ពលរដ្ឋ​ជា​អ្នក​បង្ក​ចលាចល សណ្ដាប់ធ្នាប់ ឬ​ជា​ប្រឆាំង​ជាដើម»

បណ្ដាញ​ពហុវិស័យ​ភាគច្រើន​ជា​សហគមន៍​មូលដ្ឋាន​កំពុង​មាន​បញ្ហា ​ដូចជា សហគមន៍​ដីធ្លី កសិករ កម្មករ គ្រូ​បង្រៀន ប្រជានេសាទ ជនជាតិ​ដើម​ភាគតិច និង​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវ​ភេទ​ជាដើម។

គម្រោង​សមាជ​ប្រជាជន​លើក​ទី​៥​នេះ នឹង​ធ្វើ​ឡើង​រយៈ​ពេល​២​ថ្ងៃ ដោយ​មាន​ពិធី​តាំង​ពិព័រណ៍​ផលិតផល​សហគមន៍ និង​សម្ដែង​សិល្បៈ​វប្បធម៌​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។