តុលាការ នៅ​ថ្ងៃទី​១៣​វិច្ឆិកា​នេះ បានចេញ​ដីកាចាប់ខ្លួន​លោក​សមរង្ស៊ី ក្នុង​សំណុំ​រឿងក្តី​ជាមួយ​លោក​ហោ​ណាំហុង កាលពី​ឆ្នាំ​២០០៨

ភ្នំពេញ: ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើ​ម្ប​យកមកអនុវត្ត​ទោស​នៅ​ពន្ធនាគារ ពាក់ព័ន្ធ​ករណី​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០០៨ នៅ​សារមន្ទីរ​ជើងឯក​។​
​    ​
ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ គឺ​ខណៈពេលដែល​លោក​សម រង្ស៊ី កំពុងតែ​ស្ថិតនៅ​ក្រៅប្រទេស​។​

​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ចុះហត្ថលេខា​ដោយ​លោក ស៊ឺ វណ្ណ​នី តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា លោក​សមរង្ស៊ី ជាប់ចោទ​ក្នុង​សំណុំ​រឿងក្តី​ជាមួយនឹង​លោក​ហោ​ណាំហុង រដ្ឋមន្ត្រីការបរទេស កាលពី​ឆ្នាំ​២០០៨​។ នោះ​គឺ​លោក​សមរង្ស៊ី លើកឡើងថា លោក​ហោ​ណាំហុង ជា​ប្រធាន​គុក​បឹងត្របែក នៅ​សម័យ​ខ្មែរក្រហម​។ សំណុំរឿង​ក្តី​នោះ ត្រូវបាន​តុលាការ សម្រេច​ផ្តន្ទាទោស​លោក​សមរង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨ លាន​រៀល​។

សំណុំរឿង​ក្តី​នេះ ក៏​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ ដាំ សិ​ដ្ឋ ចាង​ហ្វា​យ​កាសែត​មនសិការ​ខ្មែរ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ដាំ សិ​ដ្ឋ កាលណោះ ក៏បាន​ជាប់ពន្ធនាគារ ដោយសារតែ​ការចុះផ្សាយ​នូវ​ប្រសាសន៍​របស់លោក​សមរង្ស៊ី​។ តែ​ក្រោយមក ក៏មាន​ការសម្រុះសម្រួល ដោះលែង​លោក​ដាំ​សិ​ដ្ឋ ពី​ពន្ធនាគារ​ផងដែរ​៕​

តុលាការ នៅ​ថ្ងៃទី​១៣​វិច្ឆិកា​នេះ បានចេញ​ដីកាចាប់ខ្លួន​លោក​សមរង្ស៊ី ក្នុង​សំណុំ​រឿងក្តី​ជាមួយ​លោក​ហោ​ណាំហុង កាលពី​ឆ្នាំ​២០០៨