ប្រភព​បង្ហើប​ថា ព្រាប សុវត្ថិ ជា​តួ​ឪពុក​ក្នុង​​រឿង​របស់ Angelina Jolie


ប្រភព​បង្ហើប​ថា ព្រាប សុវត្ថិ ជា​តួ​ឪពុក​ក្នុង​​រឿង​របស់ Angelina Jolie

ព័ត៌មាន​លេចឮ​​មក​ថា Angelina Jolie ក៏​បាន​អញ្ជើញ​លោក ព្រាប សុវត្ថិ ដើម្បី​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​របស់​នាង​ផង​ដែរ ស្រប​ពេល​ក្រុម​ការងារ​ផលិត កំពុង​ដំណើរ​ការ​ថត​នៅ​ខេត្ត​សៀមរាប។

 

ប្រភព​ពី​តារា​សម្ដែង​មួយ​រូប​បាន​បង្ហើប​ប្រាប់ Sabay ថ្មីៗ​នេះ​ថា កំពូល​តារា​ចម្រៀង​នៅ​កម្ពុជា ត្រូវ​ដើរ​តួ​ជា​ឪពុក​ក្នុង​រឿង”មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ឪពុក​​ខ្ញុំ” ដឹក​នាំ​ដោយ​តារា​លំដាប់​ពិភព​លោក​ខាង​លើ ។ ប៉ុន្តែ​ប្រភព​ដដែល​​មិន​បាន​ដឹង​ថា លោក ព្រាប សុវត្ថិ ព្រម​ទទួល​សំណើ​របស់​នាង Angelina Jolie ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​លើក​ឡើង​ថា មើល​ទៅ​តារា​ចម្រៀង​រូប​នេះ​មាន​ការ​មមាញឹក​ទាំង​ការងារ​ក្នុង​ផលិតកម្ម​ហង្ស​មាស និង​ការងារ​សិល្បៈ​ជា​ច្រើន​ទៀត។

 

ប្រភព​បង្ហើប​ថា ព្រាប សុវត្ថិ ជា​តួ​ឪពុក​ក្នុង​​រឿង​របស់ Angelina Jolie

 

ទោះ​បី​ជា​យ៉ាង​ណា តាម​រយៈ​ជំនួប​ផ្ទាល់​តាម​ទូរសព្ទ​ម្សិលមិញ តារា​ចម្រៀង​រូប​មិន​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​លេចឮ​ពី​សមាសភាព​ចូលរួម​សម្ដែង​នោះ​ទេ។ ប៉ុន្តែ​លោក​ប្រាប់ Sabay ដោយ​ខ្លី​ថា៖”ខ្ញុំ​អត់​ទាន់​បាន​ដឹង​ច្បាស់​ទេ ព្រោះ​នេះ​ខ្ញុំ​អត់​ទាន់​បាន​ដឹង​ដែរ​ហ្នឹង​ណាស់ ឥឡូវ​ជាប់​បើក​ឡាន​បន្តិច​មក​ខេត្ត(សើច)”។

 

Angelina Jolie ធ្លាប់​បាន​បង្ហាញ​ជំហរ​ចង់​ជួប​តារា​ចម្រៀង ព្រាប សុវត្ថិ ក្រោយ​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លង​មក។ ក៏​មាន​ការ​លើក​ឡើង​ថា តារា​សម្ដែង​អាមេរិក​មាន​សញ្ជាតិ​ខ្មែរ​រូប​នេះ មាន​បំណង​ចង់​សិក្សា​ពី​ប្រវត្តិ​របស់​គណៈកម្មការ Cambodian Idol ហើយ​ឈាន​ទៅ​ដល់​ការ​ពិភាក្សា​គ្នា​ពី​មុខ​តំណែង​តួ​អង្គ​ណាមួយ​ក្នុង​រឿង។

 

ព្រោះ​តារា​ចម្រៀង ព្រាប សុវត្ថិ ជា​បុគ្គល​ល្បីល្បាញ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​អតីត​ក្មេង​ប្រុស​ម្នាក់​កើត​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ផង​ដែរ ស្ថិត​នៅ​ក្រោម​ដើម​ស្នាយ ដែល​ជា​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ដឹក​នាំ​រឿង ហើយ​ចង់​សិក្សា​បន្ថែម។

 

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ កន្លង​មក​សាមី​ខ្លួន​តារា​ចម្រៀង​ខាង​លើ​ធ្លាប់​បាន​បញ្ជាក់​តាម​រយៈ​គេហទំព័រ​ក្នុង​ស្រុក​មួយ​ថា ជា​ឱកាស​មួយ​ក្នុង​ចំណោម​មួយ​ពាន់​ឱកាស​ផ្សេង​ទៀត ហើយ​ក៏​ជា​មោទនភាព​សម្រាប់​លោក ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ ប្រសិន​បើ​​អាច​ទទួល​ការងារ​សម្ដែង​ក្នុង​ភាពយន្ត​និយាយ​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​មួយ​នេះ៕

 

អាន​អត្ថបទ៖  ចេញ​វស្សា​ភ្លាម​តារា ៤ ដួង​ចូល​រោង​ការភ្លែត

អាន​អត្ថបទ៖  រំលឹក! ហេតុការណ៍​ចម្លែក​ក្នុង​ភាពយន្ត​ខ្មែរ ៣ រឿង​ផ្សេង​គ្នា

 

អត្ថបទ៖ សំ ជំនាញ