អាមេរិក​នៅតែ​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

ចិន​៖​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក B-៥២ ចំនួន​ពីរ​គ្រឿង​បាន​ហោះ​ជិត​កោះ​សិប្បនិម្មិត​របស់​ប្រទេស​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​សប្ដាហ៍​នេះ ហើយ​ត្រូវបាន​ទាក់ទង​ដោយ​ឧបករណ៍​ត្រួតពិនិត្យ​ពី​ដី​របស់​ចិន ប៉ុន្តែ​បាន​បន្ត​បេសកកម្ម​របស់ខ្លួន​ដោយ​មិន​បង្អាក់​។ 

​    ​ការ​ល្បាត​នាពេល​ចុងក្រោយ​បំផុត​របស់​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​នេះ​បាន​កើតឡើង​មុនពេល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​នោះ​របស់លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​លោក​ត្រូវបាន​គេ​រំពឹងថា​នឹង​លើកឡើង​ពី​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​របស់​ក្រុង​វ៉ាស៊ីនតោន​នៅ​តំបន់​នោះ​។ 

​    ​លោក​មេបញ្ជាការ Bill Urban អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា នៅក្នុង​បេសកកម្ម​ចុងក្រោយ​បំផុត​ដែល​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី ៨-៩ ខែវិច្ឆិកា​នេះ យន្តហោះ​ទម្លាក់​គ្រាប់បែក​បាន​ហោះ​នៅក្នុង​តំបន់​នេះ​នៃ​ប្រជុំ​កោះ Spratly ប៉ុន្តែ​មិនបាន​ចូល​នៅក្នុង​តំបន់​១២​ម៉ា​ល​ដែល​ប្រទេស​ចិន​បាន​អះអាងថា​ជា ទឹកដី​នៅ​ជុំវិញ​កោះ​នោះទេ​។​

​     លោក Peter Cook អ្នកនាំពាក្យ​ម្នាក់ទៀត​របស់​មន្ទីរ​ប​ញ្ច​កោណ​បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​យើង​បានធ្វើ​ការហោះហើរ​យន្តហោះ B-52 នៅក្នុង​លំហ​អាកាស​អន្តរជាតិ​នៅក្នុង​ផ្នែក​មួយ​របស់​ពិភពលោក​នេះ​នៅ​គ្រប់ពេលវេលា​។​” កាលពី​ខែ​មុន នាវាចម្បាំង​អាមេរិក​បានធ្វើ​នាវាចរណ៍​នៅ​ជុំវិញ​កោះ​សប្ប​និមិត្ត​មួយ​ក្នុងចំណោម​ប្រជុំ​កោះ Spratly ដែល​ទាមទារ​ដោយ​ប្រទេស​ចិន ខណៈដែល​អាមេរិក​បាន​ហៅ​វា​ថា​ជា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​។ ទង្វើ​នេះ​បានធ្វើ​ឲ្យ​ប្រទេស​ចិន​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​។​    ​

​    ​គួរ​បញ្ជាក់ថា ដំបូង​លោក​អូ​បា​ម៉ា​នឹងត្រូវ​ឈប់​នៅក្នុង​ទីក្រុង​ម៉ានីល​សម្រាប់​កិច្ចប្រជុំ​កំពូល APEC កន្លែង​ដែល​លោក​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង ក៏​នឹងមាន​វត្តមាន​ផងដែរ​។ បន្ទាប់មក​ប្រធានាធិបតី​អាមេរិក​រូបនេះ​នឹង​បន្តដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង គូ​ឡា​ឡាំ​ពួរ សម្រាប់​កិច្ចប្រជុំ​កំពូល អាស៊ាន និង​អាស៊ី​ខាងកើត​៕ 

អាមេរិក​នៅតែ​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​