ត្រី​កំពុង​នៅក្នុង​បឹង​នៅឡើយ បែរជា​បក្សប្រឆាំង នាំគ្នា​គិតពី​រឿង អាំង ឆា ស្ងោរ​ទៅវិញ​

ភ្នំពេញ: ជារឿយៗ មេដឹកនាំ​គណបក្សប្រឆាំង តែង​ឆ្លៀត​លើកយក​ព្រឹត្តិការណ៍​នយោបាយ ដែល​បាន​កើតឡើង​ពី​ប្រទេស​ផ្សេងៗ ទាំង​នៅក្នុង​ពិភពលោក ក៏ដូចជា​ក្នុង​តំបន់ និង​ប្រទេសជិតខាង មក​ប្រៀបធៀប​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ដើម្បី​កេងចំណេញ​នយោបាយ​សម្រាប់​គណបក្ស​ខ្លួន​។​

​កន្លងមក នៅពេល​ដែលមាន​ចលនា​បដិវត្តន៍​ពណ៌​ផ្ដួលរំលំ​នៅ​ប្រទេស​នានា មេ​ដឹក​បក្សប្រឆាំង​តែងតែ​និយាយថា​ចលនា​នេះ​ជិត​កើតឡើង​នៅ​កម្ពុជា​ដែរ​ហើយ និង​បាន​ដើរ​ញុះញង់​ប្រជាពលរដ្ឋ ឲ្យ​មាន​ទឹកចិត្ត​ពុះកញ្ជ្រោល​ចង់​ធ្វើតាម​ប្រទេស​ទាំងនោះ ប៉ុន្តែ​នៅពេលដែល​ចលនា​នៃ​ការធ្វើ​បដិវត្តន៍​ពណ៌​ទាំងនោះ​នាំមក​នូវ​អសន្តិសុខ និង​សង្គ្រាម​បង្ហូរឈាម​គ្នា យើង​មិនដែល​ឮ​មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា ចេញមុខ​បកស្រាយ​ពី​ផលវិបាក​នៃ​ការធ្វើ​បដិវត្តន៍​ពណ៌​នេះឡើយ​។​

​ថ្មីៗ​នេះ ជុំវិញ​ព្រឹត្តិការណ៍​បោះឆ្នោត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក៏ត្រូវ​បាន​ក្រុម​មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា និង​ក្រុមអ្នកវិភាគ​ដែលមាន​និន្នាការ​ប្រឆាំង លើក​យកមក​ធ្វើជា​ប្រយោជន៍​ដើម្បី​វាយប្រហារ​បក្ស​កាន់អំណាច និង​រាជរដ្ឋាភិបាល យ៉ាង​ងងើល ដោយ​ធ្វើការ​ប្រៀបធៀប​ថា​នឹងមាន​ស្ថានភាព​ដូចគ្នា​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨​។ រឿងនេះ​វា​ហាក់ដូច​ជាការ​ស្រមើ​ស្រ​ម៉ៃ ដូច​រឿងព្រេង​និទាន "​ចៅ​ចាក់​ស្មុ​គ្រ​" អញ្ចឹង​ដែរ​។​

​និយាយ​ពី​ថ្នាល​នៃ​លទ្ធិប្រជាធិបតេយ្យ​វិញ គឺ​ប្រទេស​កម្ពុជា​បានចេញ​ដំណើរ​មុន​ប្រទេស​មី​យ៉ាន់​ម៉ា តាំងពី​២២​ឆ្នាំមុន​មក​ម្លេះ​។ ស្ថានភាព​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី​នេះ គឺ​បានកើត​មាននៅ​កម្ពុជា​រួចហើយ តាំងពី​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​២០១៣ កន្លងទៅនេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ចេញទៅ​បោះឆ្នោត​នៅ​កម្ពុជា មិនមែន​ទៅ​គាំទ្រ​គណបក្សប្រឆាំង​នោះទេ គឺ​ពួកគាត់​ក៏​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​ដឹកនាំ​ប្រទេស​យ៉ាង​លើសលប់​ទៅវិញ ទើប​រហូតមក​ដល់ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ជា​គណបក្ស​ឈានមុខ​សម្រាប់​ដឹកនាំ​ប្រទេស​។​

​ដូច្នេះ ការ​លើកយក​ព្រឹត្តិការណ៍​បោះឆ្នោត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា មក​ប្រដូច​ការបោះ ឆ្នោត​ឆ្នាំ​២០១៨​នៅ​កម្ពុជា គឺជា​រឿង​ខុសគ្នា​ស្រឡះ ខុស​ទាំង​របប​នយោបាយ សេដ្ឋកិច្ច សង្គម ខុស​ទាំង​សន្តិសុខ​ផ្ទៃក្នុង​ប្រទេស ខុស​ទាំង​ភាពលំបាក និង​ភាពងាយស្រួល ដែល​សូម្បីតែ​ការបោះឆ្នោត​ក៏​ខុសគ្នា​ដែរ គឺ​ប្រទេស​កម្ពុជា​បាន​បោះឆ្នោត​ជា​សកល​ចំនួន​៥​ដង​រួចមកហើយ រីឯ​ប្រទេស មី​យ៉ាន់​ម៉ា វិញ​មានការ​ខកខាន​ការបោះឆ្នោត​រយៈពេល​២៥ ឆ្នាំ​ឯណោះ​។ ដូចនេះ ប្រជាពលរដ្ឋ​ភូមា មិនទាន់បាន​ស្គាល់​ពី​រស់ជាតិ​ល្វីង ជូរ ចត់ នៃ​លទ្ធិប្រជាធិបតេយ្យ ដូច​កម្ពុជា​នោះទេ​។​

​បើ​និយាយ​អំពី​ចរិតលក្ខណៈ​របស់​មេដឹកនាំ​បក្សប្រឆាំង​នៅ​ភូមា និង​មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា គឺ​រឹតតែ​ខុសគ្នា​ស្រឡះ​។ លោកស្រី អ៊ុង សាន​ស៊ូ​ជី គឺជា​មេដឹកនាំ​ដែលមាន​ចរិត​បង្រួបបង្រួម​ជាតិ មិន​ញុះញង់ ចងគំនុំ សងសឹក បើទោះបីជា​របប​យោធា​ភូមា បាន​ធ្វើទុក្ខបុកម្នេញ​លោកស្រី​អស់​ជាច្រើន​ឆ្នាំ​ក្តី​។ គឺជា​មេដឹកនាំ​ធ្លាប់​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព​។

​ចំណែក​ចរិតលក្ខណៈរ​បស់​មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា គឺ​ផ្ទុយស្រឡះ​ពី​លោកស្រី ។ លោក កឹម សុខា ធ្លាប់មាន​ប្រវត្តិ​លួច​អង្ករ និង​មាន​ប្រពន្ធ​ច្រើន ជាពិសេស​គឺ​ចរិត​ភូតកុហក់ បោកប្រាស់ សន្យា​ខ្យល់​រាប់មិនអស់​ជាមួយ​ប្រជាពលរដ្ឋ​។

​រីឯ​លោក សម រង្ស៊ី ធ្លាប់មាន​ប្រវត្តិ​ឪពុក​ជា​ជន​ក្បត់ជាតិ​កាលពី​សម័យ​សង្គម​រាស្ត្រ​និយម ដូច្នេះហើយ​ទើប​មាន​គំនុំ​គ្រួសារ​ជាមួយ​រាជវង្ស​រហូតមកដល់​ពេលនេះ និង​មិន​ស្តាប់​ព្រះរាជបន្ទូល​ណែនាំ​របស់​ព្រះមហាក្សត្រ​។ បន្ថែម​លើ​នេះ​ទៀត នយោបាយ​រើសអើង​ជាតិ​សាសន៍ ចងគំនុំ ចោទប្រកាន់​ត្រូវបាន​លោក សម រង្ស៊ី យកមកប្រើ​ប្រាស់​​ជា​ប្រធានបទ​ឃោសនា​វាយប្រហារ​គណបក្ស​ដឹកនាំ​ប្រទេស ដើម្បី​តែ​ប្រយោជន៍​​គណបក្សនយោបាយ​ខ្លួន ក្នុង​គោលបំណង​ដណ្តើម​អំណាច​តែមួយគត់ គឺ​មិនដែល​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ឡើយ​។​

​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី គឺ​ក្រោយពី​មានការ​ប្រកាស​លទ្ធផល​ពី​ការកើនឡើង​សម្លេង​ខ្ពស់​របស់​គណបក្ស​ខ្លួន​មក លោកស្រី​បានប្រកាស​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រកាន់​នូវ​ជំហរ​មានការ​អត់ឱន លើកលែង មិន​សងសឹក​ចំពោះ​អ្នកចាញ់ ដែល​នេះ​ជា​ចរិត​ដ៏​ថ្លៃថ្នូរ​ក្នុង​ភាពជា​មេដឹកនាំ​។

​ផ្ទុយទៅវិញ មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា មិនទាន់​ទាំង​មានការ​បោះឆ្នោត​ផង ក៏​ហ៊ាន​ប្រកាសថា​នឹង​បង្កើត​តុលាការ​កាត់ទោស​ប្រជាពលរដ្ឋ​ដែល​រកស៊ី​មានបាន និង​អ្នកវិនិយោគ ព្រមទាំង​រឹបអូស​ដី​ពី​អ្នកមាន​ទៅ​ឲ្យ​អ្នកក្រ​ទៅហើយ ដែល​បង្ហាញថា​មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា នឹង​ប្រែក្លាយ​ប្រទេស​ដែល​កំពុងមាន​សន្តិភាព ឲ្យ​ទៅជា​ប្រទេស​មាន​សង្គ្រាមស៊ីវិល​ឡើងវិញ​។

​ម្យ៉ាងទៀត ការបោះឆ្នោតជាតិ ឆ្នាំ​២០១៨ មិនទាន់​ខិតជិត​មកដល់​ផង បក្សប្រឆាំង បាន​ដើរ​អំពាវនាវ​ឲ្យ​បរទេស មក​បង្ខំ​រដ្ឋាភិបាល​ស្របច្បាប់ ឲ្យ​រៀបចំ​ការផ្ទេរអំណាច​ដ​ល់​ក្រុម​ខ្លួន​ទៅហើយ នៅពេលដែល​លទ្ធផល​ឆ្នោត ឬ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​យ៉ាងណា​នោះឡើយ​។ សកម្មភាព​របស់​បក្ស​ប្រឆាំង​បែបនេះ គឺជា​ការ​មើលងាយមើលថោក អធិបតេយ្យ​របស់​ពល​រដ្ឋ​ខ្មែរ​ជាង​១៥ លាន​នាក់​ទាំងស្រុង​។​

​ដូច្នេះ ការវាយតម្លៃ​អំពី​ជោគជ័យ​នៃ​ការបោះឆ្នោត​របស់​បក្សប្រឆាំង​នៅ​ភូមា ថា​នឹង​ដូច​ការបោះឆ្នោត​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨​ខាងមុខ របស់​មេដឹកនាំ​បក្សប្រឆាំង និង​ក្រុមអ្នកវិភាគ​ដែលជា​បក្ខពួក គឺ​មិនបាន​ឆ្លុះបញ្ចាំង​គ្នា​បន្តិច​ណា​សោះ ពីព្រោះ​ស្ថានភាព​បែបនេះ​បាន​កន្លងផុត​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​រួចទៅហើយ ហើយ​គណបក្សប្រឆាំង​នៅ​កម្ពុជា គឺ​បានទទួល​បរាជ័យ​ជា​បន្តបន្ទាប់​រួចហើយ​ដែរ បើទោះបីជា​មានការ​រួបរួម​គ្នា រវាង​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស រួចហើយ​ក្តី​។

​ដូច្នេះ ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា បានត្រឹមតែ​ដេក​ស្រមើ​ស្រ​ម៉ៃ​នូវ​ក្តីសង្ឃឹម​របស់ខ្លួន​តែប៉ុណ្ណោះ នៅពេលដែល "​ត្រី​កំពុង​នៅក្នុង​បឹង​នៅឡើយ បែរជា​បក្សប្រឆាំង នាំគ្នា​គិតពី​រឿង អាំង ឆា ស្ងោរ របៀប​ចៅ​ចាក់​ស្មុ​គ្រ​" បែបនេះ​៕