លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលា​ម៉ោង ៨ និង ៣០​នាទី នៅ​វិមាន​សន្តិភាព មាន​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី​៥ ដើម្បី​ឆ្លង​៖
១-​សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព​
២- បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖  
២.១. កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន​។​
២.២.​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។​
​    ​
​ក្រោយពី​បាន​ស្តាប់​របាយការណ៍ និង​មតិ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រួចមក កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បានសម្រេច​អនុម័ត​៖
១- សេចក្តីព្រាងច្បាប់ ស្តីពី សហជីព​៖
​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ មានការ​រីកចំរើន​យ៉ាង​ឆាប់រហ័ស ដែល​គិត​មកដល់​បច្ចុប្បន្ននេះ​មាន​សហជីព​មូលដ្ឋានចំនួន ៣២១៤ សហជីព សហព័ន្ធ​សហជីព​ចំនួន ៨៤​សហព័ន្ធ សហភាព​សហព័ន្ធ​សហជីព​ចំនួន ១៣ សហភាព និង​សមាគម​និយោជក​ចំនួន​៥​សមាគម ដែល​តម្រូវ​ឲ្យ​មាន​បទ​ប្បញ្ញត្តិ​កាន់តែ​ច្បាស់លាស់​ដើម្បី​ធានា​នូវ​ការអនុវត្តន៍​សិទ្ធិសេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​។ ជានិច្ច​ជា​កាល​រាជរដ្ឋាភិបាល​ចាត់ទុក​បណ្តា​សហជីព និង​អង្គការ​វិជ្ជាជីវៈ​ទាំងអស់​ជា​ដៃគូ​សង្គម ហើយ​សហជីព និង​អង្គការ​វិជ្ជាជីវ​ទាំងនេះ​ក៏បាន​ចូលរួមចំណែក​ក្នុងការ​ការពារ​សិទ្ធិ​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ និង​លើកកម្ពស់​ការអភិវឌ្ឍ​ជាតិ បើទោះបីជា​នៅមាន​ការ​ប្រឈម​ខ្លះ​ក៏ដោយ​។

​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​នេះ​មាន​គោលបំណង ទី​១.​ផ្តល់​សិទ្ធិ និង​សេរីភាព​ដល់​សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ ដោយ​កំណត់​ពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ អង្គការ​វិជ្ជាជីវៈ របស់​កម្មករ និយោជិត និង​និយោជក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទី​២.​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយណា​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ ដោយ​ធានា​នូវ​សិទ្ធិសេរីភាព​ក្នុង​ការចរចា​ជា​សមូហភាព​រវាង​កម្ម​ករ និយោជិត និង​និយោជក ក្នុង​គោលបំណង​ជំរុញឱ្យមាន​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ការងារ​សមរម្យ បង្កើន​ផលិតភាព និង​ការវិនិយោគ​។​

​តាមរយៈ​ការពិគ្រោះ​យោបល់​ជា​លក្ខណៈ​ទ្វេភាគី ត្រីភាគី ពហុភាគី និង​ជា​សាធារណៈ​ច្រើនលើកច្រើនសារ សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០០៨ ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានទទួល​ធាតុ​ចូល​យ៉ាងច្រើន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ជាពិសេស​ពី​សហជីព និយោជក និង​អង្គការ​អន្តរជាតិ​ខាង​ការងារ ហើយ​បាន​ឆ្លើយតប​ភាគច្រើន ទៅនឹង​សំណូមពរ​របស់​ភាគី​នីមួយៗ​។

​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​វាយតម្លៃថា សេចក្តីព្រាងច្បាប់​នេះ គឺមាន​លក្ខណៈ​សមស្រប​ជាមួយនឹង​អនុសញ្ញា​អន្តរជាតិ ក៏ដូចជា​បរិបទ​រប​ស់​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​នេះ មាន​សារសំខាន់ សម្រាប់​ធានាបាន​នូវ​សិទ្ធិសេរីភាព សុខដុម​នីយកម្ម ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែលជា​កត្តា​ស្នូល​ក្នុងការ​ធានា​នូវ​ស្ថិរភាព និង​និរន្តរភាព​នៃ​រោងចក្រ សហគ្រាស ឬ​គ្រឹះស្ថាន​ក្នុង​ដំណើរការ​សង្វាក់​ផលិតកម្ម​សេវាកម្ម ពាណិជ្ជកម្ម ក៏ដូចជា​ការទាក់ទាញ​វិនិយោគទុន​នៅ​កម្ពុជា​។

​សេចក្តីព្រាងច្បាប់​សហជីព​នេះ មាន ១៧ ជំពូក និង​១០០ មាត្រា​មាន​វិសាលភាព​គ្របដណ្តប់​លើ​សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយណា​ដែល​ស្ថិតនៅក្នុង​សហគ្រាស ឬ​គ្រឹះស្ថាន​ក្រោម​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្តីពី​ការងារ​។ ច្បាប់​នេះ គ្របដណ្តប់​ចំពោះ​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ​ផងដែរ​។
 
២-​បញ្ហា​ផ្សេងៗ​៖ អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​បានអនុម័ត​បញ្ជូន​៖
២.១. កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន​
២.២.​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទៅសុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រគល់​ភារកិច្ច​ជូន​ក្រសួងមហាផ្ទៃ រៀបចំ​ព្រាង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្តីពី ការហាមឃាត់​ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម ឲ្យ​បញ្ឈប់​ការជួល​ដីស្រែ​ចំការ​។ ម្យ៉ាងវិញទៀត សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រៀបចំ​លិខិត ជូនទៅ​ឯកឧត្តម នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ស្នើសុំ​កិច្ចសហការ​ពី​រដ្ឋាភិបាល​វៀតណាម ឲ្យ​ប្រជាជន​វៀតណាម ឈប់​ជួល​ដី​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​បណ្តោយ​ព្រំដែន​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ក៏បាន​ណែនាំ​ផងដែរ​ដល់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន ធ្វើការ​គ្រប់គ្រង​ដី​រដ្ឋ ដើម្បី​រក្សាទុក ធ្វើជា​ដី​សម្បទាន សង្គមកិច្ច សម្រាប់​ចែកជូន​មុខសញ្ញា​ក្រីក្រ ក្នុងនោះ​រួមមាន​៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ ដែល​បាន និង​កំពុង​ឈរជើង​ការពារ​បូរណភាព ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​