​អ្នកស្រុក​មានទំនាស់​ដី​ធ្លី​នៅ​ខេត្តកោះកុង​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា

​រាជធានី​ភ្នំពេញ​៖​តំណាង​ប្រជាពលរដ្ឋ មកពី​ស្រុក​បទុម​សាគរ និង​គិរីសាគរ ខេត្តកោះកុង ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូ​ញៀន បានដាក់​ញត្តិ​នៅ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ជាថ្មី​ម្តងទៀត​កាលពី​ថ្ងៃ ម្សិលមិញ​ដោយ​ទទូច​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​សម្តេច ហ៊ុន សែន ឲ្យ​ដោះស្រាយ​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​ជូន​ពួកគាត់ និង​ឈប់​ឲ្យ​តំណាង​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ចេញមុខ​ដោះស្រាយ​ឲ្យ​ក្រុមហ៊ុន​នេះ​ទៀត​។ 

​    ​តាម​ញត្តិ​របស់​ប្រជាពលរដ្ឋ​ចំនួន ៥ ភូមិ​ដែល​យកមក​ដាក់​ដាក់ជូន​រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​បញ្ជាក់ថា​កន្លងមក​រដ្ឋសភា និង​មន្ត្រី​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់ជាតិ​បាន​ចុះទៅពិនិត្យ​ដោយផ្ទាល់ និង​បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​ជម្លោះដីធ្លី​ដែលមាន​ទំនាស់​ជិត ៧ ឆ្នាំ​ប៉ុន្តែ​ក្រុមហ៊ុន​យូ​ញៀន​នៅតែ​បន្តធ្វើ​សកម្មភាព​ឈូសឆាយ និង​បានដាក់​ម៉ាស៊ីន​ខួង​ដី​ក្នុង​បំណង​សាងសង់​អគារ​ធំៗ​បន្ថែមទៀត​។ 

​    ​ដូច្នេះ ពួកគាត់​ស្នើសុំ​ឲ្យ​រដ្ឋសភា​ជួយ​អន្តរាគមន៍​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយ​ដោះស្រាយ​កាត់​ឆ្វៀល​ដី ១០០១ ហិកតា​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​វិញ និង​ឈប់​ឲ្យ​តំណាង​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ចេញមុខ​រក​ដំណោះស្រាយ​ជួយ​ដល់​ក្រុមហ៊ុន​ទៀត​ព្រោះ​ពួកគាត់​ពុំ​អាច​ទទួលយក ការដោះដូរ​ទីតាំង​ថ្មី​បានឡើយ​។ 

​    ​គួ រម្លឹកថា កាលពី​ខែឧសភា​ឆ្នាំ ២០១៥ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​សន្យា​ដោះស្រាយ​ជម្លោះដីធ្លី​នេះ​ឲ្យ​មាន តម្លាភាព និង​យុត្តិធម៌​ក្រោយពី​រដ្ឋសភា​បាន​កោះហៅ​លោក​ទៅ​បំភ្លឺ​ហើយ​ស្នើ​ឲ្យ ពិនិត្យ​ដំណោះស្រាយ​មួយចំនួន និង​ស៊ើបអង្កេត​លើ​ករណី​កើតមាន​អំពើពុករលួយ​នៅក្នុង​ការដោះស្រាយ​ផលប៉ះពាល់ នាពេល​កន្លងមក​។ 

​    ​ក្រុមហ៊ុន ចិន​យូ​ញៀន​ទទួលបាន​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល​ចំនួន ៣៦០០០ ហិកតា​នៅ​ស្រុក​គិរីសាគរ និង​បទុម​សាគរ​ដើម្បី​រៀបចំ​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ប៉ុន្តែ​ដី​ទាំងនោះ នៅ​កំពុង​បន្ត​មាន​ជម្លោះ​តាំងពី​ឆ្នាំ ២០០៨ មក​មិនទាន់​ដោះស្រាយ​ដាច់ស្រេច​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់ ដីធ្លី និង​ផ្ទះសម្បែង​នៅ​ទីនោះ​នៅឡើយ​៕

​អ្នកស្រុក​មានទំនាស់​ដី​ធ្លី​នៅ​ខេត្តកោះកុង​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា