​កូនស្រី​ចៅសង្កាត់​ព្រែកលៀប​សារភាព​ឆបោក​ប្រាក់​៨២​ម៉ឺន​ដុល្លារ

​រាជធានី​ភ្នំពេញ​៖មន្ត្រី​តុលាការ​បង្ហើប​ឲ្យ​ដឹងថា កូនស្រី​ចៅសង្កាត់​ព្រែកលៀប សារភាពថា ពិតជា​បានចេញ​សែក​គ្មាន​ប្រាក់​៨​សន្លឹក​ស្មើនឹង​៨២​ម៉ឺន​ដុល្លារ​ប្រាកដ មែន ។ នាង​បញ្ជាក់ថា ហេតុតែ​ធ្វើ​ដូច្នេះ ព្រោះ​នាង​យកប្រាក់​ចងការ​គេ​តែ​ត្រូវគេ​បោក​មិន​សង​។ 

​    ​ស្ត្រី ឈ្មោះ ព្រាប សិរី​សុភា អាយុ​៣២​ឆ្នាំ ជា​កូនលោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប បាន​សារភាព​នៅក្នុង​សវនាការ ថា នាង​ពិតជា​ខ្ចីប្រាក់​ពី​ដើមបណ្តឹង រួច​ចេញ​សែក​គ្មាន​ប្រាក់​ប្រាកដ​មែន ដោយសារ​នាង​យកប្រាក់​ទៅ​ចងការ​ប្រាក់​ឱ្យ រួច​ត្រូវគេ​បោក ទើប​គ្មាន​ប្រាក់​សង​ដល់​ដើមបណ្តឹង​វិញ យ៉ាងណាក៏ដោយ​ជនសង្ស័យ​រូបនោះ​បានស្នើ​សុំឱ្យ​តុលាការ​បន្ធូរ​បន្ថយទោស​។ 

​    ​គួរ បញ្ជាក់ថា សំណុំរឿង​ខាងលើនេះ មាន​ជនជាប់ចោទ​៣​នាក់ គឺ ឈ្មោះ ព្រាប សិរី​សុភា កំពុង​ជាប់ពន្ធនាគារ ឈ្មោះ ម៉ម សិលា ហៅ វីន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​ប្តី​របស់​ឈ្មោះ ព្រាប សិរី​សុភា នៅក្រៅ​ឃុំ និង​ឈ្មោះ ពេជ្រ សុ​ភី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​របស់​ឈ្មោះ សិរី សុភា និង​ជា​ប្រពន្ធ​របស់លោក ព្រាប មុនី ជា​ចៅសង្កាត់​ព្រែកលៀប កំពុងមាន​ដីកាចាប់ខ្លួន​ពី​តុលាការ​។ 

​    ​ជនជាប់ចោទ ទាំង​៣​នាក់ ត្រូវបាន​លោក​ព្រះរាជអាជ្ញារង គុជ គីម​ឡុង ចោទប្រកាន់​ពីបទ ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន តាម​បញ្ញត្តិ​មាត្រា​៣៧៧ និង​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង ប្រព្រឹត្ត​ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ខែកញ្ញា ខែវិច្ឆិកា ខែតុលា និង​ខែធ្នូ ឆ្នាំ​២០១២៕

​កូនស្រី​ចៅសង្កាត់​ព្រែកលៀប​សារភាព​ឆបោក​ប្រាក់​៨២​ម៉ឺន​ដុល្លារ