អត្ថប្រយោជន៍​ពី​ទូទឹកកក​

Sanofi

១ – ស្រោមជើង​ប្រើ​បានយូរ​

​ស្រោមជើង​ធ្វើ​ពី​ជាតិ​សរសៃអំបោះ​ដែល​ទើបតែ​ទិញ​មក​ថ្មី​មិនទាន់​ប្រើ ចូរ​កុំអាល​បើក​ថង់​ចេញ​ឱ្យសោះ ត្រូវ​យកទៅដាក់​ក្លាស្សេ​នៅក្នុង​ទូទឹកកក​នៅត្រង់​ថត​កក​រយៈពេល​ពី ១-២ ថ្ងៃ រួចហើយ​ហែក​ថង់​ចេញ និង យកមក​ហាល​សំដិល​ក្រោម​ម្លប់​ឱ្យបាន​កន្លះ​ថ្ងៃ​ទើប​យកទៅ​ប្រើ ។ ការធ្វើ​បែបនេះ​អាច​បង្កើន​ភាព​ជាប់​ស្វិត​នៃ​ស្រោមជើង​ប្រើ​បានយូរ ។​

២ – កែ​នំ​ក្រៀម​ឱ្យ​ស្រួយ​ឡើងវិញ​

នំ​ក្រៀម​នៅពេលដែល​វា​សើម ឬ ទន់​អាច​ប៉ះពាល់​ដល់​រសជាតិ ។ ដូច្នេះ​វិធី​ដ៏​ល្អ​គឺ​ត្រូវ​យកនំ​ក្រៀម​ដែល​ទន់​នេះ​ទៅ​ដាក់​ក្លាស្សេ​នៅក្នុង​ទូទឹកកក​រយៈពេល ២៤ ម៉ោង ទើប​យកចេញ នោះ​នំ​ក្រៀម​នឹង​ស្រួយ និង មាន​រសជាតិ​ឆ្ងាញ់​ដូចដើម ។​

៣ – ពង្រាប​កំណាត់​សរសៃសូត្រ​

សម្លៀកបំពាក់​ធ្វើ​ពី​សរសៃសូត្រ​មានគុណ​ភាព​ទន់​ល្មឿយ ហើយ​ក្រោយពេល​បោកគក់​រួច​ប្រែ​ទៅជា​មាន​ស្នាម​ជ្រីវជ្រួញ​ដែល​ពិបាក​អ៊ុត​ឱ្យ​រាបស្មើ​ណាស់ ។ ដូច្នេះ​វិធី​ដ៏​ល្អ គឺ​ត្រូវ​ច្រក​វា​នៅ ក្នុង​ថង់​បា្ល​ស្ទិ​ក រួចហើយ​យក ទៅ​ដាក់​ក្លាស្សេ​នៅក្នុង​ទូទឹកកក ក្នុង​ថត​កក​រយៈ ៤ ទៅ ៥ នាទី ទើប​យកមក​អ៊ុត នោះ​សាច់ កំណាត់​នឹង​រាបស្មើ​ល្អ ។​

៤ – ពុះ​ស៊ុត​មិនឱ្យ​បែក​ផ្នែក​លឿង​

ស៊ុតមាន់ ឬ ស៊ុតទា​ដែល​ទើបតែ​ស្ងោរ​ឆ្អិន​ហើយ ប្រើ​កូនកាំបិត​ពុះ​វា​ភ្លាមៗ​គឺ​ពង​លឿង​នឹង​បែកខ្ទេច​អស់​ជាក់ ជាមិនខាន ។ ប្រសិនបើ​យក​វា​ទៅ​ដាក់​ក្លាស្សេ នៅក្នុង​ទូទឹកកក​រយៈពេល​មួយ​ម៉ោង​ទើប​យកមក​ពុះ​ពង​លឿង​មិន​បែកខ្ទេច ហើយ​អាច​រក្សា​ទ្រង់ទ្រាយ​ដើម​ដដែល ។​

៥ – វិធី​ស្ងោរ​សណ្តែក​ឱ្យ​ឆាប់​ផុយ​

សណ្តែកក្រហម សណ្តែកសៀង និង ប្រភេទ​សណ្តែក​ដទៃទៀត​ដែល​មិនបាន​ដាក់​ត្រាំ​ក្នុង​ទឹក​ហើយ​យកទៅ​ស្ងោរ គឺ​មិន​ងាយ​ផុយរលួយ​ឡើយ ប៉ុន្តែ​ក្រោយពេល​លាង​ទឹក​ឱ្យ​ស្អាត ដាក់​ស្ងោរ​ភ្លាម​មួយ​អំពុះ រួចហើយ​ទុកឱ្យ​ត្រជាក់ និង យកទៅដាក់​ក្លាស្សេ​នៅក្នុង​ទូទឹកកក​ក្នុង​ថត​កក​ប្រហែលជា​ពីរ​ម៉ោង ទើប​យកចេញ និង ដាក់​ស្ងោរ​ម្តងទៀត រយៈពេល ២០ នាទី សណ្តែក​នឹង​ផុយរលួយ និង មាន​រសជាតិ​ឆ្ងាញ់​ទៀតផង ៕

 

 

Related