លោក​អភិបាល​ខណ្ឌដង្កោ​ដឹកនាំ​ការ​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក

រាជធានី​ភ្នំពេញ ៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ រួម​ជាមួយ​លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ លោក​ចៅសង្កាត់​ពងទឹក លោកនាយ​ប៉ុស្តិ៍ និង​មន្ត្រីរាជការ​ជុំវិញ​ខណ្ឌ ព្រមទាំង​យុវជន​ខណ្ឌ បាន​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គម្រូ​ថ្មី​ជូន​ប្រជាពលរដ្ឋ និង​បាន​ពិនិត្យ​មើល​ការ​បូមទឹក​ដាក់​ស្រែ និង​ធ្វើការ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ក្នុងភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

នៅ​ក្នុង​ឱកាស​នោះ លោក​អភិបាល​ខណ្ឌ បាន​ធ្វើការ​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អំពី​ជីវភាព​រស់នៅ និង​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន​នានា ព្រមទាំង​បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​នៅ​ក្នុង​មូលដ្ឋាន ។ ជាមួយ​គ្នា​ដែរ​លោក​អភិបាល​បាន​លើក​ឡើង​អំពី​ការ​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​នេះ គឺ​ស្រប​ពេល​ដែល​សាលា​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន នគរបាល​ខណ្ឌ និង​ប៉ុស្តិ៍ ឲ្យ​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​របស់​ប្រជាពលរដ្ឋ​ដល់​ផ្ទះ​ដោយ​ផ្ទាល់ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ជូន​ដល់​ពួក​គាត់ និង​ចំណេញ​ពេលវេលា ។

លោក​អភិបាល​ខណ្ឌ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​មន្ត្រី​សាលាសង្កាត់ និង​ប៉ូលិស​ប៉ុស្តិ៍​ទាំងអស់​នៅ​ក្នុង​ខណ្ឌ បន្ត​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ជាប់​ជា​និច្ច និង​ជំរុញ​ការ​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​ដល់​ផ្ទះ​របស់​ពួក​គាត់ និង​ឲ្យ​បាន​លឿន ដើម្បី​ពួក​គាត់​ឆាប់​បាន​យក​ទៅ​ប្រើប្រាស់ ។

អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គម្រូ​ថ្មី​ដែល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ទម្លាក់​មក​ដល់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​៣៦៦០​សន្លឹក ដោយឡែក​នៅ​ក្នុង​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ពងទឹក​ដែល​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​យក​ទៅ​ប្រើប្រាស់​មាន​ចំនួន​៥២៧​សន្លឹក ។ ទន្ទឹម​នឹង​នេះ​លោក​អភិបាល​ក៏​បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​ថ្មី ត្រូវ​ថែរក្សា​ឲ្យ​បាន​ល្អ ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ឲ្យ​មានការ​បាត់បង់ ព្រោះ​នេះ​ជា​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​យើង​ម្នាក់​ៗ ហើយ​វា​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ៕