សមាគម​រោងចក្រ​កាត់ដេរ ព្រួយបារម្ភ​នឹង​សេចក្តីព្រាងច្បាប់​សហជីព

ភ្នំពេញ: ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បានចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​១២​វិច្ឆិកា ដោយ​សម្តែង​ពី​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​នឹង​សេចក្តីព្រាងច្បាប់​សហជីព​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​ថៅកែ​រោងចក្រ​កាត់ដេរ​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ខណៈដែល​គ​ណៈ​រដ្ឋមន្ត្រី បាន​ប្រជុំ ពិនិត្យ​ពិភាក្សា និង​អនុម័ត​ដោយ​គ្មាន​ការកែប្រែ​លើ​សេចក្តីព្រាងច្បាប់​សហជីព នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា​។​
 
ក្នុង​សេចក្តីថ្លែងការណ៍​ចំហរ​នោះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​លើកឡើងថា ខណៈដែល​មានការ​ពិភាក្សា​ពិគ្រោះ​យោបល់​ជា​លក្ខណៈ​ត្រីភាគី ជាច្រើនលើក សេចក្តីព្រាងច្បាប់​សហជីព មិនបាន​ពិចារណា​ដាក់បញ្ចូល​នូវ​ក្តីបារម្ភ​របស់​និយោជក​ឡើយ ក្រៅតែពី​ចំណុច​ទាំងឡាយ ដែល​បានលើកឡើង​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​សហជីព​។

​សេចក្តីថ្លែងការណ៍ លើកឡើងថា សេចក្តីព្រាងច្បាប់​សហជីព នឹង​មិនអាច​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធិភាព​នូវ​បញ្ហា​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​វិស័យ​ឯកជន កំពុង​ជួបប្រទះ​នោះទេ​។ ជា​ឧទាហរណ៍​ចំនួន​អប្បបរមា​តម្រូវ​សម្រាប់​បង្កើត​សហជីព គឺ​ត្រូវ​បានកំណត់​ត្រឹមតែ ១០​នាក់​ប៉ុណ្ណោះ ដែល​នឹង​បង្ក​ឲ្យ​មាន​សហជីព​ច្រើន​លើសលុប​ក្នុង​គ្រឹះស្ថាន​សហគ្រាស​មួយ​។ និយោជក បានស្នើ​ឲ្យ​មេដឹកនាំ​សហជីព មាន​កម្រិត​អប់រំ​ត្រឹម​បឋមភូមិ​ឡើងទៅ ដើម្បី​បង្ក​លទ្ធភាព​ឲ្យ​មានការ​ពិភាក្សា​ចរចារ​ប្រកបដោយ​ប្រសិទ្ធិភាព​លើ​បញ្ហាសំខាន់ៗ ដែល​ប៉ះពាល់​ដល់​កម្មករនិយោជិត និង​ឧស្សាហកម្ម​៕​

សមាគម​រោងចក្រ​កាត់ដេរ ព្រួយបារម្ភ​នឹង​សេចក្តីព្រាងច្បាប់​សហជីព