គ្រូបង្វឹក​អៀរឡង់​ត្រូវ​ឈឺ​ក្បាល​ដាក់​កីឡាករ​លេង​ ពេល​​​ជួប បូស្នី

គ្រូបង្វឹក​បាល់​ទាត់​ជម្រើស​ជាតិ សាធារណរដ្ឋ​អៀរ​ឡង់ លោក Martin O’Neill នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Zenica នៅ​មុន​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​​ក្រុម​ បូស៊្នី វិញ​ក្នុង​ទីក្រុង Dublin នៅថ្ងៃ​ចន្ទ​ក្រោយ ស្រប​ពេល​ដែល​​កៅអី​មួយ​ក្នុង​ប្រទេស​បារាំង​នៅ​រដូវ​ក្តៅ​ក្រោយ ​កំពុង​តែ​បើក​ចំហ​ឲ្យ​ដណ្តើម​យក ប៉ុន្តែ ការ​ជាប់​ពិន័យ​ព្យួរ និង​បញ្ហា​របួស​របស់​កីឡាករ​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​ចាត់​ការ​ទូទៅ​របស់​អៀរឡង់​ រូប​នេះ​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​គិត។

Irland

លោក O’Neill ដែល​ត្រូវ​តែ​លេង​ដោយ​គ្មាន​វត្ត​មាន​ខ្សែ​ប្រយុទ្ធ​ជាប់​ពិន័យ​ព្យួរ Jona-than Walters និង​ខ្សែ​ការពារ John O’Shea ក៏​ដូច​ជា​អ្នក​ចាំ​ទី Shay Given និង Rob Elliot ដោយ​សារ​តែ​បញ្ហា​របួស​នោះ បាន​ឲ្យ​ដឹង​ថា៖ «យើង​មិន​ត្រូវ​ធ្វើឲ្យ​មាន​កំហុស​ឡើយ ហើយ​ការ​ប្រកួត​នេះ​នឹង​មាន​ការ​លំបាក ប៉ុន្តែ អ្នក​មិន​ត្រូវ​រំពឹង​ទុក​ថា នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ងាយ​ស្រួល​មួយ​ក្នុង​វគ្គ Playoff នេះ​ឡើយ​»។

ក្រុម បាល់​ទាត់​ជម្រើស​ជាតិ សាធារណរដ្ឋ​អៀរ​ឡង់ សង្ឃឹម​ថា អាច​គេច​ផុត​ពី​ការ​ខក​ចិត្ត​ពី​ជើង​ទី ១ នៃ​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ ២០១៦ វគ្គ Playoff នៅ​លើ​ទឹក​ដី​ក្រុម​ជម្រើស​ជាតិ​បូស្ន៊ី នៅ​រាត្រី​នេះ។

ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Southampton គឺ Shane Long ដែល​ជា​អ្នក​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ពេល​ក្រុម​ខ្លួន​ឈ្នះ ១-០ លើ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ កាល​ពី​ខែ​មុន​នោះ ក៏​នឹង​ត្រូវ​អវត្ត​មាន​ក្នុង​ការ​ប្រកួត​ជើង​ទី ១ ផង​ដែរ​ដោយ​សារតែ​បញ្ហា​របួស​ក​ជើង។

បូស៊្នី នឹង​លេង​ដោយ​គ្មាន​ខ្សែ​បម្រើ Muhamed Besic របស់​ក្លិប Everton សម្រាប់​ការ​ប្រកួតជើងទី ១ ខណៈដែល​អ្នកចាំទី Asmir Begovic របស់​ក្លិប Chelsea និង​កីឡាករ ២ នាក់​របស់​ក្លិប Roma គឺ Miralem Pjanic និង Edin Dzeko សុទ្ធ​សឹងទទួលបាន​កាត​លឿង​មួយ​រួច​ជាស្រេច៕