៦​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ជំនួប​កម្ពុជា និង​អាហ្វហ្គានីស្ថាន យប់​មិញ


៦​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ជំនួប​កម្ពុជា និង​អាហ្វហ្គានីស្ថាន យប់​មិញ

រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៦យ៉ាង ដែល​អ្នក​ទស្សនា​អាច​​ឃើញ​ក្នុង​​ការ​ប្រកួត​រវាង​ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​និង​ក្រុម​អាហ្វហ្គានីស្ថាន ​នៃ​​ជំនួប​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​តំបន់​អាស៊ី ពូលE ជុំ​ទី២ ជើង​ទី២ លើ​​ទី​លាន​កីឡដ្ឋាន ​Takhti Stadium ទឹក​ដី​ប្រទេស​អ៊ីរ៉ង់​កាល​ពី​យប់​មិញ។

 

៦​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ជំនួប​កម្ពុជា និង​អាហ្វហ្គានីស្ថាន យប់​មិញ
ក្រុមកីឡាបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា

 

១. ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទឹក​ដី​កណ្ដាល​នៃ​ប្រទេស​អ៊ីរ៉ង់ ព្រោះ​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ញាំញី​ដោយ​ភ្លើង​សង្គ្រាម មិន​អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​ភ្ញៀវ​កម្ពុជា​បាន។ បញ្ហា​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គឺ​អាកាសធាតុ​ដ៏​ត្រជាក់​ជាង ១០​អង្សា​ប៉ុណ្ណោះ​នៅ​ទីលាន​កីឡដ្ឋាន Takhti Stadium ប្រទេស​អ៊ីរ៉ង់ ខណៈ​សីតុណ្ហភាព​ជា​មធ្យម​នៅ​កម្ពុជា​​ជាង ៣០​អង្សា។ ឯ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ត្រូវ​ប្ដូរ​ជើង​ហោះហើរ​នៅ​ប្រទេស​វៀតណាម និង​កាតារ ទើប​ដល់​ប្រទេស​អ៊ីរ៉ង់។

 

៦​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ជំនួប​កម្ពុជា និង​អាហ្វហ្គានីស្ថាន យប់​មិញ
អ្នក​គាំទ្រ​ក្រុមអាហ្វហ្គានីស្ថាន​​នៅ​កីឡដ្ឋាន Takhti Stadium

 

២. ធារី ចន្ថាប៊ីន ជាប់​ជា​ប្រធាន​ក្រុម​​ជម្រើស​ជាតិ​​ក្នុង​ការ​​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨​លើក​ដំបូង។ ការ​ជាប់​ជា​ប្រធាន​ក្រុម​លើក​​នេះ ដោយសារ​អតីត​ប្រធាន​ក្រុម កួច សុកុម្ភៈ មិន​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ចេញ​ទៅ​អ៊ីរ៉ង់ ឯ​អនុប្រធាន​ក្រុម ឃួន ឡាបូរ៉ាវី ដែល​ធ្លាប់​បង្ហាញ​ខ្លួន​​ស្ទើរ​គ្រប់​ការ​ប្រកួត បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​មិន​ជាប់​ជម្រើស​ដំបូង​របស់​លោក Lee Tae Hoon។

 

៣. ចាន់ វឌ្ឍនាកា ប្ដូរ​ចូល​ជំនួស​កីឡាករ វ៉ា សុខថន តាំង​ពី​នាទី​ទី៤៤ ចុង​តង់​ទី​១ ដែល​អាច​ជា​យុទ្ធសាស្ត្រ​ចង់​វាយ​បក​រក​គ្រាប់​បាល់ បន្ទាប់​ពី​ម្ចាស់​ផ្ទះ​ក្រុម​អាហ្វហ្គានីស្ថាន​នាំ​មុខ​មួយ​គ្រាប់​មុន។ បើ​ងាក​ទៅ​មើល​​ក្រុម​បាល់ទាត់​អន្តរជាតិ​នានា គេ​មិន​ងាយ​ប្ដូរ​កីឡាករ​នៅ​តង់​ទី១​ឡើយ លុះ​ត្រា​តែ​កីឡាករ​របួស ឬ​មាន​បញ្ហា​អ្វី​ផ្សេង ព្រោះ​ខ្លាច​ធ្លាក់​កម្លាំង​នៅ​ជិត​ចប់​ការ​ប្រកួត។

 

៤. នេន សុធារ័ត្ន ក្លាយ​ជា​អ្នក​ចាំ​ទី​លើក​ដំបូង​ឲ្យ​ក្រុម​ជម្រើស​ជាតិ បន្ទាប់​ពី​កីឡាករ អ៊ុំ សេរីរ័ត្ន របួស​ និង​មិន​អាច​ទ្រាំ​ទ្រ​អាកាសធាតុ​ត្រជាក់​បាន ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​នៅ​ជិត​ចប់​ការ​ប្រកួត ហើយ​កម្ពុជា​ប្ដូរ​កីឡាករ​អស់​ទាំង ៣​នាក់។ ការ​ប្ដូរ​ខ្លួន​​ពី​ខ្សែ​ការពារ​មក​ជា​អ្នក​ចាំ​ទី នេន សុធារ័ត្ន បាន​ជួយ​សង្គ្រោះ​គ្រាប់​បាល់​ម្ដង​ដែរ ប៉ុន្តែ​ក្រុម​អាហ្វហ្គានីស្ថាន​នៅ​តែ​សម្រុក​រហូត​រក​បាន​មួយ​គ្រាប់​ទៀត​​បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល ៣-០។ ​​​

 

៥. ទម្រង់​លេង​កម្ពុជា​​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ប្រកួត​ជើង​ទី១ លើ​ទឹក​ដី​កម្ពុជា និង​ការ​ប្រកួត​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត។ ឱកាស​កម្ពុជា​ក្នុង​ការ​អូស​បាល់​ទៅ​មុខ​ទី​ក្រុម​អាហ្វហ្គានីស្ថាន​មាន​តិច​តួច​បំផុត និង​មិន​មាន​ឱកាស​បាន​ស៊ុត​ច្រើន​ឡើយ។ ចំណែក​ក្រុម​អាហ្វហ្គានីស្ថាន​វិញ​មាន​ឱកាស​ស៊ុត​បាន​ច្រើន រហូត​ទម្លាយ​សំណាញ់​ទី​​បាន ៣​គ្រាប់។

 

៦​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ជំនួប​កម្ពុជា និង​អាហ្វហ្គានីស្ថាន យប់​មិញ

ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន

 

៦. បើ​ទោះ​សំបុត្រ​មាន​តម្លៃ​តែ​ជាង ៣​ដុល្លារ ក៏​អ្នក​ចូល​ទស្សនា​ជើង​ទី២ នៅ​អ៊ីរ៉ង់​ មាន​តិច​ជាង​កាល​ប្រកួត​ជើង​ទី១ នៅ​កម្ពុជា​ជិត ២០​ដង។ អ្នក​ចូលរួម​ទស្សនា​ការ​ប្រកួត​នៅ​កីឡដ្ឋាន Takhti Stadium កាល​ពី​យប់​មិញ​មាន​ត្រឹម​ប្រមាណ ២៥៨៥​នាក់​ប៉ុណ្ណោះ ឯ​ការ​ប្រកួត​ជើង​ទី១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មាន​ប្រមាណ ៥៥០០០​នាក់។ អ្នក​ទស្សនា​តិច​បែប​នេះ អាច​បណ្ដាល​មក​ពី​ការ​ប្រកួត​នៅ​ដី​កណ្ដាល ខណៈ​ដែល​ម្ចាស់​ផ្ទះ​អ៊ីរ៉ង់​ត្រូវ​ប្រកួត​ដូច​គ្នា៕

 

៦​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ជំនួប​កម្ពុជា និង​អាហ្វហ្គានីស្ថាន យប់​មិញ

 

​​​​​​អត្ថបទ៖ គង់ វិសាល