អាមេរិក ប្រកាសដកទណ្ឌកម្ម ចេញពីលីបេរីយ៉ា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខា លើបញ្ជាប្រតិបត្តិ ស្ដីពីការ ដក ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសអាហ្វ្រិកខាងលិច លីបេរីយ៉ា បន្ទាប់ពីប្រទេស មួយនេះបាន បង្កការគំរាមកំហែង អាមេរិកកាលពីជាង ១០ឆ្នាំមុន ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា បញ្ជាប្រតិបត្តិ នេះត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំកំពូលរបស់អាមេរិក ដោយលោក បាន កត់សម្គាល់ឃើញថា ដំណើរការរបស់ប្រទេសលីបេរីយ៉ា ចាប់តាំងពីមានសង្គ្រាម ស៊ីវិល ក្នុងឆ្នាំ២០០៣ ដោយប្រទេសនេះ បានបន្ដ កិច្ចខិតខំប្រឹង ប្រែងដើម្បីលទ្ធិប្រជាធិបតេយ្យ និងកិច្ចអភិវឌ្ឍនយោបាយ រដ្ឋបាល ស្ថាប័នសេដ្ឋកិច្ច របស់ខ្លួន។

កាលពីពេលកន្លងទៅនេះរដ្ឋបាលអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើប្រទេសលីបេរីយ៉ា អស់រយៈ ពេលជាង ១០ឆ្នាំ ដោយចោទប្រកាន់ថា សកម្មភាពរបស់អតីតប្រធានាធិបតី លីបេរីយ៉ា លោក ឆាលែស ថាយល័រ និងរដ្ឋបាលផ្ទៃក្នុងរបស់លោក បានបង្កគំរាមមួយទៅ កាន់ អាមេរិក។ លោក ថាយល័រ ត្រូវបានចោទប្រកាន់ពីបទបង្កើនកំដៅសង្គ្រាម ដ៏ឃោឃៅមួយនៅក្នុងប្រទេស អំឡុងឆ្នាំ១៩៩១ ដល់ឆ្នាំ ២០០២។

លោករត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០០៦ ហើយក្រោយមកត្រូវបានកាត់ទោសឲ្យជាប់គុក ៥០ឆ្នាំ ពីបទឧក្រិដ្ឋសង្គ្រាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ បច្ចុប្បន្ននេះលោក ថាយល័រ កំពុងជាប់ឃុំឃាំង ក្នុងគុកនៃប្រទេសអង់គ្លេស៕

អាមេរិក ប្រកាសដកទណ្ឌកម្ម ចេញពីលីបេរីយ៉ា