ចាន់ ប៊ុ​ន​ហឿ​ន និង​លួ​ន សុខ​ខេ​ង ឡើង​កាលី​ប​ប៉ះ​ថៃ​លើ​រេញ​ប្លេ​ក​ខេត

រាជធានី​ភ្នំពេញ ៖ ជា​ការ​កត់សម្គាល់​គេ​កម្រ​ឃើញ​ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​ប្លេ​ក​ខេត​» ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​វ័យក្មេង និង​កីឡាករ​បាត់​សកម្មភាព​យូរ​ឡើង​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​របស់​ខ្លួន​ណាស់ ដោយសារ​តែ​ព្រឹត្តិការណ៍​នេះ មាន​តែ​វត្តមាន​កីឡាករ​ល្បី​លំដាប់​ជួរ​មុខ​ប៉ុណ្ណោះ​ដែល​ចាំ​ស្វាគមន៍​កីឡាករ​បរទេស ។ អ៊ីចឹង​ហើយ​ទើប​ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ចាន់ ប៊ុ​ន​ហឿ​ន ដែល​មនុស្ស​ភាគច្រើន​មិនសូវ​ស្គាល់​ថ្វីដៃ និង​កីឡាករ​លួ​ន សុខ​ខេ​ង ដែល​ក្នុង​ពិភព​ប្រដាល់​ចង់​ភ្លេច​ស្នាដៃ​អស់​ទៅ​ហើយ ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ថ្ងៃស្អែក ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង ។

គ្មាន​អ្នក​ណា​មិន​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​កីឡាករ​វ័យក្មេង​ចាន់ ប៊ុ​ន​ហឿ​ន សិស្ស​គុន​ប្រចាំ​ក្លិប​និរោធ​មាន​ជ័យ ស្រាប់តែ​ឡើង​កាលី​ប​បាន​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​ពេល​យប់​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ Black Cat ។ ការ​ចាប់អារម្មណ៍​ទាំងនេះ​កាន់តែ​មាន​កម្រិត​កើន​ខ្ពស់​ទៅ​ទៀត បន្ទាប់​ពី​គេ​ត្រូវ​ឲ្យ​ឡើង​ប្រកួត​គូ​ឯក ហើយ​ប៉ះ​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ យ៉​ត ស៊ី​ង ដែល​មាន​ថ្វីដៃ​វាយ​ផ្ដួល​កីឡាករ​កម្ពុជា​ច្រើន​នាក់​ឲ្យ​ដួល​ផ្ងារជើង​រួច​មក​ហើយ ។ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ក្នុង​ការ​ប្រដាល់​ចាប់ពី​ម៉ោង​៨​យប់តទៅ​នា​ថ្ងៃអាទិត្យ​ទី​១៥ វិច្ឆិកា ស្អែក​នេះ ក្នុង​តំណែង​ជា​គូ​ឯក ។ គេ​មិនដឹង​ថា​កម្រិត​វាយ​ប្រយុទ្ធ​របស់​កីឡាករ​កម្ពុជា នៅ​ពេល​ប៉ះ​ជាមួយ​កីឡាករ​យ៉​ត ស៊ី​ង តើ​នឹង​អាច​ខ្លាំងក្លា ឬ​ជួប​លទ្ធផល​មិន​ដូច​បំណង​យ៉ាងណា​នោះ​ទេ ។ ប៉ុន្តែ​យោង​តាម​អ្វី​ដែល​គេ​បាន​បង្ហាញ​សមត្ថ​ភាព​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​កន្លង​មក គឺ​ថ្វី​ត្បិត​ក្មេងខ្ចី​បទ​ពិសោធន៍​បន្តិច​មែន​ក៏​កម្រិត​វាយលុក​របស់​គេ​មិនធម្មតា​ដែរ ។ ទោះបី​យ៉ាងណា មិន​មាន​អ្នកគាំទ្រ​ច្រើន​ទេ​ដែល​យល់​ឃើញ​បែប​នេះ ដោយសារ​តែ​ពេល​កន្លង​មក​កីឡាករ​រូប​នេះ​មិន​ធ្លាប់​បង្ហាញខ្លួន​ក្នុង​នាម​ជា​គូ​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ ម្យ៉ាង​ដៃគូ​របស់​គេ គឺជា​កីឡាករ​យ៉​ត ស៊ី​ង ដែល​មាន​សមត្ថភាព​រស់​រវើក​ទាំង​ដៃ​ទាំង​ជើង ទើប​គេ​ពិបាក​ប៉ាន់​ស្មានថា​ទៅ​រួច​ឬ​អត់?ចាន់ ប៊ុ​ន​ហឿ​ន ធ្លាប់​ប្រកួត​ពិតប្រាកដ​៤១​លើក ឈ្នះ​៣៦​លើក និង​ចាញ់​៥​លើក ហើយ​បើ​ធៀប​ជាមួយ​កីឡាករ​យ៉​ត ស៊ី​ង គេ​ធ្លាប់​ប្រកួត​ច្រើន​ជាង ។ ជាក់ស្ដែង​មិន​ទាន់​រាប់​បញ្ចូល​ការ​ឡើង​ប្រដាល់​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​ថៃ កីឡាករ​រូប​នេះ​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​៦៧​លើក​ទៅ​ហើយ ដោយ​ក្នុង​នោះ​តួលេខ​ឈ្នះ​៥៧​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក ។
 
គូ​អន្តរជាតិ​១​គូ​ទៀត កីឡាករ​លួ​ន សុខ​ខេ​ង មក​ពី​ក្លិប​អាស៊ី​កីឡា នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ស៊ុប ភើ​ឆៃ ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។ កីឡាករ​ទាំង​ពីរ​សុទ្ធតែ​មាន​អ្នក​ស្គាល់​ថ្វីដៃ​ទាំងអស់ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​នៅ​ពេល​ប៉ះ​គ្នា តើ​នឹង​មាន​លទ្ធផល​បែប​ណា​នោះ​ទេ ។ នោះ​គឺ​ដោយសារ​តែ​លួ​ន សុខ​ខេ​ង បន្ទាប់​ពី​បាត់​មុខ​យូរ មិនដឹង​ថា​ថ្វីដៃ​នៅ​ដដែល ឬ​ប្រែប្រួល ហើយ​កីឡាករ​ថៃ​ដែល​ពេល​ខ្លះ​ក៏​ល្អ​ដាច់ និង​ពេល​ខ្លះ​ក៏​បាក់មុខ​នៅ​លើ​សង្វៀន​អន្តរជាតិ តើ​នឹង​ជួប​លទ្ធផល​បែប​ណា​។ គូ​នេះ​ក្រុម​អ្នក​ចាំ​តាមដាន​មិន​ហ៊ាន​ព្យាករណ៍​នោះ​ទេ ប៉ុន្តែ​បើ​ងាក​ទៅ​កាន់​ប្រមាណ​២​ឆ្នាំ​មុន គេ​ជឿ​១០០%​ថា​កីឡាករ​ស៊ុប​ភើ ឆៃ មិនមែន​ជា​ដៃគូ​របស់​លួ​ន សុខ​ខេ​ង នោះ​ឡើយ ។ លួ​ន សុខ​ខេ​ង ធ្លាប់​ប្រកួត​ផ្លូវការ​ចំនួន​៧៩​លើក ឈ្នះ​៦៤​លើក ចាញ់​១៤​លើក និង​ស្មើ​១​លើក ដោយ​មិន​រាប់​បញ្ចូល​ការ​ប្រកួត​មិន​ផ្លូវការ​ដែល​គេ​បានដឹង​រាប់​មិន​អស់​នៅឡើយ​ទេ ។ ចំណែក​កីឡាករ​ស៊ុប​ភើ​ឆៃ ធ្លាប់​ប្រកួត​៩១​លើក ឈ្នះ​៨០​លើក និង​ចាញ់​១១​លើក ដែល​មាន​ន័យ​ថា​បទ​ពិសោធន៍​ផ្លូវការ​ក្រាស់​ជាង ។

នៅ​ថ្ងៃអាទិត្យ​នោះ​ដែរ ប៉ុន្តែ​ពេល​ព្រឹក នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​របស់​ស្រា​បៀរ Ganzburge ក៏​មានការ​ប្រកួត​អន្តរជាតិ​ចំនួន​៣​គូ​ផង​ដែរ ។ កីឡាករ​ម៉​ន វិ​រៈ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ដែល​ធ្លាប់​ប្រកួត​១៣១​លើក ឈ្នះ​១១៩​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផុ​ន សាវ៉ា​ត់ ដែល​ធ្លាប់​ប្រកួត​៧០​លើក ឈ្នះ​៦៦​លើក និង​ចាញ់​៤​លើក ។ កីឡាករ​បាត់​មុខ​យូរ​មាស ភារ​ម្យ មក​ពី​ក្លិប​កងទ័ពជើងទឹក ដែល​ធ្លាប់​ប្រកួត​បាន​៦០​លើក ឈ្នះ​៤៥​លើក ចាញ់​១៣​លើក និង​ស្មើ​២​លើក ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឈុ​ន តាក់ ដែល​ធ្លាប់​ប្រកួត​បាន​៤១​លើក ឈ្នះ​៣០​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក និង​គូ​ចុង​ក្រោយ​គឺ​កីឡាករ​សា​រឿ​ន ច័ន្ទ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ដែល​ធ្លាប់​ប្រកួត​បាន​៦៩​លើក ឈ្នះ​៦០​លើក ចាញ់​៨​លើក និង​ស្មើ​១​លើក នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ
ភេ​ច ណា​ក់​រ៉​ង ដែល​ធ្លាប់​ប្រកួត​បាន​៥៨​លើក ឈ្នះ​៥១​លើក និង​ចាញ់​៧​លើក ៕