វាយប្រហារ​ភេរវកម្ម​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រឆាំង​ទីតាំង​មួយ​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​នៅ​លី​បង់​ស្លាប់​43​នាក់

មនុស្ស​៤៣​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​២ ប្រឆាំង​ទីតាំង​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ ស៊ី​អុ​ី​ត នៅ​ភាគ​ខាងត្បូង​ក្រុង​បៃ​រូត ដែល​ការ​វាយប្រហារ​ទាំង​២​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ការ​វាយប្រហារ​នេះ ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​ដែល​បណ្តាល​ឱ្យ​មនុស្ស​ជិត​២០០​នាក់​ទៀត​រង​របួស​ផង​ដែរ​ធ្វើ​ឡើង​ប្រឆាំង​ទីតាំង​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​ចាប់តាំងពី​ក្រុម​នេះ​ហក់​ចូល​ក្នុង​ជម្លោះ​នៅ​ស៊ី​រី​ជួយ​ច្បាំង​របប​ក្រុង​ដា​ម៉ាស់ ពី​ដើមឆ្នាំ​២០១៣​មក ។ វា​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​នៅ​លី​បង់ ចាប់តាំងពី​ប្រទេស​នេះ​បញ្ចប់​សង្គ្រាមស៊ីវិល (១៩៧៥-១៩៩០) មក ។

នៅ​កន្លែង​វាយប្រហារ រដ្ឋមន្ត្រី​សុខាភិបាល​លី​បង់ លោក ABOU FAOUR អះអាង​ថា អ្នក​របួស​ច្រើន​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

យោង​តាម​កងទ័ព​ដែល​ឡោម​ព័ទ្ធ​តំបន់​មានការ​វាយប្រហារ​ភ្លាម​ៗ​ថា នា​ចុង​រសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា បុរស​២​នាក់​បាន​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​ពួក​គេ​ផ្ទុះ​បន្តបន្ទាប់​គ្នា​តាម​ដង​វិ​ថី​ពាណិជ្ជកម្ម​មាន​មនុស្ស​ច្រើន​កុះករ​នៃ​សង្កាត់ BOURJ AL BARAJNE ។ ភេរវ​ករទី​៣​ម្នាក់​ទៀត​ដែល​មិន​អាច​ចុច​គ្រឿងផ្ទុះ​ឱ្យ​ផ្ទុះ​គេ​រក​ឃើញ​ស្លាប់ ។

អ្នកកាសែត​របស់ AFP បានឃើញ​សាកសព​មនុស្ស​ក្នុង​ថ្លុកឈាម​តាម​ហាង​នានា ដែល​រង​ការ​ខូចខាត ព្រមទាំង​ឈាម​ស្រក់​ចេញពី​បណ្តា​រថយន្ត​រង​ការ​បំផ្លាញ​ក្រោយ​ការ​ផ្ទុះ ។ ពួក​អ្នក​ជួយ​សង្គ្រោះ និង​បណ្តាជន​ស៊ី​វិល​បាន​ជួយ​បញ្ជូន​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ ។

ការ​វាយប្រហារ​ទាំង​២​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ក្នុង​សេចក្តី​ប្រកាស​មួយ​និយាយ​ពី​ការ​វាយប្រហារ​ទាំង​២ ក៏​ប៉ុន្តែ​និយាយ​ពី​ជន​អត្តឃាត​តែ​ម្នាក់​គត់ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​គូសបញ្ជាក់​ថា បណ្តា​ទាហាន​របស់​កាលី​ហ្វា​ត អាច​ធ្វើ​ឱ្យ​ម៉ូតូ​ផ្ទុក​គ្រឿងផ្ទុះ​មួយ​ចត​នៅ​កន្លែង​ប្រមូលផ្តុំ​របស់​ពួក RAFIDA ជា​ពាក្យ​សំដៅលើ​ពួក​ស៊ី​អុ​ី​ត​ផ្ទុះ រួច​បន្ទាប់​ពី​ពួក​ស៊ី​អុ​ី​ត​ឯទៀត​ៗ​រត់​ទៅ​កាន់​កន្លែង​ផ្ទុះ ទាហាន​របស់​យើង​ម្នាក់​បាន​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​នៅ​ចង្កេះ​របស់​គេ​ផ្ទុះ​ចំ​កណ្តាល​ក្រុម​មនុស្ស ។

នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​លើក​ដំបូង​ប្រឆាំង​មូលដ្ឋាន​មួយ​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​នៅ​ជាយក្រុង​បៃ​រូត​ភាគ​ខាងត្បូង ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៤ មក ខណៈ​ភ្នាក់ងារ​សន្តិសុខ​ម្នាក់​ស្លាប់ ពេល​រារាំង​ការ​វាយប្រហារ​មួយ ។ មុន​នេះ​ក៏​មានការ​វាយប្រហារ​មួយ​ចំនួន​ប្រឆាំង​បណ្តា​មូលដ្ឋាន​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​នៅ​លី​បង់​ដែរ ។

នាយក​រដ្ឋមន្ត្រី​លី​បង់ លោក TAMMAM SALAM ប្រកាស​ពី​ទិវា​កាន់ទុក្ខ​ជាតិ​មួយ​នា​ថ្ងៃ​ទី​១៣ វិច្ឆិកា ។

រវាង​ខែកក្កដា ឆ្នាំ​២០១៣ និង​ខែកុម្ភៈ ឆ្នាំ​២០១៤ មានការ​វាយប្រហារ​ភេរវកម្ម​៩​លើក ប្រឆាំង​បណ្តា​មូលដ្ឋាន​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ឬ​បណ្តា​តំបន់​រស់នៅ​របស់​ពួក​អ្នកគាំទ្រ​ចលនា​នេះ ។ ការ​វាយប្រហារ​ភាគច្រើន​ប្រកាស​ទទួលខុសត្រូវ​ដោយ​បណ្តា​ក្រុម​ជ្រុលនិយម​ស៊ុន​នី​ត ។ ក្រុម​ទាំងនេះ​និយាយ​ថា ការ​វាយប្រហារ​របស់​ពួក​គេ​ជា​ការ​សងសឹក​ចំពោះ​ការ​សម្រេច​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​បញ្ជូន​មនុស្ស​របស់​ខ្លួន​ជា​ច្រើន​ពាន់​នាក់​ទៅ​ប្រយុទ្ធ​នៅ​ស៊ី​រី រួម​ដៃ​ជាមួយ​របប​លោក​បា​ចា អាល់​អាសា​ដ ប្រឆាំង​ពួក​ឧទ្ទាម និង​ពួក​ជី​ហា​ដ ភាគច្រើន​ជា​ពួក​ស៊ុន​នី​ត ។

កាលពី​ជិត​១​ខែ​មុន ប្រមុខ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ លោក​ហា​សាន់ ណា​ស្ត្រា​ល​ឡា​ហ៍ អះអាង​ពី​ការ​ចូលរួម​ប្រយុទ្ធ​នៅ​ស៊ី​រី​ជា​ការ​ប្រយុទ្ធ​ដ៏​សំខាន់ និង​ម៉ឺងម៉ាត់ ។ លោក​ថា វត្តមាន​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​នៅ​ស៊ី​រី​មាន​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន​ទាំង​បរិមាណ ទាំង​គុណភាព ព្រមទាំង​គ្រឿង​ឧបករណ៍ ៕