លោកអភិបាល ខណ្ឌដង្កោ ចុះចែក អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនពលរដ្ឋ ក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក

ភ្នំពេញ ៖ កាលពីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌ ដង្កោ រួមជាមួយ លោកអធិការ នគរបាលខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ មន្ត្រីរាជការជុំវិញខណ្ឌ និងយុវជនខណ្ឌ បានចុះចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គម្រូថ្មី និងពិនិត្យមើល ការបូមទឹកជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះ សំណាល សួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ។

លោកអភិបាលខណ្ឌ បានធ្វើការ សាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អំពីជីវភាពរស់នៅ និងបញ្ហា ប្រឈមក្នុងមូលដ្ឋាននានា ព្រមទាំងបានលើកឡើង អំពីការអភិវឌ្ឍរីកចម្រើន របស់មូលដ្ឋាន ។ ជាមួយគ្នានេះ លោកអភិបាល បានលើកឡើង អំពីការចុះចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុង ឱកាសនេះ គឺស្របពេលដែល សាលារាជធានីភ្នំពេញ និងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានជំរុញឲ្យ អាជ្ញាធរមូលដ្ឋាន នគរបាលខណ្ឌ និងប៉ុស្តិ៍ ឲ្យចុះចែកអត្តសញ្ញាណប័ណ្ណ របស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដោយ ផ្ទាល់ ដើម្បីឲ្យផ្តល់ភាពងាយស្រួល ជូនដល់ប្រជាពលរដ្ឋ និងចំណេញពេលវេលា ។

ជាមួយគ្នានោះផងដែរ លោក នុត ពុធដារ៉ា ក៏បានធ្វើការផ្តាំផ្ញើ ដល់សង្កាត់ និងប៉ុស្តិ៍ ទាំងអស់ក្នុងខណ្ឌ បន្តធ្វើការ ងារនេះ ឲ្យបានជាប់ជានិច្ច និងជំរុញការចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យដល់ខ្នងផ្ទះរបស់ ពួកគាត់ និងឲ្យបានលឿន ដើម្បីពួកគាត់ឆាប់បានយកទៅប្រើប្រាស់ ។

គួរបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដែលស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានទម្លាក់មក ដល់អធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីចែកជូនប្រជាពលរដ្ឋ មានចំនួនសរុប ៣៦៦០សន្លឹក ដោយឡែក ក្នុង សង្កាត់ពងទឹក មានចំនួន ៥២៧សន្លឹក ហើយចៅសង្កាត់ នាយប៉ុស្តិ៍ និងមេភូមិ នឹងធ្វើការចែកជូនជាបន្តបន្ទាប់ជូន ដល់ប្រជាពលរដ្ឋ ៕