មន្ត្រី​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​កោះកុង​បើក​បន​ល្បែង​ផ្គើន​អនុសាសន៍​សម្តេច​តេ​ជោ

ខេត្តកោះកុង ៖ កាលពី​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុសាសន៍​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន និង​ជន​ពិការ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តា​កែន​កោះ​ស្លា និង​ជា​ថ្ងៃ​បើក​បវេសនកាល​ថ្មី​សម្រាប់​ឆ្នាំ​សិក្សា​២០១៥-២០១៦ ដោយ​បាន​ព្រមាន​ថា «​មន្ត្រីរាជការ​ទាំងអស់​ដែល​ញៀន​ល្បែងស៊ីសង ត្រូវ​ដកខ្លួន​ជា​បន្ទាន់​» ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ នៅ​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៥ នេះ​ដែរ បន​ល្បែង​ជល់​មាន់ យូគី និង​អាប៉ោង ក៏​បាន​បើក​ឲ្យ​ដំណើរការ​ដែរ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​សួនសត្វ​កោះកុង ក្នុងភូមិ​សាស្ត្រ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

បន​ល្បែង​ជល់​មាន់ យូគី និង​អាប៉ោង​មួយ​នេះ ត្រូវ​បាន​មន្ត្រីរាជការ​ខេត្តកោះកុង​រាប់​សិប​នាក់​ដែល​ញៀន​នឹង​ល្បែង​ខាងលើ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ម្ចាស់​បន​ល្បែង​នេះ​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​កោះកុង​ទាំង​២​នាក់​ប្តី​ប្រពន្ធ ។ ប្រភព​ដដែល​បាន​និយាយ​ថា ម្ចាស់​បន​ល្បែង​ត្រូវ​បាន​ជួល​ដី​ទីតាំង​បន​ប្រជល់​មាន់ យូគី និង​អាប៉ោង​នេះ​ក្នុង​តម្លៃ​ប្រមាណ​៣០​លាន​រៀល​ក្នុង​មួយ​ខែ គឺ​១​លាន​រៀល​ក្នុង​១​ថ្ងៃ និង​ត្រូវ​ចំណាយ​សាងសង់​សង្វៀន​ជល់​មាន់ តុ​សម្រាប់​ភ្ញៀវ​ចាក់​យូគី ចាក់​អាប៉ោង អស់​រាប់​សិប​ម៉ឺន​ដុល្លារ​ទៀត​ពី​ម្ចាស់​សួនសត្វ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា បន​ល្បែង​មួយ​នេះ​ត្រូវ​បាន​បើកទ្វារ​ចំ​ថ្ងៃ​ដែល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​អនុសាសន៍​ឲ្យ​មន្ត្រីរាជការ​ដកខ្លួន​ចេញពី​បន​ល្បែង ។

តាម​ប្រភព​ពី​ប៉ូលិស​កងរាជអាវុធហត្ថ​បាន​បង្ហើប​ប្រាប់ «​កោះសន្តិភាព​» ថា បន​ល្បែង​ខាងលើ​បាន​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ប៉ុន្តែ​បន​ល្បែង​ខាងលើ​ស្ថិត​នៅ​ក្នុង​សួនសត្វ​កោះកុង ពុំ​មែន​នៅ​ក្នុង​កាស៊ីណូ​កោះកុង​ឡើយ ហើយ​ប្រភព​ដដែល​និយាយ​ទៀត​ថា បន​ល្បែង​ខាងលើ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ចូល​ទៅ​លេង​ទេ ភាគច្រើន​ជា​មន្ត្រីរាជការ និង​អ្នក​ប្រកប​មុខ​ជំនួញ​ធំ​ៗ ។

លោក​វរសេនីយ៍ឯក តាំង ឈុ​ន​ស្រេង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់ «​កោះសន្តិភាព​» តាម​ទូរស័ព្ទ​ថា បើ​បន​ល្បែង​នេះ​នៅ​ក្នុង​ទឹកដី​កាស៊ីណូ សមត្ថកិច្ច​អត់​ហ៊ាន​បង្ក្រាប​ទេ ព្រោះ​កាស៊ីណូ​គេ​អាច​លេងល្បែង​គ្រប់​ប្រភេទ តែ​បន​ល្បែង​ខាងលើ​នេះ​នៅ​ក្នុង​បរិវេណ​សួនសត្វ​កោះកុង ហើយ​ជា​ល្បែង​ពា​លា​អាវ៉ាសែ​ទៀត​ផង នៅ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ ៕