អត្រា​អ្នក​ស្លាប់​ដោយសារ​ជំងឺទឹកនោមផ្អែម​នៅលើ​សកលលោក ​រយៈពេល​៦​វិនាទី​ស្លាប់​ម្នាក់

រាជធានី​ភ្នំពេញ ​៖ ​អត្រា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​នៅ​លើ​សកលលោក​ក្នុង​រយៈពេល​៦​វិនាទី​ស្លាប់​ម្នាក់ នេះ​បើ​តាម​ការ​បង្ហាញ​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជ​បណ្ឌិត​ផ្នែក​ទឹកនោមផ្អែម​ និង​ក្រពេញ​​នៅ​កម្ពុជា ។

មាន​ប្រសាសន៍​ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម ដែល​រៀបចំ​ដោយ​ក្រុម​ហ៊ុនសាណូ​ហ្វី​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា​​ នេះ លោក​សាស្ត្រ​ចារ្យ​​វេជ្ជបណ្ឌិត ​គុយ វាន់​នី​ប្រធាន​សមាគម​ន​គ្រូពេទ្យ​ទឹកនោម​ផ្អែម និង​ក្រពេញ​​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា ថ្ងៃ​ទី​១៤ វិច្ឆិកា​ ​គឺ​ជា​​ទិវា​​ជំងឹ​ទឹកនោមផ្អែម​អន្តរជាតិ​ ដែល​មាន​ប្រទេស​ជាង​១៦០​លើ​សកលលោក​បាន​ប្រារព្ធ​ទិវា​នេះ ក្នុង​គោលបំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម​ ។ ​លោក​វេជ្ជបណ្ឌិត​បន្ត​​ថា ​នេះ​ជា​លើក​ទី​២៤ ​ដែល​ទិវា​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​១៩៩១ ​មក​ម្ល៉េះ ​។

លោក​សាស្ត្រា​វេជ្ជបណ្ឌិត​បន្ត​ថា ​ជំងឺ​ទឹកនោមផ្អែម ​ត្រូវ​បាន​គេ​​និយាយថា​ជា​ជំងឺ​រីក​រាលដាល​លឿន​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ទោះបីជា​ជំងឺ​នេះ​មិន​ឆ្លង​ក្តី ។ នៅ​ឆ្នាំ​២០១៤​ មាន​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ចំនួន​៣៨៧​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០៤០ ​នឹង​មាន​រហូត​លើស​ពី​៦៥០​លាន​នាក់ ​​លើ​ពិភពលោក ។

​លោក​បញ្ជាក់​ថា ​«យើង​ដឹង​ហើយ​ថា​នៅ​ឆ្នាំ​២០១១ ​នៅ​លើពិភពលោក​រាល់​៦​វិនាទី​ម្តង ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម ។ ​ដូច្នេះ​យើង​ដឹង​ហើយ​៦​វិនាទី​ជំងឺ​​​នេះ​សម្លាប់​មនុស្សយ៉ាង​​សាហាវ​​ ហេតុនេះ​យើង​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ខិតខំ​លើក​កម្ពស់​ការ​យល់​ដឹង​ប្រជាជន និង​ក្រុម​គ្រូពេទ្យ​ឲ្យ​យល់​​ពី​ចំណេះដឹង​ជំងឺ​​​ប្រភេទ​នេះ​ ។​ ​ព្រោះ​​​ជំងឺ​​​ប្រភេទ​នេះ​មិន​អាច​ព្យាបាល​បាន​ទេ ដូច្នេះ​យើង​ត្រូវ​តែបង្ការ​កុំ​ឲ្យ​មាន ក្នុង​នោះ​ត្រូវ​ហូបឲ្យ​មាន​សុវត្ថិភាព ​ពិសេស​​ទាំង​ការ​​ហូប អាហារ​ពេល​ព្រឹក​ឲ្យ​ល្អ មាន​ន័យ​ថា កុំ​ផ្អែម កុំ​ប្រៃ កុំ​ឲ្យ​មាន​ជាតិ​កាឡូរី​ខ្ពស់» ​។

លោក​ស្រីវេជ្ជបណ្ឌិត ​ឈុ​ន លន់ ប្រធាន​ការិយាល័យ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​នាយកដ្ឋា​ន​ការពារ​សុខភាពក្រសួងសុខាភិបាល ​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​សិក្សា​របស់​អង្ក​ការ ​WHO នៅ​ឆ្នាំ​២០១០ បាន​បង្ហាញ​ថា ​ជំងឺ​ទឹកនោមផ្អែម​មាន​អត្រា​ប្រេ​វ៉ាឡង់​៣%​ក្នុង​ណោ​ម​មនុស្ស​ពេញវ័យ​នៅ​កម្ពុជា​ ​ចាប់​ពី​អាយុ​ពី​២៥​ឆ្នាំដល់​៦៤​ឆ្នាំ​ ។ កន្លង​មក​​ក្រ​សួង​បាន​ខិតខំ​ពង្រឹង និង​ពង្រីក​ការ​ផ្តល់​សេវា​ថែ​ទាំ និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ជួន​ដល់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស ដួច​ជា​បង្កើត​គ្លី​និ​ក​ព្យាបាល​ ជំងឺ​ទឹក​នោម​ផ្អែម​២៥​កន្លែង ​និង​បង្កើត​សកម្មភាពនៃ​សំណុំ​សា​វន្ត​ជំងឺមិនឆ្លង​បាន​ចំនួន​៤​មណ្ឌល​សុខភាព​ ។

លោកស្រី​វេជ្ជបណ្ឌិត​ ​បាន​លើក​ឡើង​ទៀត​ថា ​កន្លង​មកនេះ​ ក្រសួងសុខាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ជាតិ​របស់​ខ្លួន​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ជំងឺមិនឆ្លង​ដល់ គ្រឹះស្ថាន​សុខាភិបាល និង​បាន​ចាត់​ឲ្យ​មានការ​ស្រាវជ្រាវ​រក​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​ ។

​លោកស្រី​បញ្ជាក់​ថា ​«យើង​ទាំងអស់​គ្នា​បាន​ទទួលស្គាល់​ថា​ ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺ​មិន​អាច​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ ប៉ុន្តែ​ជំងឺ​នេះ​អាច​បង្កា​របាន​តាម​រយៈ ​ការ​ហូប​អាហា​ដែលមាន​សុ​ខុ​មា​ភាព ធ្វើ​ពលកម្ម​​ កុំ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​ជក់បារី​ជាដើម ។ ដូច្នេះ​ដើម្បី​បង្ការ​​កុំ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម ​ទាមទារ​ឲ្យ​មានការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោមផ្អែម  ក៏​ដូច​ជា​ជំងឺមិនឆ្លង​ផ្សេង​ទៀត កុំ​ឲ្យ​រីករាល់​ទៅ​មុខ​ទៀត​»​ ។

​លោកស្រី​បន្ថែម​​ថា សម្រាប់​យុទ្ធនាការ​​រូ​ម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​ទឹកនោមផ្អែម ថ្ងៃ​ទី​១៤ ​វិច្ឆិកា មាន​សារសំខាន់​ណាស់​ក្នុង​ការ​​រួម​គ្នា​ផ្សព្វផ្សាយ​ដល់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម ក្រុម​គ្រួសារ​​ មិត្ត​ភក្តិ  និង​ការ​ថែម​ទាំង​អ្នកជំងឺ​ ។

ជំងឺ​ទឹកនោមផ្អែម ​គឺជា​ងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​មនុស្ស​យើង​ងាយ​នឹង​កើត​មាន​ដោយ​មិនដឹង​ខ្លួន ​ហើយ​ជំងឺ​នេះ​មិន​ឆ្លង​នោះ​ទេ តែ​អាច​ជា​ជំងឺតពូជ បណ្តាល​មក​ពី​វ័យ​ចំណាស់ ​និង​​កង្វះ​អាហា​រូប​ត្ថ​ម្ភ​របស់​ទារក​នៅ​ក្នុង​ផ្ទៃ ​និង​កុមារ ​។ ​ការ​បរិភោគ​អាហារ ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់​ដោយ​មិន​មានការ​ហាត់ប្រាណ ជក់បារី​ ឬ​សេពសុរា​ច្រើន​លើស​ ការ​លើ​សជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​ពេកបណ្តាល​ឲ្យ​លើស​ទម្ងន់ ។

​ប្រសិនបើ​អ្នក​លើស​ទម្ងន់​​ធ្វើ​ឱ្យ​អ្នក​ឆាប់​អស់កម្លាំង បែកញើស​ច្រើន ​ឧស្សាហ៍​ឈឺក្បាល​វិលមុខ ស្រវាំងភ្នែក​ ទទួល​អាហារ និង​ទឹក​ច្រើន ឬ​បត់ជើងតូច​ញឹកញាប់​ជា​ពិសេស​ ​​ពេល​យប់ អ្នក​គួ​រគប្បី​ប្រញាប់​ទៅ​ជួប​​​គ្រូពេទ្យ​ជា​បន្ទាន់​ ។​ ផ្ទុយ​ទៅ​វិញ ​បើ​អ្នក​មិន​មាន​វិធានការ​ទប់ស្កាត់ និង​ថែម​ទាំ​សុខភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ​​ជំងឺ​ទឹក​នោម​ផ្អែម​​​អាច​គំ​រាម​កំ​ហែ​ង និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​រហូតដល់​បាត់​ង់​ជីវិត​ ។

​យោង​តាម​ស្ថិតិ​របស់​អង្គការ IDF ​ក្នុង​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា​ រយៈពេល​៥០​ឆ្នាំ​ចុង​ក្រោយ​​នេះ​ សន្ទុះ​នៃ​ការ​កើនឡើង​​​ជំងឺ​ទឹកនោម​ផ្អៃ​មមា​នភា​ពរ​ឆាប់រហ័ស​ដែល​អ្នក​ជំងឺវ័យ​កណ្តាល​មាន​រហូត​ដល់​៤០០​លាននាក់  ។ ការ​សិក្សា​រវាស់​ស្ទង់ បាន​បង្ហាញ​ថា ​ចំនួន​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​នឹង​កើន​រហូត​ដល់​៥៩២​លាន​នាក់ នៅ​ត្រឹម​ឆ្នាំ​២០៣៥​ ដែល​ចំនួន​នេះ​ប្រហែល​៥៣%​ លើស​ពី​ស្ថិតិ​ឆ្នាំ​២០១៤ ៕