ខណ្ឌ​រដ្ឋបាល​ជលផល​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំនៅ​ក្រោយ​ស្រុក​ព្រែក​ប្រសព្វ

ខេត្តក្រចេះ​ ៖ យ៉ាង​ហោច​ណាស់​មាន​ដាយ​ចាប់​ត្រី​ប្រវែង​ជាង​២០​មែ​ត្រ និងរ​បាំងសាច់អួន​ជា​ច្រើន​ពាន់​ម៉ែត្រ​សុ​ទ្ធសឹង​ជា​ឧ​បក​រណ៍សម្រាប់​បម្រើ​ឲ្យ​បទល្មើស​នេសាទ​ និងបាន​លួច​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​ក្នុង​បឹង​អភិរក្ស​ត្រី​ពង​កូននៅ​ខាងក្រោយ​ស្រុក​ព្រែកប្រសព្វ ​​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ចាប់​បង្ក្រាប​កាលពី​រសៀល​ថ្ងៃ​ទី​១២ ​វិច្ឆិកា​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក ម៉ុ​ក ពន្លក នាយ​រង​ខណ្ឌ​រដ្ឋបាលជលផល​ខេត្ត ។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ លោក ម៉ុ​ក ពន្លក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា នេះ​ថា ឧ​បករ​ណ៍នេសាទ​ដូច​ជា​ដាយ​ចាប់​ត្រី​ចំនួន​០១​វង់ ទំហំ​៨​ម៉ែត្រ បណ្តោយ​២៥​ម៉ែត្រ និងរ​បាំងសាច់​អួន​លប​ណ​រ៉ាវ ចំនួន​៤​កន្លែង​មាន​ប្រវែង​ជាង​១​ពាន់​ម៉ែត្រ លប​សាច់​អួន​នីឡុង​ចំនួន​១៦​គ្រឿង ព្រមទាំង​សម្ភារបម្រើ​ឲ្យ​បទល្មើស​នេសាទ​ផ្សេង​ទៀត គឺ​ត្រូវ​បាន​បង្ក្រាប និង​បំផ្លាញ​ចោល​។

«បឹង​វែង» ជា​បឹង​ធំ​មួយ​មាន​ទីតាំង​លាត​ស​ន្ធឹ​ង​នៅ​ខាងក្រោយស្រុក​ព្រែក​ប្រសព្វ​។  មិន​ត្រឹមតែ​ជា​កន្លែង​ស្តុក​ទឹក​សម្រាប់​ពលរដ្ឋ​ប្រើ​​លើ​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ បឹងមួយ​នេះ ក៏​ជា​តំបន់​ជម្រក​ត្រី​ពង​កូន​សម្បូរ​ទៅ​ដោយ​ត្រី​មេ​ពូជ​ធំ​ៗ​មាន​សក្កានុ​ពល​ជលផលខ្ពស់​ទៀត​ផង​​ ហើយ​ពលរដ្ឋ​នៅ​ស្រុក​ព្រែក​​ប្រសព្វបាន​ចាត់​ទុក​បឹង​វែង​នេះ ជា​បឹងដែល​ផ្តល់​ប្រយោជន៍​ដល់​ទៅ​ពួក​គាត់​យ៉ាង​សម្បូរ​បែប៕