ពលរដ្ឋ​បើក​គោ​យន្ត​ដឹកឈើ​ជ្រុល​បុក​រថយន្ត​មេព្រៃពេល​កំពុងចុះ​បង្ក្រាប​បទល្មើស

ខេត្តសៀមរាប ​៖ រថយន្ត​(​ហ្វ​ត​) របស់​មេព្រៃក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្រែ​ណូ​យ ស្រុក​វ៉ា​វិ​ន ខេត្តសៀមរាប កំពុង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តាម​ដងផ្លូវ ត្រូវ​​​គោ​យន្តកន្ត្រៃ​របស់​ពលរដ្ឋ​ដឹកឈើ​មួយ​គ្រឿងបើក​មក​​បុកបណ្តាល​ឱ្យ​ខូចខាត​ក្រពឹត​ខាង​មុខ​យ៉ាងដំណំ ។

ហេតុការណ៍​​នេះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​ស្រែ​ណូ​យ​ កាលពីវេលា​ម៉ោង​៩ ​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៣​ វិច្ឆិកា ​​២០១៥ នៅ​ចំណុច​ផ្សារស្រែ​ណូ​យ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញគោ​យន្ត​កន្ត្រៃដឹកឈើបើក​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​មេព្រៃ​មក​ពី​ទិស​ខាងជើង​​ រួច​ជ្រុល​ទៅបុក​រថយន្ត​មេព្រៃស្រែ​ណូ​យ ខ​ណៈ​ពេល​ដែលរថយន្ត​មេព្រៃបើក​ជិតគោ​យន្ត​ដឹកឈើដើម្បី​នាំ​យក​​​មក​ទុកនៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ណូ​យ​។​

ប្រភព​បាន​បន្ត​ថា រថយន្ត​មេព្រៃដែល​រង​ការខូចខាត​នោះ ម៉ាក​ហ្វ​ត ពណ៌​ទឹកប្រាក់​១​បាំង​កន្លះ ពាក់​ស្លាក​លេខ ស្វាយ​រៀង ២A.០៨.៦៩ ចំណែកគោ​យន្ត​ដឹកឈើ​ដែល​​រង​​​ការបង្ក្រាប​ពី​សំណាក់មេព្រៃ​នោះ មាន​ចំនួន មិន​ដល់​១​ម៉ែត្រគូប​នោះ​ទេ ជា​ប្រភេទ​ឈើលេខ​២ របស់​ប្រជាពលរដ្ឋ​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ មាន​ខាង​មន្ត្រី​ព្រៃឈើ​ទូរ​ស័ព្ទម​​ក​ប្រាប់​ថា មាន​គោ​យន្តដឹកឈើបុក​ជាមួយ​រថយន្ត​មេព្រៃ​កំពុង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​។​ លោក​បន្ត​ថា អ្នក​បង្ក​មានឈ្មោះ តែ គង់ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ រស់នៅភូមិ​ឬ​ស្សី​ធំ ឃុំ​ស្វាយសរ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប រីឯ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មានឈ្មោះ លី សុ​ផា ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ​ ជា​មន្ត្រី​រដ្ឋបាល​សង្កាត់​ព្រៃឈើ​ស្រែ​ណូ​យ ​។

​ប្រភព​បាន​បន្ថែម​ថា ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច ខាង​មន្ត្រី​ព្រៃឈើបែរជា​សុំ​យក​ទៅ​ទុក​ដោះស្រាយ​នៅ​កន្លែង​គេ​ទៅ​វិញ​៕
    ​