២​នាក់​បងប្អូន​ផឹកស្រា​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​ឡាន​ស្លាប់​ទាំង​២

ខេត្តព្រៃវែង ៖ បុរស​២​នាក់​ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង ហើយ​ជិះ​ម៉ូតូ​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ប៉ើង​ខ្ទាត​ចេញពី​ថ្នល់​ជាង​៧​ម៉ែ​ត ដែល​ហេតុការណ៍​ដ៏​គួរ​ឲ្យ​អាណោច​អ​ធ័​ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ចំណុច​ផ្លូវកែង​ផ្សារ​ព្រៃ​ព្នៅ ដែល​ស្ថិត​ក្នុងភូមិ​-​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​មានឈ្មោះ យី សឿ​ន អាយុ​២៧​ឆ្នាំ ជា​ប្អូន ជា​អ្នក​បើក​ម៉ូតូ និង​ឈ្មោះ យី សុខ អាយុ​២៨​ឆ្នាំ ជា​បង ។ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ទំពូង ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១C-៤១១៣ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ ជិះ​ម៉ូតូ​ស្រែក​ឡូឡា​ពេញ​ផ្លូវ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវកែង​បំបែក​ជា​៤ ម៉ូតូ​ជន រង​គ្រោះ​បាន​រេ​ឆ្លង​ទ្រូងផ្លូវ​ទៅ​ខាងឆ្វេង​ដៃ​ចូល​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​តូ​រី​ស​១​គ្រឿង ពណ៌​លឿង ដែល​បើក​បញ្ច្រាស់ទិស​គ្នា ទើបត្រូវ​រថយន្ត​បុក​ខ្ទាត​មក​វិញ​ធ្លាក់​ចេញពី​ផ្លូវ​ចំងាយ​ជាង​៧​ម៉ែត្រ បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​រថយន្ត​តូ​រី​សបាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ និង​ទាក់ទង​ហៅ​សាច់ញាតិ​ជន​រង​គ្រោះ​មក​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រមទាំង​បាន​តាម​រក​រថយន្ត​ដែល​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ ដើម្បី​ចាប់​យក​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕