ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ពីបទ​លួច​កន្ទុយ​រ៉ឺម៉ក​

កណ្តាល: សមត្ថកិច្ច​បាន​ឃាត់ខ្លួន បុរស​ជនជាតិ​វៀតណាម​ម្នាក់ ក្នុងចំណោម​២​នាក់ បន្ទាប់ពី​ធ្វើសកម្មភាព​លួច​យក​កន្ទុយ​រ៉ឺម៉ក​គេ​។​ការឃាត់ខ្លួន​នេះ​បាន​​កើតឡើង​វេលា​ម៉ោង​៣​និង​៤០​នាទី ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុកស្អាង ខេត្តកណ្ដាល​។​

 ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​ឃាត់ខ្លួន​មាន ឈ្មោះ វ្វៀង យ៉ាំង​ឌឿ​ង ភេទប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រីឯ​ជនសង្ស័យ​ដែល​គេចខ្លួន​ឈ្មោះ តាំង ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​វៀតណាម នៅរាជធានី​ភ្នំពេញ​។​

​នៅមុន​ថ្ងៃកើតហេតុ ជនសង្ស័យ​ទាំងពីរ​នាក់​បាន​លួច​រ៉ឺម៉ក នៅ​ចំណុច​ភូមិ​ព្រែ​ករុន ឃុំព្រែក​គយ សណ្តោង​ដោយ​ម៉ូតូ​យកទៅ​ផ្ទះ​របស់​ឈ្មោះ វ្វៀង យ៉ាំង​ឌឿ​ង នៅ​សង្កាត់ច្បារអំពៅ​។

​លុះ​ព្រឹក​ឡើង​ថ្ងៃ​ដដែល​ឈ្មោះ វ្វៀង យ៉ាំង​ឌឿ​ង បាន​យក​ថ្នាំ​មក​លាប​លើ​រ៉ឺម៉ក ដើម្បី​ប្តូពណ៌​ពី​ខៀវ ទៅជា​ពណ៌​ពងមាន់ ពេលនោះ​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​​ឃើញ​សង្ស័យ ក៏បាន​ឃាត់ខ្លួន​ឈ្មោះ វ្វៀង យ៉ាំង​ឌឿ​ង ធ្វើការ​សាកសួរ ចំណែក​ឈ្មោះ តាំង បានគេចខ្លួនបាត់​។ ឈ្មោះ វ្វៀង យ៉ាំង​ឌឿ​ង បាន​សារភាពថា​​ពួកខ្លួន​បាន​លួច​រ៉ឺម៉ក​នេះ​មកពី​ស្រុក​ស្អាង ។​

​នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​១១​និង​១០​នាទី សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារអំពៅ បានទំនាក់ទំនង​មក​អធិការដ្ឋាន នករបាល​ស្រុក​ស្អាង ដើម្បី​ប្រគល់​ជនសង្ស័យ​ឈ្មោះវ្វៀង យ៉ាំង​ឌឿ​ង និង​វត្ថុតាង​មក​អធិការដ្ឋាន​ស្រុក ដើម្បី​ស្វែងរក​ម្ចាស់​រ៉ឺ​មក​និងកសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ពីបទ​លួច​កន្ទុយ​រ៉ឺម៉ក​