អ៊ីហ្ស៊ីខម ទទួលខុសត្រូវ រក្សាទុកឯកសារសម័យខ្មែរ ក្រហម និងឯកសារប្រវត្តិ សាស្រ្ របស់មជ្ឈមណ្ឌល ឯកសារកម្ពុជា នៅលើអនឡាញ

ភ្នំពេញ៖ គម្រោងសន្តិសុខទិន្នន័យ ដែលជាកិច្ចសហប្រតិបត្តិការរវាងមជ្ឈ មណ្ឌលឯកសារកម្ពុជា (DC-CAM) ក្រុមហ៊ុនអ៊ីហ្ស៊ីខម និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រូវបានសម្ពោធជាផ្លូវការកាលពីវេលាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ។ កិច្ចផ្តួចផ្តើមរួមគ្នានេះ នឹងចូលរួមចំណែកថែរក្សា និងប្រមូលផ្តុំឯកសារសម័យខ្មែរក្រហម ជាមួយនឹងប្រព័ន្ធមានសុវត្ថិភាពថ្មីមួយ ដែលនឹងអនុញ្ញាតឲ្យសាធារណៈជនកាន់តែច្រើនចូលមើលឯកសារទាំងនេះបាន ។ លោកបណ្ឌិត អេង កុកថៃ អគ្គនាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា បាននិយាយថា ៖បច្ចុប្បន្ន បណ្តុំឯកសារអំពីរបបខ្មែរក្រហមរបស់យើង រួមមាន រូបភាពនិងរូបថតជាង ១ម៉ឺន១ពាន់សន្លឹក ព្រមទាំងឯកសារជាង ៨៩ម៉ឺនទំព័រ ។ បន្ថែមពីនេះ យើងនៅមានឯកសារផ្សេងទៀតជាច្រើនដែលកំពុងរៀបចំបញ្ចូលក្នុងបណ្តុំឯកសារ ។ កាលពីមុន យើងពុំមានវិធីសាស្រ្ត ដែលមានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកទិន្នន័យ និងឯកសារទាំងអស់នេះទេ ។ ដូច្នេះ ប្រសិនបើមានហានិភ័យកើតឡើង យើងអាចបាត់បង់ទិន្នន័យទាំងអស់ក៏ថាបាន ។ តែឥឡូវ ជាមួយនឹងគម្រោងនេះ ឯកសារទាំងអស់នឹងត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព ។ ក្រោយការស្រាវជ្រាវប៉ុន្មានទសវត្សរ៍មកនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រមូលផ្តុំឯកសារ រូបភាព និងចម្លើយកសិណសាក្សីសរុបរាប់រយពាន់ច្បាប់ ពីសម័យខ្មែរក្រហម និងពីជនរងគ្រោះដែលរួចរស់ជីវិតពីរបបខ្មែរក្រហម ។ ជាមួយនឹងគម្រោងនេះ ប្រព័ន្ធរក្សាទុកឯកសារជាទម្រង់អេឡិចត្រូនិចមួយ នឹងត្រូវបង្កើតឡើង ដោយតភ្ជាប់ទៅកាន់ម៉ាស៊ីនមេ Server ច្រើននៅទីតាំងមានសុវត្ថិភាពផ្សេងៗគ្នា ដើម្បីធានាថា រាល់ទិន្នន័យ និងឯកសារត្រូវបានរក្សាទុកដោយសុវត្ថិភាព គ្រប់ពេលវេលាទាំងអស់។ លោកស្រី Rebecca Black ប្រធានបេសកកម្មទីភ្នាក់ងារ USAID ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ ជាមួយនឹងបទពិសោធន៍ទូទាំងពិភពលោក ក្នុងករណីសោកនាដកម្ម និងអំពើឃោរឃៅ ដូចជា អំពើប្រល័យពូជសាសន៍ ជាដើម ការយល់ដឹង និងចូលរួមពីសាធារណៈជន គឺជាមធ្យោបាយតែមួយគត់ដែលអាចធានាបាន នូវសន្តិភាព ការផ្សះផ្សា ការសម្រួលចិត្តពីរឿងរ៉ាវជូរចត់ក្នុងប្រវត្តិសាស្រ្តបែបនេះ ។ ដូច្នេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលគម្រោងថ្មីនេះអាចប្រើបច្ចេកវិទ្យាដើម្បីជួយឲ្យសាធារណៈជនកាន់តែច្រើន អាចចូលមើលឯកសារប្រវត្តិសាស្រ្តទាំងនេះ នៅក្នុងលក្ខណៈមួយដែលសមស្រប និងមានសុវត្ថិភាព។ យោងតាម លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុនអ៊ីហ្ស៊ីខម បច្ចេកវិទ្យាស្នូលនៃប្រព័ន្ធរក្សាទុកទិន្នន័យនេះ គឺការប្រើប្រាស់បច្ចេកវិទ្យា colocation និងការបង្កើតការតភ្ជាប់ domestic VPN ទៅកាន់មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម ។ សម្រាប់ការងារជួសជុលថែទាំប្រព័ន្ធ និងការគាំទ្រផ្នែកបច្ចេកទេស គឺក្រុមហ៊ុនអ៊ីហ្ស៊ីខម ជាអ្នកទទួលខុសត្រូវសម្រាប់រយៈពេលពីរឆ្នាំ ដោយអាចបន្តបន្ថែមទៀត អាស្រ័យតាមការចរចានាពេលអនាគត ។ លោក Paul Blanche-Horgan បានមានប្រសាសន៍បន្ថែមទៀតថា ៖យើងជឿថា បច្ចេកវិទ្យាគប្បីអភិវឌ្ឍ ស្របតាមកាវិវឌ្ឍរបស់សង្គម ជួយជំរុញការអភិវឌ្ឍប្រទេស និងការលើកទឹកចិត្តឲ្យមានការច្នៃប្រឌិតថ្មីៗ ។ ការប្តេជ្ញាចិត្តចំពោះការប្រើប្រាស់បច្ចេកវិទ្យា ក្នុងគោលបំណងជួយធ្វើឲ្យសង្គមរីកចំរើន គឺជាផ្នែកនៃរាល់កិច្ចការងាររបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម ។ ហេតុនេះហើយ ទើបយើងរីករាយក្នុងការចូលរួមសហការ ជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងដៃគូផ្សេងទៀតក្នុងគម្រោងនេះ ។ ថវិកាចំណាយក្នុងគម្រោងនេះ សរុបជិត៥ម៉ឺនដុល្លារអាមេរិក ដោយមានការចូលរួមចំណែកធនធាន ពីភាគីទាំងបីគឺ ក្រុមហ៊ុនអ៊ីហ្ស៊ីខម មជ្ឈមណ្ឌលឯកសារកម្ពុជា និងគម្រោង Development Innovations ដែលទទួលថវិកាឧបត្ថម្ភពី USAID សម្រាប់គម្រោងនេះ ។ លោក ថេង វិបុល ប្រធានកម្មវិធីភាពជាដៃគូរបស់គម្រោង Development Innovations បាននិយាយថា ៖ជាមួយនឹងគម្រោងនេះ ទីភ្នាក់ងារ USAID ចង់ជួយអភិរក្សឯកសារដ៏មានតម្លៃ ពីសម័យខ្មែរក្រហម សំដៅជំរុញការផ្សះផ្សា ក៏ដូចជារួមចំណែកបង្កើនលទ្ធភាពទទួលបានព័ត៌មាននៅក្នុងប្រទេសកម្ពុជា ។ យើងសង្ឃឹមថា តាមរយៈការបន្តផ្សព្វផ្សាយ និងអប់រំដល់សាធារណៈជនអំពីសម័យខ្មែរក្រហម យើងបានរួមចំណែកទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតឡើងម្តងទៀតនៅថ្ងៃអនាគត ៕

អ៊ីហ្ស៊ីខម ទទួលខុសត្រូវ រក្សាទុកឯកសារសម័យខ្មែរ ក្រហម និងឯកសារប្រវត្តិ សាស្រ្ របស់មជ្ឈមណ្ឌល ឯកសារកម្ពុជា នៅលើអនឡាញ